វេបសាយ Wikipedia ដែលអ្នកប្រើប្រាស់អ៊ីនធើណេតភាគច្រើនបានប្រើជាប្រយោជន៍ក្នុងការសិក្សាស្រាវជ្រាវក៏ដូចជាចំណេះដឹងទូទៅច្រើនរាប់មិនអស់នោះ ប្រាកដជាស្គាល់ហើយស្ថាបនិកដែលឈរពីក្រោយវេបសាយដែលដាក់ឱ្យប្រើប្រាស់ហ្វ្រីមិនគិតលុយសូម្បី១សេននេះ គឺលោក Jimmy Wales បុរសដែលមិនចង់ក្លាយជាសេដ្ឋី ប្រាប់ហេតុផលធំៗ៣ដែលធ្វើឱ្យលោកសុខចិត្តបោះចោលលុយលើគោកបែបនេះ។
ផ្តើមពីក្មេងប្រុសចូលចិត្តអានសៀវភៅ ម្តាយរបស់លោកបានទិញសៀវភៅជាច្រើនឱ្យលោកអានរាប់មិនអស់បានធ្វើឱ្យលោកស្រឡាញ់ការអប់រំបំផុត។ លោកជាមនុស្សចូលចិត្តរៀនដោយខ្លួនឯង ស្រាវជ្រាវចំណេះដឹងដោយគ្មានសាលា។ ២០ឆ្នាំក្រោយមក ធ្វើឱ្យលោកដឹងថាព័ត៌មានក្នុងសៀវភៅជាច្រើននៅមានខ្វះចន្លោះ ហើយព័ត៌មានខ្លះហួសសម័យនិង នៅមិនទាន់ប្រើប្រាស់បាន១០០% នោះដែរ។
ដូច្នេះហើយនៅបុរសជនជាតិ អង់គ្លេស-អាមេរិក និងសហស្ថាបនិកម្នាក់ទៀតគឺលោក Larry Sanger បានសម្រេចចិត្តបង្កើតវេបសាយនេះឡើងនៅពេលដែលសម័យបច្ចេកវិទ្យាចូលមកដល់ ដើម្បីឱ្យព័ត៌មានជាច្រើនធ្វើបច្ចុប្បន្នភាពនិងផ្លាស់ប្តូរព័ត៌មានថ្មីៗជារៀងរាល់ឆ្នាំ ថែមទាំងអាចសម្រួលការងារដល់មនុស្សជាច្រើនដែលមានអាជីព និងរកប្រាក់ចំណូលនៅលើអ៊ីនធើណេតបានយ៉ាងរីករាយផងដែរ។
ចំពោះមូលហេតុដែលធ្វើឱ្យលោកបើកវេបសាយនេះជាអង្គភាពដែលមិនរកប្រាក់ចំណេញនោះ សហគ្រិនវ័យ៥៦ឆ្នាំរូបនេះបានលើកឡើងយ៉ាងដូច្នេះថា “ខ្ញុំអាចក្លាយជាមហាសេដ្ឋីបាន ប៉ុន្តែខ្ញុំគ្រាន់តែចង់ធ្វើជាមនុស្សសាមញ្ញ ហើយអាចជួយមនុស្សជាច្រើន ការដាក់កម្មវិធីនេះឱ្យប្រើប្រាស់ជាសាធារណៈ គឺជាការសម្រេចចិត្តដែលមានអត្ថន័យបំផុតក្នុងជីវិត ខ្ញុំអាចរកឃើញថាខ្ញុំរស់នៅដើម្បីការអប់រំនិងមានក្តីស្រឡាញ់លើវាជ្រាលជ្រៅជាងពេលខ្ញុំស្វែងរកលុយតែ១មុខគត់។ ម្យ៉ាងវិញទៀតបើខ្ញុំប្រើវេបសាយនេះដើម្បីរកប្រាក់ចំណេញនោះនឹងមានក្មេងៗជាច្រើននៅតំបន់ក្រីក្រមួយចំនួននឹងមិនមានលទ្ធភាពបង់លុយ ដើម្បីទទួលចំណេះដឹងពីវេបសាយមួយនេះ”។
គួរជម្រាបផងដែរថា Wikipedia បានបង្កើតឡើងនៅឆ្នាំ២០០១និង ជាវេបសាយដែលធំជាងគេទី៦របស់ពិភពលោក ដែលមានអត្ថបទជាង៣០០ភាសា។ ស្ថាប័ននេះអាចដំណើរការទៅបានដោយសារការបរិច្ឆោគរបស់អ្នកប្រើប្រាស់ និងសប្បុរសជន។ នាពេលបច្ចុប្បន្ននេះក្រុមហ៊ុនមួយនេះមានបុគ្គលិក ២៨២ នាក់ ជាទូទៅបុគ្គលិកត្រូវបានផ្តល់ប្រាក់ឈ្នួលជាម៉ោង ឬប្រាក់ប្រចាំខែ៕
អត្ថបទដោយ៖ ពីង ជូអេង