ធនាគារ វីង និង JETOUR Cambodia សហការផ្តល់ក.ម្ចី១០០%ទិញរថយន្តស៊េរីទំនើប
Daneth MechAUGUST 23 2024

ភ្នំពេញ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤៖​ ធនាគារ វីង (ខេមបូឌា) ម.ក និងក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ដែលជាក្រុមហ៊ុនមេរបស់ JETOUR Cambodia បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ ដើម្បីផ្តល់ជម្រើសនៃដំណោះស្រាយហិរញ្ញវត្ថុដ៏មានភាពទាក់ទាញ​ ដែលអតិថិជនអាចក្លាយជាម្ចាស់រថយន្ត JETOUR ស៊េរីទំនើបគ្រប់ម៉ូឌែលជាមួយកម្ចីពីធនាគារ វីង រហូតដល់ទៅ ១០០% នៃតម្លៃរថយន្ត។

កិច្ចសហការនេះត្រូវបានរៀបចំធ្វើឡើងដែលមានការអញ្ជើញចូលរួមជាសក្ខីភាពដ៏ខ្ពង់ខ្ពស់ពីសំណាក់អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារ វីង និងជាអគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងអ្នកឧកញ៉ា ជាម ឃុនណាត ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ព្រមទាំងមានការចូលរួមពីគណៈគ្រប់គ្រងនៃស្ថាប័នទាំងពីរ និងភ្ញៀវកិត្តិយសជាច្រើនផងដែរ។

Photo 2024 08 23 13 07 27

លោក ហោ ប៊ុនថែ អគ្គនាយករងធនាគារ វីង បានលើកឡើងថា៖ “យើងខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយចំពោះភាពជាដៃជាមួយ JETOUR Cambodia ដែលឥឡូវនេះពលរដ្ឋកម្ពុជាអាចក្លាយជាម្ចាស់រថយន្តក្នុងក្តីស្រមៃ ដោយមិនចាំបាច់ត្រូវចំណាយសាច់ប្រាក់ផ្ទាល់ខ្លួនទាំងស្រុង ឬចំណាយប្រាក់កក់មុនឡើយ។”

លោក ហោ ប៊ុនថែ បានបន្តថា៖ “ជាមួយការគាំទ្រហិរញ្ញវត្ថុពីធនាគារ វីង យើងអាចជួយឱ្យពួកគាត់ប្រែក្លាយក្តីសុបិនទៅជាការពិត ​ដោយទទួលបាននូវរថយន្តផ្ទាល់ខ្លួនមួយសម្រាប់បំពេញតម្រូវការរស់នៅប្រចាំថ្ងៃ ក៏ដូចជាផ្តល់នូវភាពរីករាយ និងស្នាមញញឹមជាមួយក្រុមគ្រួសារក្នុងធ្វើដំណើរកម្សាន្តនានាផងដែរ។”

Photo 2024 08 23 13 07 09

Photo 2024 08 23 13 07 17

Photo 2024 08 23 13 07 22

តាមរយៈកិច្ចសហការនាពេលនេះ អតិថិជននឹងទទួលបានអត្ថប្រយោជន៍ពីការស្នើកម្ចីពីធនាគារ វីង ដែលមានភាពងាយស្រួល នឹងអនុម័តកម្ចីលឿនតាមដែលអាចធ្វើទៅបាន បន្ទាប់ពីអតិថិជនបានបំពេញឯកសារចាំបាច់ និងឆ្លងកាត់ដំណើរការវាយតំលៃរបស់ធនាគាររួចរាល់។ លក្ខខណ្ឌក្នុងការផ្តល់ឥណទាន រថយន្តនេះ គឺមានភាពបត់បែនខ្ពស់ ដែលអតិថិជនអាចទទួលបានទំហំកម្ចីរហូតដល់ទៅ ១០០ ភាគរយ នៃតម្លៃរថយន្ត ជាមួយនឹងការសងត្រលប់មានរយៈពេលរហូតដល់ ៨៤ខែ។​

លោកអ៉ឹង មុយហ្គេច នាយកប្រតិបត្តិប្រតិបត្តិការ​ នៃក្រុមហ៊ុន ខេ អិន អិន ខេមបូឌា បានថ្លែងថា៖ ​“ យើងខ្ញុំជឿជាក់ថារថយន្ត មិនមែនគ្រាន់តែជាមធ្យោបាយធ្វើដំណើរតែមួយប៉ុណ្ណោះទេចំពោះអតិថិជនយុគសម័យថ្មីនេះ តែអ្វីដែលអតិថិជនរំពឹងចង់បាននោះគឺ ការបង្កើនភាពងាយស្រួល ការបំពាក់បច្ចេកវិទ្យាជំនួយបើកបរ ប្រព័ន្ធសុវត្ថិភាពកម្រិតខ្ពស់ និងការបង្កើតពេលវេលាដ៏រំភើបរាល់ពេលធ្វើដំណើរជារៀងរាល់ថ្ងៃ ហើយ JETOUR គឺមាននូវអ្វីគ្រប់យ៉ាងទាំងអស់ដែលអតិថិជនចង់បាន។ តាមរយៈភាពជាដៃគូនេះជាមួយធនាគារវីង នឹងបើកទ្វារឈានទៅរកឪកាសថ្មីៗសម្រាប់ក្រុមហ៊ុនទាំងពីរ តាមរយៈការរួមបញ្ចូលគ្នានូវភាពខ្លាំង និងគុណសម្បត្តិរបស់ស្ថាប័នទាំង២ យើងអាចផ្តល់នូវដំណោះស្រាយ និងការគាំទ្រហិរញ្ញវត្ថុ ប្រកបដោយភាពឆ្នៃប្រឌិត ដល់អតិថិជន និងចុងក្រោយរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ។ ”

អតិថិជនអាចអញ្ជើញមកទស្សនានៅអគារតាំងបង្ហាញរថយន្ត JETOUR Cambodia ដែលមានទីតាំងនៅ​ អគារលេខ ២៣៩H ផ្លូវជាតិលេខ ៦A សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដើម្បីស្វែងយល់បន្ថែមអំពីការផ្តល់ជូន និងស្នើកម្ចីទិញរថយន្តពីធនាគារ វីង។

Photo 2024 08 23 13 07 47

ធនាគារ វីង គឺជាគ្រឹះស្ថានធនាគារដែលផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុសំបូរបែប ហើយបានវិវឌ្ឍខ្លួនក្លាយជាធនាគារឌីជីថលយ៉ាងឆាប់រហ័សមួយនៅក្នុងប្រទេសកម្ពុជា។ អស់រយៈពេល ១៦ឆ្នាំនៃការផ្តល់សេវាកម្មហិរញ្ញវត្ថុជូនប្រជាជនកម្ពុជា  ធនាគារ វីង បានក្លាយជាធនាគារលំដាប់កំពូលទាំង១០ ទៅលើប្រាក់បញ្ញើ ឈរលើលំដាប់ទី១១ លើទ្រព្យសកម្មសរុប និងទី១៦ទៅលើប្រាក់កម្ចី។

ចំណែកឯ JETOUR Cambodia ជាក្រុមហ៊ុននាំចូល ផ្ដាច់មុខរថយន្ដទំនើបម៉ាក JETOUR និងជាបុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុន ខេ​ អិន អិន​ ខេមបូឌា ដែលជាក្រុមហ៊ុនក្នុងស្រុកមានបទពិសោធន៍ជាង ២០ឆ្នាំលើការចែកចាយផ្តាច់មុខម៉ាកល្បីៗពី កូរ៉េ ជប៉ុន និងអ៊ីរ៉ុប លើវិស័យគ្រឿងចក្រ និងរថយន្តធន់ធ្ងន់ អចលនទ្រព្យ និងផ្សារទំនើបបែបសហគមន៍៕

