សម្ដេចធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបដិសេធសំណើរធ្វើផ្លូវ ១ ខ្សែប្រវែង ២០ គីឡូម៉ែត្រ ដែលមានតម្លៃ ៥០ លានដុល្លារ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដោយយកថវិកានោះទៅអភិវឌ្ឍន៍មន្ទីរពេទ្យវះកាត់នៅតាមស្រុក និងអភិវឌ្ឍន៍ប្រព័ន្ធទឹកស្អាតជូនប្រជាជនវិញ ដែលជាកិច្ចការសំខាន់ជាង។
ថ្លែងក្នុងឱកាសអញ្ជើញបើកសប្តាហ៍គាំពារសង្គមកម្ពុជាឆ្នាំ២០២៥ និងប្រកាសដាក់ ឱ្យអនុវត្តជាផ្លូវការនូវក្របខណ្ឌគោល-នយោបាយជាតិគាំពារសង្គម ឆ្នាំ ២០២៤-២០៣៥ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ សម្ដេចបានបញ្ជាក់ដូច្នេះថា «ជាក់ស្ដែងថ្ងៃមុនដាក់សំណើរមកខ្ញុំបី ក្រសួងសាធារណការសុំធ្វើផ្លូវមួយកំណាត់នោះប្រហែល ៥០ លានដុល្លារ ពេលជាមួយគ្នាក្រសួងឧស្សាហកម្មដាក់សំណើរ ៦០ លានដុល្លារសម្រាប់ធ្វើប្រព័ន្ធទឹកស្អាតជូនប្រជាពលរដ្ឋ ក្រសួងសុខភិបាលស្នើជិត ២០ លានដុល្លារបន្ថែមដើម្បីដំឡើងសមត្ថភាពរបស់ពេទ្យបង្អែកស្រុកកម្រិត២ ចំនួន ៦១ ស្រុកសម្រាប់វះកាត់ សង្គ្រោះជួយប្រជាពលរដ្ឋ»។
«បើបូកសរុប ១៣០ លានដុល្លារ តែយើងមិនអាចចាយដល់ប៉ុណ្ណឹងទេ អ៊ីចឹងខ្ញុំបានប្រាប់ថា ក្នុងបីនេះក្រសួងសាធារណការទុកសិនទៅ ព្រោះកំណាត់ផ្លូវហ្នឹងនៅប្រើបានទេ តែអ្វីដែលសំខាន់ពេទ្យបង្អែកស្រុកបង្កើនសមត្ថភាពគាត់ឲ្យជាបន្ទាន់ ដើម្បីមានលទ្ធភាពសម្រាប់ការវះកាត់សង្រ្គោះបន្ទាន់នៅស្រុក កុំឲ្យដឹកជញ្ជូនទៅខេត្ដខ្លាចមានបញ្ហា»។
គួររំលឹកថា កាលពីពេលថ្មីៗនេះរាជរដ្ឋាភិបាល បានសម្រេចផ្ដល់ថវិកាជាង ១៨លានដុល្លារ ក្នុងឆ្នាំឆ្នាំ២០២៥ ដើម្បីពង្រឹងសមត្ថភាពវះកាត់សង្គ្រោះបន្ទាន់ (ICU) នៅមន្ទីរពេទ្យបង្អែកស្រុកកម្រិត២ ដែលនឹងជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋដែលត្រូវការវះកាត់ចាំបាច់នឹងបន្ទាន់ ដោយមិនរង់ចាំការបញ្ជូនទៅមន្ទីរពេទ្យខេត្ត។
ជាមួយគ្នានោះ រាជរដ្ឋាភិបាលក៏បានសម្រេច ទម្លាក់កញ្ចប់ថវិកាចំនួន ៦០ លានដុល្លារធ្វើការវិនិយោគពង្រីកបណ្ដាញទឹកស្អាតនៅខេត្ដចំនួន ៥ រួមមាន៖ ខេត្ដកំពត ស្វាយរៀង កំពង់ធំ មណ្ដលគិរី និងខេត្ដពោធិ៍សាត់ ដើម្បីឆ្លើយតបនឹងការកើនឡើងនៃតម្រូវការរបស់ប្រជាពលរដ្ឋផងដែរ៕