ហាងឆេងមាសកាន់តែឡើងថ្លៃ តើទិញមាសពេលនេះល្អទេ? នេះជាការណែនាំរបស់អ្នកជំនាញ
Toeuy HongFEBRUARY 20 20251.3 K views

នៅប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ យើងសង្កេតឃើញថាតម្លៃហាងឆេងមាសលើទីផ្សារអន្តរជាតិបានបន្តឡើងថ្លៃជាលំដាប់បន្ទាប់ពីលោក Donald Trumpឡើងធ្វើជាប្រធានាធិបតីជាផ្លូវការ។ ជាក់ស្ដែងគិតត្រឹមថ្ងៃនេះហាងឆេងមាសបានឡើងដល់២៩៥៤ដុល្លារក្នុងមួយអោន( ស្មើនឹង៣៥៥៩ដុល្លារក្នុងមួយតម្លឹង

 

លោក សួន សាង នាយកប្រតិបត្តិក្រុមហ៊ុន GoldenFourtune Derivatives Exchange( GFDE) បានឲ្យដឹងថា មូលហេតុដែលហាងឆេងមាសឡើងថ្លៃគឺដោយសារគោលនយោបាយរបស់លោកត្រាំទាក់ទងនឹងការយកពន្ធនាំចូលពីប្រទេសផ្សេងៗដែលធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចមិនមានភាពច្បាស់ ហើយការដាក់ពន្ធកាន់តែខ្លាំងនេះអតិផរណាកាន់តែឡើងខ្ពស់។

 

ក្រៅពីនេះកត្តាមួយទៀតដែលរុញតម្លៃមាសឡើងគឺគោលនយោបាយធនាគារកណ្ដាលរបស់អាមេរិកដោយធនាគារកណ្ដាលអាមេរិកទម្លាក់អត្រាការប្រាក់ ប៉ុន្ដែការទម្លាក់ការប្រាក់នេះមិនបានជួយអ្វីឡើយខណៈអតិផរណានៅតែខ្ពស់ ហើយម្នាក់ៗនៅតែបារម្ភថារដ្ឋាភិបាលអាមេរិកពិបាកគ្រប់គ្រងលើអតិផរណា អញ្ចឹងម្នាក់ៗភ័យក៏នាំគ្នាទិញមាសទុកដែលធ្វើឲ្យតម្លៃមាសកើនឡើងខ្លាំង។

 

លោកបានបន្តទៀតថាកត្តាផ្សេងទៀតដែលធ្វើឲ្យមាសឡើងថ្លៃគឺដោយសារតែធនាគារកណ្ដាលនៃប្រទេសមួយចំនួនធំបានប្រមូលទិញមាសស្តុកទុក ហើយកាលណាធនាគារកណ្ដាលប្រមូលទិញមាសទុកធ្វើឲ្យតម្លៃមាសបន្តឡើងថ្លៃទៀត។

 

 ចំពោះសំណួរសួរថាតើពេលនេះពលរដ្ឋនិងវិនិយោគគួរទិញមាសទុកឬទេ លោកផ្ដល់យោបល់ថា មិនគួរទាន់ទិញនោះទេព្រោះខែក្រោយនេះជាខែមីនា បើយើងមើលតាមរដូវកាលវាភាគច្រើនតម្លៃមាសតែងតែធ្លាក់ចុះដូច្នេះបើបងប្អូនចង់ទិញរងចាំដល់ចុងខែមីនាសិន។

 

លោកបានបញ្ជាក់បន្ថែមថាតាមរយៈការប្រជុំនៃគោលនយោបាយរបស់ធនាគារកណ្ដលអាមេរិក( Federal Reserve) គឺធនាគារកណ្ដាលអាមេរិកមិនទម្លាក់ការប្រាក់ទេខណៈម្នាក់ៗរំពឹងថានឹងទម្លាក់ការប្រាក់។ ធនាគារកណ្ដាលអាមេរិកបានផ្ដល់សញ្ញាថាគាត់មិនមានបំណងទម្លាក់ការប្រាក់ឆាប់នោះ ដោយរក្សាអត្រាការប្រាក់នៅខ្ពស់ដដែល ដូច្នេះធ្វើឲ្យការឡើងថ្លៃនៃមាសនៅមានព្រំដែន មិនមែនចេះតែឡើងទេ ហើយព័ត៌មាននេះទប់តម្លៃមាសកុំឲ្យឡើងថ្លៃ និងពេលខ្លះអាចនឹងរុញឲ្យមាសធ្លាក់ថ្លៃវិញ។

 

 លោកថាក្នុងរយៈពេលវែងមាសនឹងនៅតែបន្តឡើងថ្លៃទៀតព្រោះបើយោងតាមការព្យាកររបស់អ្នកសេដ្ឋកិច្ចមួយចំនួនបានព្យាករថាមាសអាចឡើងដល់ពី៣០០០ដុល្លារ ទៅ៣៥០០ដុល្លារ។ ចំពោះលោកវិញលោកថាហាងឆេងមាសនៅតែបន្តឡើងថ្លៃទៀតក្រោមហេតុផលថាគោលនយោបាយរបស់អាមេរិក ដោយគោលនយោបាយអាមេរិកមិនសូវមានភាពច្បាស់លាស់ដូច្នេះស្ថានភាពសេដ្ឋកិច្ចក៏មិនច្បាស់ នោះម្នាក់ៗនាំគ្នាភ័យព្រួយដូច្នេះដើម្បីការពារទ្រព្យសម្បត្តិ ពួកគាត់នាំគ្នាទៅវិនិយោគលើមាសដែលធ្វើឲ្យមាននៅមានភាពទាក់ទងនិងឡើងថ្លៃ៕  

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia