(សៀមរាប)៖ ធនាគារ វីង ក្រុមហ៊ុន FWD Cambodia និងសមាគមគណនេយ្យករជំនាញអន្តរជាតិ ACCA សហការរៀបចំកម្មវិធី «ដើរដើម្បីកុមារកម្ពុជា» ប្រកបដោយភាពជោគជ័យ។
កាលពីថ្មីៗកន្លងទៅនេះ ធនាគារ វីង សហការជាមួយក្រុមហ៊ុន FWD Cambodia និងសមាគមគណនេយ្យករជំនាញអន្តរជាតិ ACCA បានរៀបចំកម្មវិធី «ដើរដើម្បីកុមារកម្ពុជា» ក្នុងគោលបំណងរៃអង្គាសថវិកាប្រគល់ ជូនដល់មន្ទីរពេទ្យជ័យវ័រ្មនទី៧(មន្ទីរពេទ្យគន្ធបុប្ជាខេត្តសៀមរាប)។
កម្មវិធីនេះដែរ ចាប់ផ្តើមនៅម៉ោង ៦នាទីព្រឹក ដោយចាប់ផ្តើមដើរចេញពីមុខប្រាសាទអង្គរវត្តឆ្ពោះទៅកាន់ប្រាសាទបាយ័ន អនុញ្ញាតឲ្យអ្នកចូលរួមដើរប្រមាណជិត៥០០នាក់ គយគន់មើលថ្ងៃរះដ៏ស្រស់ស្អាតនៅតាមបណ្តាយផ្លូវដែលមានរយៈចម្ងាយប្រមាណ ៦គីឡូម៉ែត្រ។
លោក ហោ ប៊ុនថែ អគ្គនាយករង នៃធនាគារ វីង បានថ្លែងថា «ដើម្បីរួមចំណែកធ្វើឲ្យមាននិរន្តរភាពដល់ប្រតិបត្តិការរបស់មន្ទីរពេទ្យគន្ធបុប្ជា យើងមានមោទកភាពដែលបានបង្កើតកិច្ចសហការួមមួយជាមួយបណ្តាក្រុមហ៊ុន និងស្ថាប័នដែលមានគោលជំហរដូចគ្នាក្នុងកិច្ចការសប្បុរសធម៌នេះ។ ក្រៅពីចូលរួមផ្តួចផ្តើម និងរៀបចំកម្មវិធី យើងក៏បានបរិច្ចាគថវិកាមួយចំនួន និងជួយជាមធ្យាបាយក្នុងការទទួលថវិកាបរិច្ចាគពីសប្បុរសជនតាមរយៈភ្នាក់ងារ វីង ដែលមានជាង១១.០០០ទីតាំងទូទាំងប្រទេស និងWing Bank App ផងដែរ»។
កញ្ញា ថៃ សុច័ន្ទណា នាយិកាចាត់ការទូទៅស្ដីទីនៃក្រុមហ៊ុន FWD Cambodia បានថ្លែងថា «ក្រុមការងាររបស់យើងមានភាពរីករាយក្រៃលែងដែលបានចូលរួមចំណែកក្នុងកម្មវិធីនេះ ជាពិសេសក្នុងការគាំទ្រដល់សហគមន៍។ កម្មវិធីនេះដើរស្របគ្នាល្អបំផុតទៅនឹងគោលការណ៍គាំទ្រសហគមន៍ដែលយើងមានស្រាប់ទូទាំងតំបន់អាស៊ី (Community Care) និងការប្ដេជ្ញាចិត្តរបស់ក្រុមហ៊ុន FWD ក្នុងការគាំទ្រឲ្យប្រជាជនរស់នៅប្រកបដោយភាពរីករាយ។ យើងជឿថាយើងនឹងអាចរួមចំណែកក្នុងសហគមន៍បានច្រើនទៀតទៅថ្ងៃមុខតាមរយៈអាជីវកម្ម និងសកម្មភាពសប្បុរសធម៌នានាដែលយើងមាន»។
ថ្លែងក្នុងឱកាសនោះផងដែរ លោក នូវ រតនា នាយកសមាគមគណនេយ្យករជំនាញអន្តរជាតិ ACCA ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានបន្ថែមថា «តាមរយៈការចូលរួមផ្សព្វផ្សាយ សមាជិករបស់យើងជាច្រើននាក់ បានបរិច្ចាគថវិកា និងចូលរួមដើរក្នុងកម្មវិធីសប្បុរសធម៌នេះ។ យើងជឿជាក់ថាការផ្តួចផ្តើមសកម្មភាពសប្បុរសធម៌ គឺជាការចូលរួមក្នុងការលើកកម្ពស់សុខមាលភាព នៅក្នុងសង្គមតាមរយៈការយកចិត្តទុកដាក់ លើសុខភាពរបស់កុមារ និងមាតា។ ដូច្នេះហើយទើបយើងរៀបចំកម្មវិធី “ដើរដើម្បីកុមារកម្ពុជា” នេះឡើង ដើម្បីគាំទ្រសកម្មភាពយ៉ាងសស្រាក់សស្រាំរបស់មន្ទីរពេទ្យដែលកំពុងត្រូវការការគាំទ្រពីមហាជន»។
ថវិកាសរុបចំនួន ១៣.៣៩១,១៨ ដុល្លារសហរដ្ឋអាមេរិក ត្រូវបានទទួលតាមរយៈការបរិច្ចាគពីសំណាក់ដៃគូវិភាគទានក្នុងកម្មវិធីសប្បុរសធម៌នេះដែលមានដូចជា៖ ធនាគារ វីង, ក្រុមហ៊ុន FWD Cambodia, សមាគមគណនេយ្យករជំនាញអន្តរជាតិ ACCA, ក្រុមហ៊ុន អ អិម អេ ខេមបូឌា, វិទ្យាស្ថាន ខេមអេដ, ក្រុមប្រឹក្សាអាជីព គណនេយ្យ និងហិរញ្ញវត្ថុ, ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស ជាដើម។
មន្ទីរពេទ្យគន្ធបុប្ផាបានដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដោយផ្តល់ជូននូវការពិនិត្យនិងព្យាបាលដោយឥតគិតថ្លៃសម្រាប់អ្នកជំងឺ។ កាលពីឆ្នាំ២០២២កន្លងទៅនេះ មន្ទីរពេទ្យគន្ធបុប្ផាបានទទួលអ្នកជំងឹជាកុមារប្រមាណជាជាង ៧សែននាក់ ហើយក្នុងនោះកុមារប្រមាណជាង ១សែននាក់ ត្រូវបានអនុញ្ញាតឲ្យសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។ ក្រៅពីនេះមន្ទីរពេទ្យក៏បានទទួលពិនិត្យព្យាបាលដល់ស្ត្រីមានផ្ទៃពោះប្រមាណជិត ១សែននាក់ផងដែរ៕