Photo 2024 08 23 13 07 36

Photo 2024 08 23 13 07 40

អំពីធនាគារ វីង (ខេមបូឌា) ម.ក

ធនាគារ វីង (ខេមបូឌា) ម.ក ដែលជាធនាគារសម្រាប់ប្រជាជនកម្ពុជា បានធ្វើទំនើបកម្មទៅលើមធ្យោបាយសម្រាប់ប្រជាជនកម្ពុជាអាចទទួលបានសេវាហិរញ្ញវត្ថុ។ ចាប់តាំងពីបង្កើតឡើងនៅឆ្នាំ 2008 ធនាគារ វីងបានក្លាយទៅជាធនាគារពាណិជ្ជដែលមានភាពរីកចម្រើនយ៉ាងឆាប់រហ័ស និងស្ថិតក្នុងចំណោមគ្រឹះស្ថានហិរញ្ញវត្ថុដែលទទួលបានការជឿទុកចិត្តខ្ពស់បំផុតនៅក្នុងប្រទេសកម្ពុជា។ ដោយមានចក្ខុវិស័យច្បាស់លាស់ក្នុងការប្រើប្រាស់ដំណោះស្រាយឌីជីថលដើម្បីលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជាគ្រប់រូប ធនាគារ វីង ក៏សម្រេចបានការវិវឌ្ឍគួរឱ្យកត់

សម្គាល់ ហើយបច្ចុប្បន្ននេះក៏មាននូវប្រព័ន្ធអេកូឡូហ្ស៊ីធំបំផុតនៅក្នុងប្រទេស។ ធនាគារ វីង ដំណើរការសាខាចំនួន 21 ទីតាំង, ភ្នាក់ងារវីង ម៉ាស្ទ័រ 80 កន្លែង, បណ្តាញភ្នាក់ងារ 11,000 កន្លែង និងផ្តល់ជូននូវមុខងារប្រើប្រាស់ច្រើនជាង 100 មុខ តាមរយៈអេប Wing Bank ដែលមានភាពងាយស្រួលប្រើប្រាស់។

ធនាគារ វីង ប្តេជ្ញាចិត្តលើភាពច្នៃប្រឌិតផ្នែកឌីជីថល ដែលបង្ហាញឱ្យឃើញនៅក្នុងផលប័ត្រចម្រុះនៃសេវាហិរញ្ញវត្ថុ និងសេវាមិនមែនហិរញ្ញវត្ថុ។ រាប់ចាប់ពីកម្ចី ប្រាក់បញ្ញើ និងការផ្ទេរប្រាក់ទៅដល់ផលិតផលធានារ៉ាប់រង ការទូទាត់ទឹកភ្លើង និងវិក្កយបត្រ ការទូទាត់ខ្សែច្រវាក់ផ្គត់ផ្គង់ សេវាកម្មបើកប្រាក់បៀវត្ស ការផ្ទេរប្រាក់អន្តរជាតិ ការផ្ទេរប្រាក់ក្នុងស្រុក កម្ចីតាមប្រព័ន្ធឌីជីថល និងសូម្បីតែការបញ្ចូលទឹកប្រាក់ទូរសព្ទ ធនាគារ វីង ផ្តល់សេវាកម្មយ៉ាងទូលំទូលាយ ទាំងតម្រូវការហិរញ្ញវត្ថុ និងតម្រូវការមិនមែនហិរញ្ញវត្ថុ។ ក្នុងនាមជាគ្រឹះស្ថានហិរញ្ញវត្ថុប្រកបដោយថាមវ័ន្តនិងមានភាពច្នៃប្រឌិតធនាគារ វីង បន្តព្យាយាមបង្កើនឥទ្ធិពលវិជ្ជមានដល់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាគ្រប់រូប។សេវាធនាគារឌីជីថលដែលមានភាពងាយស្រួលនិងការប្តេជ្ញាចិត្តចំពោះបរិយាបន្នហិរញ្ញវត្ថុបានធ្វើឱ្យធនាគារ វីង ក្លាយជាធនាគារជម្រើសទីមួយសម្រាប់ប្រជាជនកម្ពុជារាប់លាននាក់៕

អំពីក្រុមហ៊ុន ខេ អិន​ អិន ខេមបូឌា

ក្រុមហ៊ុន ខេអិនអិន ខេមបូឌា គីជាក្រុមហ៊ុនដែលផ្គត់ផ្គង់ឈានមុនគេ លើគ្រឿងចក្រជាច្រើនប្រភេទ មានដូចជាគ្រឿងចក្រធន់ធ្ងន់សម្រាប់ការងារសាងសង់ទូទៅ គ្រឿងចក្រប្រតិបត្តិការ លាយផលិត និងបាញ់បេតុង គ្រឿងចក្រប្រតិបត្តិការការងារកំពង់ផែ រថយន្តដឹកជញ្ជូនទំនិញធន់ធ្ងន់ គ្រឿងចក្រសាងសង់ផ្លូវថ្នល់ និងគ្រឿងចក្រប្រត្តិបត្តិការពិសេសផ្សេងៗជាច្រើនទៀត។   ហើយឥឡូវនេះក្រុមហ៊ុន ខេ អិន អិន បានបោះជំហ៊ានចូលក្នុងវិស័យយានយន្តបន្ថែមទៀតនាចុងឆ្នាំ២០២៣ ក្រោមបេសកកម្មប្តេជ្ញា នាំយករថយន្តដ៏ល្អប្រណិត មានសុវត្ថិភាពខ្ពស់ និងបច្ចេកវិទ្យាទំនើបដ៏សំបូរបែប សេវាកម្មដ៏មានទំនុកចិត្តផ្តល់ជូនដល់អតិថិជន ជាមួយនឹងចក្ខុវិស័យដ៏ច្បាស់លាស់សម្រាប់អាជីវកម្មរថយន្ត គឺ ក្រុមហ៊ុន ខេ អិន អិន នឹងបន្តរ ពង្រីកវិសាលភាពអាជីវកម្មបន្ថែមទៀត នៅក្នុងវិស័យរថយន្តនេះ ។ 

Jetour គឺជាម៉ាកសញ្ញារថយន្តរបស់ Chery Group ដែលជាសម្ព័ន្ធក្រុមហ៊ុនផលិតរថយន្តដ៏ល្បីទូទាំងពិភពលោក ដោយកំណត់យកការប្តេជ្ញាចិត្តឥតងាករេចំពោះឧត្តមភាព និងភាពរីកចម្រើនផ្នែកបច្ចេកវិទ្យាអស់ជាច្រើនទសវត្សរ៍មកហើយ។ Jetour បានបង្ហាញពីការលាយបញ្ចូលគ្នានៃវិស្វកម្មទំនើប បច្ចេកវិទ្យា និងការរចនាដ៏ស៊ីវិល័យឈានមុខបំផុត ដោយកំណត់យកស្តង់ដារបច្ចេកវិទ្យាខ្ពស់កម្រិតពិភពលោក បំពាក់ទៅក្នុងរថយន្តទាំងអស់គ្រប់ម៉ូដែលរបស់ខ្លួន ហើយសព្វថ្ងៃនេះក្រុមហ៊ុន ខេអិនអិន ខេមបូឌាដែលជាអ្នកនាំចូលផ្តាច់មុខរថយន្ត JETOUR បាននាំចូលនូវរថយន្ត JETOUR ចំនួន២ម៉ូដែលគឺ ប្រភេទរថយន្ត SUV បច្ចេកវិទ្យា ប្រណីត JETOUR DASHING និង ប្រភេទរថយន្តSUV ប្រណីត ប្រភេទ OFF ROAD កំលាំងខ្លាំង JETOUR T2 ។

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia