ភ័ស្តុតាងជាសាកលបង្ហាញថា ការប្រើចក្ខុវិស័យយេនឌ័រក្នុងការរចនាគោលនយោបាយ ផលិតផល និង សេវាកម្មហិរញ្ញវត្ថុអាចជំរុញឲ្យមានបរិយាបន្នហិរញ្ញវត្ថុសម្រាប់ស្ត្រី និងការចូលរួមក្នុងសកម្មភាពសេដ្ឋកិច្ច។ ដើម្បីជំរុញការពង្រឹងអំណាចសេដ្ឋកិច្ចរបស់ស្ត្រីតាមរយៈបរិយាបន្នហិរញ្ញវត្ថុ Women’s World Banking (WWB) រួមជាមួយធនាគារ វីង (ខេមបូឌា) ម.ក បានរៀបចំការជួបជុំ និយតករ អ្នកផ្តល់សេវាហិរញ្ញវត្ថុ និងអ្នកភាគីពាក់ព័ន្ធប្រមាណជា 40 នាក់ នៅថ្ងៃពុធ ទី 7 ខែធ្នូ ឆ្នាំ 2022 នៅ សណ្ឋាគារ Hyatt Regency ក្នុងទីក្រុងភ្នំពេញ ប្រទេសកម្ពុជា។
Women's World Banking ដែលជាអង្គការអន្តរជាតិមិនរកប្រាក់ចំណេញ មានបទពិសោធន៍ជាង 40 ឆ្នាំក្នុងការរចនាដំណោះស្រាយជាមួយអ្នកផ្តល់សេវាហិរញ្ញវត្ថុ ដើម្បីឈានចូលទីផ្សារស្ត្រីដែលមានប្រាក់ចំណូលទាបដោយប្រើវិធីសាស្រ្តរចនាដែលផ្តោតលើស្ត្រី។ ព្រឹត្តិការណ៍សម្ពោធនេះបានរំលេចចេញនូវការសិក្សា និងអនុសាសន៍ពីការងាររបស់ Women's World Banking ជាមួយអ្នកផ្តល់សេវាហិរញ្ញវត្ថុនានាក្នុងប្រទេសកម្ពុជាក្នុងរយៈពេល 2 ឆ្នាំចុងក្រោយនេះ ដែលរួមមាន៖ ធនាគារ វីង និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ជាដើម។ កម្មវិធីនេះក៏មានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួង ស្ថាប័នសំខាន់ៗរបស់រាជរដ្ឋាភិបាល ធនាគារពាណិជ្ជ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលទទួលប្រាក់បញ្ញើ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សមាគមឧស្សាហកម្មនានា និងអង្គការមិនរកប្រាក់ចំណេញផ្សេងដទៃទៀតនៅកម្ពុជា។
ធនាគារ វីង បានឈានមុខគេក្នុងការជំរុញបរិយាបន្នហិរញ្ញវត្ថុ យេនឌ័រ និងឌីជីថលនៅក្នុងប្រទេសកម្ពុជា ដោយមានកម្មកររោងចក្រជាច្រើនទទួលបានប្រាក់ខែតាមរយៈគណនីធនាគារវីងរបស់ពួកគេ។ គម្រោងដែល Women’s World Banking កំពុងដំណើរការជាមួយធនាគារ វីង គឺការកំណត់នូវឧបសគ្គផ្សេងៗដែលកម្មការិនីរោងចក្រជួបប្រទះក្នុងការទទួលបាន និងប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ។ ការទទួលបានសេវាហិរញ្ញវត្ថុគ្រាន់តែជាការចាប់ផ្តើមនៃដំណើរហិរញ្ញវត្ថុរបស់ស្ត្រីប៉ុណ្ណោះ ហើយជំហានបន្ទាប់គឺការបង្កើនការប្រើប្រាស់ផលិតផល និងសេវាកម្មហិរញ្ញវត្ថុ។ លោក Manu Rajan អគ្គនាយកនៃក្រុមហ៊ុន វីង បានមានប្រសាសន៍ថា៖ "វាគួរឲ្យភ្ញាក់ផ្អើលណាស់ដែលចំនួនស្ត្រីប្រើប្រាស់កម្មវិធីធនាគារតាមទូរស័ព្ទនៅមានទាបបើប្រៀបធៀបទៅនឹងបុរសដែលប្រហែលជាបណ្តាលមកពីការខ្វះទំនុកចិត្តក្នុងការប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុឌីជីថល សូម្បីតែបន្ទាប់ពីពួកគាត់អាចប្រើប្រាស់បានក៏ដោយ" ។ លោកបានកត់សម្គាល់ថា ស្ត្រីអាចមានភាពងាយស្រួលក្នុងការសួរសំណួរដោយផ្ទាល់ទៅកាន់ភ្នាក់ងាររបស់វីង ដែលមានវត្តមានច្រើនកន្លែង ហើយភាគច្រើនជាស្ត្រី ដោយចូលចិត្តនិយាយទៅកាន់ពួកគេនៅពេលពួកគេមានបញ្ហាក្នុងការធ្វើប្រតិបត្តិការ ឬនៅពេលដែលពួកគេមានសំណួរផ្សេងៗអំពីផលិតផល និងសេវាកម្មរបស់វីង។
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បច្ចុប្បន្នកំពុងធ្វើការជាមួយ Women's World Banking លើគម្រោងមួយដើម្បីទាក់ទាញអតិថិជនជាស្ត្រីវ័យក្មេងឲ្យកាន់តែច្រើនជាងអតិថិជនអាយុច្រើននៅតាមជនបទ។ លោក គា បូរាណ ប្រធាននាយកប្រតិបត្តិ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី បានមានប្រសាសន៍ថា៖ "ជាលទ្ធផលនៃការធ្វើការជាមួយ Women's World Banking អេ អឹម ខេ កំពុងសម្លឹងមើលឲ្យកាន់តែដិតដល់ក្នុងការកំណត់អត្តសញ្ញាណករណីប្រើប្រាស់សំខាន់ៗ ដើម្បីទាក់ទាញអតិថិជនស្ត្រីថ្មីៗ និងធានាថាឧបសគ្គដែលស្ត្រីប្រឈមមុខក្នុងការប្រើប្រាស់សេវាហិរញ្ញវត្ថុតាមផ្លូវការត្រូវបានកំណត់ ហើយ វិធានការនានាត្រូវបានអនុវត្តដើម្បីឲ្យដំណើរអតិថិជនរបស់ស្ត្រីកាន់តែប្រសើរឡើង។” លោកសង្ឃឹមទៀតថា ស្ត្រីអាចទទួលបានទំនុកចិត្តកាន់តែខ្លាំងជាមុនក្នុងការប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុតាមរយៈការប្រើប្រាស់បានកាន់តែទូលំទូលាយនូវផលិតផល និងសេវាកម្មរបស់ អេ អឹម ខេ។
កម្មវិធីនេះក៏មានគោលបំណងចែករំលែកការរកឃើញនូវដំណោះស្រាយនិងការស្រាវជ្រាវនៅក្នុងប្រទេសកម្ពុជាដោយក្រុមប្រឹក្សារបស់ Women’s World Bankingដើម្បីគាំទ្រដល់ការបង្កើតគោលនយោបាយមួយដែលផ្អែកលើភស្តុតាង។ ឯកឧត្តម រ័ត្ន សុវណ្ណនរៈ ឧបការីទេសាភិបាល និងជាអគ្គនាយកត្រួតពិនិត្យធនាគារជាតិនៃកម្ពុជាបានថ្លែងសុន្ទរកថាអំពីចំនុចសំខាន់ៗអំពីរបៀបដែលបរិយាបន្នហិរញ្ញវត្ថុសម្រាប់ស្ត្រីអាចកសាងផ្លូវឆ្ពោះទៅរកការពង្រឹងសេដ្ឋកិច្ច។ ឯកឧត្តម រ័ត្ន សុវណ្ណនរៈ ក៏បានចែករំលែកទិដ្ឋភាពទូទៅនៃកិច្ចខិតខំប្រឹងប្រែង និងគំនិតផ្តួចផ្តើមនានារបស់ធនាគារជាតិនៃកម្ពុជា ដើម្បីបង្កើនបរិយាបន្នហិរញ្ញវត្ថុ និងចំណេះដឹងផ្នែកហិរញ្ញវត្ថុនៅក្នុងប្រទេសជាពិសេសសម្រាប់ស្ត្រី។ លោកជំទាវ គង់ សូរីតា អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារីបានចែករំលែកអំពីសារៈសំខាន់នៃការមានចក្ខុវិស័យយេនឌ័រនៅពេលរៀបចំយុទ្ធសាស្ត្របរិយាបន្នហិរញ្ញវត្ថុសម្រាប់ស្ត្រី។
នៅក្នុងកម្មវិធីនេះក៏មានកិច្ចពិភាក្សាលើប្រធានបទ៖"គំរូល្អក្នុងការធ្វើឲ្យបរិយាបន្នហិរញ្ញវត្ថុសម្រាប់ស្ត្រីក្លាយជាមាគ៌ាឆ្ពោះទៅរកការពង្រឹងសេដ្ឋកិច្ចរបស់ស្ត្រីនៅកម្ពុជា" ដោយមានការចូលរួមពីលោក Manu Rajan អគ្គនាយកនៃក្រុមហ៊ុនវីង លោក គា បូរាណ ប្រធាននាយកប្រតិបត្តិ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី និងលោកស្រី Sabine Joukes នាយិកាអង្គការផេកប្រចាំកម្ពុជា ជាអ្នកពិភាក្សាកិត្តិយស។ ការពិភាក្សាបានសន្និដ្ឋានថា ការអនុវត្តចក្ខុវិស័យយេនឌ័រនៅពេលរចនាផលិតផល និង សេវាកម្មហិរញ្ញវត្ថុ ព្រមទាំងគោលនយោបាយនានារបស់រាជរដ្ឋាភិបាលអាចបង្កើនឱកាសសម្រាប់អ្នកផ្តល់សេវាហិរញ្ញវត្ថុដើម្បីឈានកាន់តែជិតទៅដល់អតិថិជនជាស្ត្រី ដែលនឹងនាំទៅដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងបង្កើនប្រាក់ចំណូលពីសេវាហិរញ្ញវត្ថុផងដែរ។