សេ.ដ្ឋីជើងចាស់ Bill Gates ប្រាប់អាថ៍កំបាំងធំៗ៧ ជួយឱ្យអ្នកកើនលុ.យ សល់ទ្រ.ព្យ ទាំងវ័យក្មេង
Toeuy HongFEBRUARY 10 2025633 views

មនុស្សយើងកើតមកលើផែនដីតែមួយដូចគ្នា តែមានអ្នកខ្លះរស់ធូរធារ ឯខ្លះទៀតបានត្រឹមតែមួយរស់ៗទោះប្រឹងយ៉ាងណាក៏មិនឃើញសល់ នេះក៏ដោយសារតែមានរបៀបគិតចំពោះលុយខុសគ្នា។ ពាក់ព័ន្ធនឹងរឿងនេះដែរ​មហាសេដ្ឋីអ្នកជំនាញ Bill Gates បានចែករំលែកនូវអាថ៌ច្បាប់លុយកំពូលទាំង ៧ ដែល លោកបានប្រើប្រាស់ក្នុងជីវិតប្រចាំថ្ងៃ ជួយឱ្យក្លាយជាអ្នកមាន ប្រកបដោយស្ថេរភាពហិរញ្ញវត្ថុ៖

១. ទុកលុយគិតបែបទុទិដ្ឋិនិយម វិនិយោគលុយគិតបែបសុទិដ្ឋិនិយម៖ លោក Gates តែងតែទុកដាក់លុយដោយគិតថាអាចនឹងមានបញ្ហាឥតព្រៀងទុកក្នុងរយៈពេលណាមួយ ហើយតែងតែវិនិយោគលុយទៅលើគម្រោងណាដែលអាចផ្ដល់ចំណេញនៅរយៈពេលវែង។

២. វិនិយោគលើជំនាញ និងការអប់រំ៖ ជំនាញគឺជាចំណូល មនុស្សត្រូវតែមានជំនាញមិនថាមួយឬច្រើន ហើយជំនាញទាំងនោះដាច់ខាតត្រូវតែចេះច្បាស់មិនលំៗ មិនឡេះឡោះ សាច់ការ ហូបកើត ទើបគេហៅថាជំនាញ។ ដើម្បីបានជំនាញ គឺមានតែការវិនិយោគលើការអប់រំនេះឯង។

៣. ការអត់ធ្មត់គឺសំខាន់៖ ភាពជោគជ័យឬការសម្រេចគោលដៅអ្វីមួយវាតែងតែបានមកពីការលះបង់ ការបរាជ័យ ការស៊ូទ្រាំ ជារឿងធម្មតា ហេតុនេះហើយទើបមនុស្សយើងដាច់ខាតត្រូវតែប្រកាន់ភ្ជាប់ភាពអត់ធ្មត់ទើបអាចសម្រេចគោលដៅធំបាន។

៤. រៀនពីកំហុសអ្នកដទៃ៖ មនុស្សចៀសមិនផុតពីការធ្វើខុស រៀនពីកំហុសខ្លួនឯង ហើយស្វែងយល់ពីកំហុសរបស់អ្នកដទៃ។ ការរៀនពីកំហុសអ្នកដទៃគឺចំណេញខ្លាំង ព្រោះរឿងខ្លះយើងមិនចាំបាច់ចំណាយពេលវេលា ចំណាយជីវិត ទៅសាកល្បងដោយផ្ទាល់ទេ គ្រាន់តែរៀនពីកំហុសគេ ក៏អាចជួយយើងចំណេញពេលបានច្រើនដែរ។

៥. វាស់វឌ្ឍនភាព និងគោលដៅជាប្រចាំ៖ ជីវិតត្រូវមានគោលដៅ ហើយស្របពេលដែលដើរទៅរកគោលដៅនោះ យើងត្រូវថ្លឹងថ្លែងក៏ដូចជាវាស់នូវកម្រិតភាពរីកចម្រើន សមត្ថភាពរបស់យើងជាប្រចាំ ដើម្បីប្រាកដថា យើងមិនដើរថយក្រោយ និងដឹងច្បាស់ថាយើងដល់កម្រិតណាហើយ ត្រូវបន្ថែមអ្វីខ្លះទៀត។

៦. មានបេះដូងជាអ្នកចែករំលែក៖ អ្នកមានលទ្ធភាពចិញ្ចឹមខ្លួនឯងអ្នកសប្បាយចិត្តមួយកម្រិត តែបើបានជួយអ្នកដទៃទៀត អ្នកនឹងកាន់តែសប្បាយចិត្តច្រើនថែមទៀត។ រៀនរស់នៅដោយមានបេះដូងជាអ្នកផ្ដល់ឱ្យ មានតិចផ្ដល់តាមតិច មានច្រើនផ្ដល់តាមច្រើន មិនថាផ្ដល់ជាលុយ ជាគំនិត ជាយោបល់ទេ សុទ្ធតែអាចជួយឱ្យអ្នកដទៃរីកចម្រើន ហើយក៏ជះផលល្អដល់អារម្មណ៍របស់អ្នកផ្ទាល់ដូចគ្នា។

៧. ធ្វើអ្វីមួយគិតពីផលប៉ះពាល់ធំ៖ បើជ្រុលជាសម្រេចចិត្តធ្វើអ្វីមួយ ធ្វើឱ្យវាជះឥទ្ធិពលធំទៅដល់សង្គម។ បើអ្នកចង់ចេញរកស៊ី គួររកស៊ីរបរណាដែលជួយមនុស្សបានច្រើន ជួយសង្គមជាតិឱ្យរីកចម្រើន។ ត្រូវចាំថាគោលដៅរបស់អ្នកជះឥទ្ធិពលធំប៉ុនណា វាជួយឱ្យអ្នកមានស្មារតីខំប្រឹង តស៊ូពុះពារខ្លាំងប៉ុណ្ណោះ។

 

យ៉ាងណា មនុស្សស្ទើរគ្រប់រូបប្រឹងធ្វើការ ខ្លះប្ដូរកម្លាំងកាយ ខ្លះប្ដូរកម្លាំងបញ្ហា ខ្លះធ្វើការគ្មានសៅរ៍អាទិត្យ គេងមិនគ្រប់បាយមិនទៀង ដើម្បីតែបានលុយយកមកផ្គត់ផ្គង់ជីវភាពរស់នៅ។ ប្រសិនបើអ្នកជាមនុស្សដែលមានស្មារតីប្រឹងប្រែង បន្ទាប់មកប្រកាន់ភ្ជាប់នូវច្បាប់លុយទាំង ៧ ខាងលើរបស់មហាសេដ្ឋី Bill Gates ថែមទៀត នោះអនាគតដ៏ល្អ ជីវភាពដ៏សមប្រកបកំពុងចាំផ្លូវអ្នកនៅខាងមុខហើយ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia