ធនាគារ វីង ចូលរួមព្រឹត្តិការណ៍ជិះកង់សមាគមធនាគារនៅកម្ពុជាដើម្បីលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល
Daneth MechNOVEMBER 27 2024

អ្នកជិះកង់ជាច្រើនរយនាក់ដែលជាតំណាងមកពីគ្រឹះស្ថានធនាគារនៅទូទាំងប្រទេសកម្ពុជា បានមកជួបជុំគ្នាកាលពីចុងសប្តាហ៍កន្លងទៅនេះដើម្បីចូលរួមព្រឹត្តិការណ៍ជិះកង់ ដែលជាផ្នែកមួយនៃយុទ្ធនាការជំរុញការប្រើប្រាស់ប្រាក់រៀល ក៏ដូចជាផ្សព្វផ្សាយពីនិរន្តរភាពវិស័យធនាគារនៅក្នុងប្រទេសកម្ពុជា។ កម្មវិធីនេះត្រូវបានរៀបចំធ្វើឡើងនៅតំបន់ប្រាសាទសំបូរព្រៃគុក ដែលជាតំបន់ប្រវត្តិសាស្រ្តត្រូវបានដាក់បញ្ចូលទៅក្នុងសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ មានចម្ងាយប្រហែល​៣០ គីឡូម៉ែត្រពីទីរួមខេត្តកំពង់ធំ។

ត្រូវបាន​រៀបចំឡើងដោយសមាគមធនាគារនៅកម្ពុជា ដោយមានការចូលរួមគាំទ្រពីធនាគារ វីង កម្មវិធី​ជិះកង់ឆ្នាំ២០២៤ ត្រូវបានរៀបចំធ្វើឡើងជាលើកទី៤ហើយ ដោយទទួលបានអ្នកចូលរួមប្រមាណ ៥០០នាក់ ដើម្បីជិះកង់ក្នុងចម្ងាយ១៧គីឡូម៉ែត្រ ដោយឆ្លងកាត់ប្រាសាទនានា​ជាច្រើនដែលហ៊ុំព័ទ្ធ​ដោយព្រៃព្រឹក្សាដ៏ខៀវស្រង៉ាត់​។

លោក ហោ ប៊ុនថែ អគ្គនាយករងធនាគារ វីង បានលើកឡើងថា៖ “ព្រឹត្តិការណ៍ជិះកង់នេះ មិនត្រឹមតែលើកកម្ពស់សុខុមាលភាពរាងកាយឱ្យកាន់តែរឹងមាំប៉ុណ្ណោះទេ តែក៏បង្កើនចំណងទំនាក់ទំនងក្នុងចំណោមធនាគាររិកអាជីពឱ្យបានកាន់តែមាន​ភាព​ជិតស្និទ្ធិ​​ផងដែរ។”

លោក ហោ ប៊ុនថែ បានបន្តថា៖ “កម្មវិធីនេះគឺជាសក្ខីភាពនៃស្មារតីសហការ និងកិច្ច​ការជាក្រុមក្នុងគោលដៅរួមគ្នា​ដើម្បីគាំទ្រនូវការប្រើប្រាស់ប្រាក់រៀល និងជំរុញការអនុវត្តប្រកបដោយនិរន្តរភាពនៅក្នុងប្រតិបត្តិការរបស់យើង។”

ខណៈដែលអ្នកចូលរួម​បាន​ជិះកង់តាំងពី​ព្រឹកព្រលឹមស្រាងៗ  ពួកគាត់បាន​ធ្វើដំណើរ​​ឆ្លង​កាត់​ផ្លូវ​ដែលហ៊ុំព័ទ្ធ​ទៅដោយ​​ទិដ្ឋភាពដ៏ស្រស់ត្រកាលនៃតំបន់ប្រាសាទសំបូរព្រៃគុក ដែលជា​ម្តុំ​នៃ​ប្រាសាទបូរាណជាច្រើន។  ដោយមានប្រមាណជាង​មួយរយប្រាសាទ ហើយក្នុងនោះប្រាសាទចំនួន១០ ត្រូវបានសាងសង់ជារចនាបថអដ្ឋកោណប្រាំបីជ្រុងស្មើ តំបន់ប្រវត្តិសាស្រ្តនេះ គឺជាអតីតរាជធានីឦសានបុរៈនៃអាណាចក្រចេនឡាស្ថិតនៅចន្លោះសតវត្សរ៍ទី ៦ ដល់សតវត្សរ៍ទី ៧ ពោលគឺមុនការកកើតឡើងនៃសម័យអង្គរដ៏រុងរឿង។

