រយៈពេលប្រមាណ ៥ ឆ្នាំហើយដែលវិស័យអចលនទ្រព្យនៅកម្ពុជា មានការជាប់គាំងបន្ទាប់ពីការផ្ទុះឡើងនូវជំងឺកូវីដ១៩ និងការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោក ដែលនាំឲ្យសកម្មភាពសាងសង់ និងការទិញ-លក់អចលនទ្រព្យមានភាពស្ងប់ស្ងាត់។ យ៉ាងណាក្រោយជួបបញ្ហាអស់រយៈពេលជាច្រើនឆ្នាំ ហើយបញ្ហាមួយចំនួនក៏ត្រូវបានបញ្ចប់ តើនៅក្នុងឆ្នាំ២០២៥ នេះ ស្ថានភាពអចលនទ្រព្យនៅកម្ពុជានឹងវិវត្ដន៍ទៅជាបែបណា?
តាមការលើកឡើងពីអ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន ប្រធានសម្ព័ន្ធក្រុមហ៊ុន SAM SN Group និងជាអ្នកជំនាញផ្នែកអចលនទ្រព្យ បានបញ្ជាក់ប្រាប់ Business Cambodia ថា នៅដើមឆ្នាំ២០២៥ នេះវិស័យអចលនទ្រព្យនៅកម្ពុជាហាក់មានភាពល្អប្រសើរបន្ដិចបើប្រៀបធៀបទៅនឹងឆ្នាំមុនៗ ប៉ុន្ដែមិនទាន់ល្អដូចមុនឆ្នាំ២០១៩នៅឡើយទេ។
អ្នកឧកញ៉ាថា ដើមឆ្នាំ២០២៥នេះលោកឃើញតម្រូវការផ្នែកដីធ្លីសម្រាប់វិស័យឧស្សាហកម្មដូចជា៖ រោងចក្រ សហគ្រាស តំបន់សេដ្ឋកិច្ចពិសេស និងសួនឧស្សាហកម្ម កំពុងមានតម្រូវងើបឡើងវិញបន្ដិច ដោយសារតែមានអ្នកវិនិយោគក្រៅប្រទេសជាច្រើនមកធ្វើរោងចក្រ តំបន់ឧស្សាហកម្ម រួមនឹងតំបន់សេដ្ឋកិច្ចពិសេសផងដែរ។ ហើយអតិថិជនប្រភេទនេះកំពុងតែទិញ និងស្វែងរកដីធ្លី សម្រាប់សាងសង់ នេះ។
អ្នកឧកញ៉ាបន្ដថា ប្រភេទដីឧស្សាហកម្មនេះគឺតម្រូវការឃើញមានច្រើននៅខាងខេត្ដកំពង់ស្ពឺ ម្ដុំផ្លូវជាតិលេខ៤៤ ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ ក៏ដូចជាម្ដុំផ្លូវជាតិលេខ៦ និងនៅជាយរាជធានីភ្នំពេញដែលអាចសាងសង់ជារោងចក្រ សហគ្រាស សួនឧស្សាហកម្ម ឬតំបន់សេដ្ឋកិច្ចនេះជាដើម។ ដូច្នេះដីប្រភេទនេះគឺកំពុងមានតម្រូវការងើបឡើងវិញជាងមុន ព្រោះអ្នកវិនិយោគទាំងក្រៅស្រុក និងក្នុងស្រុក កំពុងសាងសង់ឃ្លាំង និងរោងចក្របែបនេះ ទើបតម្រូវការងើបឡើង។
បើយោងតាមរបាយការណ៍ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅខែមករា ដើមឆ្នាំ២០២៥នេះ កម្ពុជាទទួលបានគម្រោងវិនិយោគថ្មីបន្ថែមចំនួន៦៨ ដែលមានទុនវិនិយោគសរុបប្រមាណ ៧៤៨លានដុល្លារ កើនឡើងចំនួន ៣៦គម្រោង ខណៈទុនវិនិយោគមានការកើនឡើងប្រមាណ ៥៦១លានដុល្លារអាមេរិក ស្មើនឹងប្រមាណ ៣០០ ភាគរយបើធៀបនឹងខែមករា ឆ្នាំ២០២៤។
ដោយឡែកដីនៅក្នុងរាជធានីភ្នំពេញតម្រូវការរាងងើបឡើងវិញបន្ដិចដែរ ប៉ុន្ដែសម្រាប់តែដីធ្លីទាំងឡាយណាដែលលក់ក្នុងតម្លៃពិសេស និងទីតាំងល្អ ដែលអាចឲ្យអ្នកទិញទទួលបានផលចំណេញនៅពេលអនាគត។ ទីតាំងល្អៗគឺអ្នកទិញចាប់ផ្ដើមទិញវិញ ប៉ុន្ដែទិញតម្លៃមួយដែលអាចចំណេញ ឬតម្លៃក្រោមទីផ្សារ។ ក៏ប៉ុន្ដែប្រសិនបើដីនោះ មិនលក់ក្នុងតម្លៃក្រោមទីផ្សារទេ ហើយជាទីតាំងមិនមានសក្ដានុពលខ្លាំង ឬជម្រើសល្អទេ គឺគេមិនទិញនោះទេ។ នេះបើតាមការបញ្ជាក់បន្ថែមពីអ្នកឧកញ៉ា។
អ្នកឧកញ៉ាបណ្ឌិតក៏បានរំលេចដែរថា ចំពោះអចលនទ្រព្យបែបលំនៅឋាន នៅរាជធានីភ្នំពេញវិញ គឺអ្នកទិញមានដែរ តែមានតិចតួចបើធៀបទៅនឹងមុនឆ្នាំ២០១៩។ អ៊ីចឹងបើធៀបទៅនឹងឆ្នាំមុនៗតម្រូវការងើបឡើងវិញបន្ដិច ប៉ុន្ដែការងើបឡើងវិញនេះ គឺជាទិញដើម្បីរស់នៅតែប៉ុណ្ណោះ ពោលគឺមិនមានការទិញទុកដើម្បីយកចំណេញដូចមុនទេ។
អ្វីដែលយើងឃើញដើមឆ្នាំ២០២៥នេះ អ្នកអភិវឌ្ឍន៍ធំៗមួយចំនួនកំពុងតែបើកគម្រោងលំនៅឋានរបស់ខ្លួន។ ជាក់ស្ដែងអ្នកឧកញ៉ា ហុង ពីវ ដែលជាអ្នកអភិវឌ្ឍន៍លំនៅឋានដ៏ធំ ថ្មីៗនេះបានបើកគម្រោង ពិភពថ្មី ខុនដូ ដែលជាគម្រោងលំនៅឋានតម្លៃសមរម្យផងដែរ។ ការបើកនេះដោយសារគាត់មើលឃើញទីផ្សារអចនលទ្រព្យនៅកម្ពុជាមានតម្រូវការខ្ពស់នោះគឺលំនៅឋានតម្លៃសមរម្យនេះឯង។ ទន្ទឹមគ្នានេះដែរ បុរី ប៉េង ហួត ក៏បានបើកគម្រោងថ្មីរបស់ខ្លួន១ទៀត ដែលគាត់អាចនឹងមើលឃើញថាវិស័យអចលនទ្រព្យនាពេលអនាគតអាចនឹងងើបឡើងដូចដើមវិញ។
សរុបជារួម ទាក់ទងនឹងវិស័យអចលនទ្រព្យនៅកម្ពុជាដើមឆ្នាំ២០២៥ កំពុងមានភាពងើបឡើងបន្ដិច ប៉ុន្ដែការងើបឡើងវិញនេះ មិនទាន់បានខ្លាំងគួរឲ្យកត់សម្គាល់នោះទេ បើប្រៀបធៀបទៅនឹងមុនឆ្នាំ២០១៩។ តែដោយឡែកបើយើងធៀបទៅនឹងឆ្នាំ២០២៤ ២០២៣ ២០២២ គឺឆ្នាំ២០២៥ នេះមានសញ្ញាណងើបឡើងវិញបន្ដិចហើយ ប៉ុន្ដែដើម្បីឲ្យបានល្អដូចដើមក្នុងឆ្នាំ២០១៩ លុះត្រាប្រើពេលវេលាចន្លោះពី ៤ ទៅ ៦ ឆ្នាំទៀត៕
អត្ថបទដោយ៖ កឹម ប៊ុនធឿន