ក្រុមហ៊ុនធំមួយដែលមានមូលដ្ឋាននៅក្នុងប្រទេសកូរ៉េ នឹងចុះមកសិក្សាវិនិយោគសាងសង់គម្រោងព្រលានយន្ដហោះនៅក្នុងខេត្ដមណ្ឌលគិរី បន្ទាប់ពីក្រុមហ៊ុន FOCUS Consortium បានដកខ្លួនចេញពីគម្រោង។ នេះបើតាមការបញ្ជាក់ពីឯកឧត្ដម ងិន វិមាន អភិបាលរងខេត្ដកាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥។
ថ្លែងក្នុងសន្និសីទសារព័ត៌មានឯកឧត្ដមបានបញ្ជាក់ដូច្នេះថា «ខ្ញុំទទួលបានព័ត៌មានទី១ មានក្រុមហ៊ុន១មាន សជណ ចុះមកសិក្សា ឈ្មោះក្រុមហ៊ុន FOCUS Consortium ប៉ុន្ដែគាត់មកសិក្សាហើយក៏បាត់ដំណឹងទៅ។ ហើយថ្មីៗនេះមានខាងកូរ៉េមកមួយក្រុមទៀត មកមានបំណងវិនិយោគលើវិស័យអាកាសចរណ៍ស៊ីវិលហ្នឹងដែរ ប៉ុន្ដែគ្រាន់តែមកជួបពិភាក្សាជាមួយថ្នាក់ដឹកនាំខេត្ដទេ ហើយគាត់បានត្រឡប់ទៅវិញ។ គាត់ក៏មានវិនិយោគទៅលើព្រលានហើយហេដ្ឋារចនាសម្ព័ន្ធនៅជុំវិញហ្នឹងទៀត ប៉ុន្ដែឮព័ត៌មានថាចុះមកសិក្សាក្នុងពេលឆាប់ៗ»។
គួររំលឹកដែរថា ទាក់ទងនឹងការវិនិយោគវិស័យអាកាសចរណ៍នៅខេត្ដមណ្ឌលគិរីនេះដែរ កាលពីឆ្នាំ២០២៤ កន្លងទៅរាជរដ្ឋាភិបាលបានអនុញ្ញាតឲ្យក្រុមហ៊ុន FOCUS Consortium ធ្វើការសិក្សាសាងសង់ព្រលានយន្ដហោះ ក្នុងទម្រង់សាងសង់-ធ្វើអាជីវកម្ម និងផ្ទេរ (BOT) រួមជាមួយនឹងការសាងសង់ទីក្រុងរណបផងដែរ។ ប៉ុន្ដែរួចការបញ្ជាក់របស់ឯកឧត្ដអភិបាលរងខេត្ដខាងលើ គឺការសិក្សាគម្រោងនេះក៏បានបាត់ដំណឹងទៅ។
ក្រៅពីនោះរាជរដ្ឋាភិបាលធ្លាប់បានអនុញ្ញាតឲ្យក្រុមហ៊ុនចិន China Power ធ្វើការសិក្សាលើគម្រោងព្រលានយន្ដហោះខេត្តមណ្ឌលគិរីម្តងផងដែរ ប៉ុន្ដែជាអកុសលក្រុមហ៊ុនចិននេះបានប្រកាសដកខ្លួនចេញកាលពីឆ្នាំ២០២២កន្លងទៅដោយសារវិបត្តិហិរញ្ញវត្ថុ៕