រយៈពេល១៦ឆ្នាំនៃការផ្តល់សេវាកម្មជូនប្រជាជនកម្ពុជា ធនាគារ វីង បានរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់ប្រាក់រៀលតាមរយៈគំនិតផ្តួចផ្តើមជាច្រើន ព្រមទាំងបានប្តេជ្ញាចិត្តឥតងាករេក្នុងការជំរុញបរិយាបន្នហិរញ្ញវត្ថុនៅទូទាំងប្រទេសកម្ពុជា។

 

Photo 2024 11 27 08 49 00

Photo 2024 11 27 08 46 20

 

ជាក់ស្តែង នៅក្នុងឆ្នាំ ២០២៣ ប្រមាណ ៥១% នៃតម្លៃទូទាត់តាមរយៈធនាគារ វីង ត្រូវបានធ្វើឡើងជាប្រាក់រៀល ដែលកើនឡើង ១៩% បើធៀបនឹងឆ្នាំ២០២២។ កំណើននេះ គឺបានបង្ហាញឱ្យឃើញពីការគាំទ្រការអនុវត្តគោលនយោបាយនៃការធ្វើបដិដុល្លារនីយកម្មរបស់ធនាគារជាតិ នៃកម្ពុជា ក៏ដូចជាពង្រឹងឯករាជ្យនយោបាយរូបិយវត្ថុនៅក្នុងប្រព័ន្ធសេដ្ឋកិច្ចផងដែរ។

ធនាគារ វីង បានក្លាយជាដៃគូគាំទ្រដ៏សំខាន់មួយក្នុងការអនុវត្តគំនិតផ្តួចផ្តើមនានា​របស់សមាគមធនាគារនៅកម្ពុជា ដើម្បីជំរុញការប្រើប្រាស់ប្រាក់រៀល និងលើកកម្ពស់ការយល់ដឹងពីហិរញ្ញវត្ថុផងដែរ។ តួយ៉ាង ធនាគារ វីង បានឧបត្ថម្ភសិស្សានុសិស្ស​ចំនួន ២០០០ នាក់ មកពីវិទ្យាល័យផ្សេងៗនៅរាជធានីភ្នំពេញ ដើម្បីសិក្សាស្វែងយល់ពីប្រវត្តិសាស្រ្តនៃប្រព័ន្ធហិរញ្ញវត្ថុរបស់ប្រទេសកម្ពុជានៅសារមន្ទីរ ស.ស.រ ព្រមទាំងចូលរួមគាំទ្រទិវាសន្សំអាស៊ាន ដែលកម្មវិធីនេះត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំដើម្បីលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃការសន្សំ និងការដាក់ប្រាក់បញ្ញើជាមួយគ្រឹះស្ថានហិរញ្ញវត្ថុស្របច្បាប់។

កាលពីឆ្នាំមុន ធនាគារ វីង ក៏បានឧបត្ថម្ភកម្មវិធីបណ្តុះបណ្តាលដែលមានរយៈពេល ៣ខែ ទៅដល់អ្នកសារព័ត៌មានមកពីជាង ៤០ស្ថាប័នផ្សេងៗគ្នា ដើម្បីផ្តល់ឱ្យពួកគេនូវចំណេះដឹងសំខាន់ៗអំពីបទបញ្ញត្តិ្តធនាគារ និងការវិវត្តនៃបច្ចេកវិទ្យាថ្មីៗនៅក្នុងវិស័យហិរញ្ញវត្ថុផងដែរ។

តាមរយៈកិច្ចសហការជាមួយសមាគមធនាគារនៅកម្ពុជា ធនាគារ វីង បានបង្ហាញពីឆន្ទៈដ៏មុតមាំរបស់ខ្លួន ដើម្បីរួមចំណែកកសាងអនាគតមួយដែលមានការផ្សាភ្ជាប់ ប្រកបដោយនិរន្តរភាព និងភាពច្នៃប្រឌិតសម្រាប់ភាពរីកចម្រើនរបស់ប្រទេសកម្ពុជា ដែលមានន័យថាការគាំទ្រ​ផ្នែកហិរញ្ញវត្ថុ និងការអនុវត្តប្រកបដោយនិរន្តរភាពត្រូវរីកចម្រើនទន្ទឹមគ្នា។

Photo 2024 11 27 08 46 15

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia