បើនិយាយពីធនាគារ គេតែងតែនឹកឃើញដល់ធនាគារស្វីស ព្រោះប្រទេសស្វីសគឺល្បីល្បាញខាងប្រព័ន្ធធនាគារ ហើយក៏មានមនុស្សជាច្រើនដាក់ប្រាក់បញ្ញើនៅធនាគាររបស់ស្វីស ជាពិសេសពួកអ្នកមានៗ សេដ្ឋីជាច្រើនតែងតែដាក់ប្រាក់បញ្ញើនៅធនាគារប្រទេសនេះ។
ខាងក្រោមនេះគឺជាហេតុផលមួយចំនួនដែលអ្នកមានៗជាច្រើនចូលចិត្តទុកលុយនៅធនាគាររបស់ស្វីស
១. ធនាគារស្វីសការពារអត្តសញ្ញាណរបស់អ្នក
អត្ថប្រយោជន៍ចម្បងដែលមនុស្សជាច្រើនយកលុយទៅទុកនៅធនាគារស្វីសគឺដោយសារធនាគារស្វីសអាចរក្សាការសម្ងាត់ រក្សាឯកជនភាពម្ចាស់គណនី។ ត្រង់នេះធនាគារមិនបញ្ចេញឈ្មោះអតិថិជនរបស់ខ្លួនទៅកាន់ក្រុមអ្នកស៊ើបអង្កេតឬរដ្ឋាភិបាលអន្តរជាតិនៃប្រទេសណាមួយឡើយ។ កត្តានេះបានធ្វើឲ្យធនាគារស្វីសជាប់ជាធនាគារដែលមានគេទុកចិត្តបំផុតលើពិភពលោក។
២. មិនថាគណនីមានអ្វីកើតឡើង ធនាគារនឹងសងប្រាក់គ្រប់ចំនួន
មិនថាមានព្រឹត្តិការណ៍ គ្រោះធម្មជាតិ ភ្លៀងឆេះ ឬអ្វីៗក៏ដោយ គណនីធនាគាររបស់អ្នកគឺមានសុវត្ថិភាព។ បើយោងតាមសមាគមន៍ធនាគារស្វីសបានឲ្យដឹងថា បើមានហេតុការណ៍ធ្វើឲ្យបាត់បង់លុយខាងធនាគារនឹងសងជូនដល់ម្ចាស់គណនី១០០%តែម្ដង។
៣. គាំទ្រដោយរូបិយប័ណ្ណដែលមានសុវត្ថិភាពបំផុត
ច្បាប់របស់ប្រទេសស្វីសបានប្រឹងប្រែងការពារគណនីធនាគាររបស់អ្នកដាក់ប្រាក់បញ្ញើ ហើយលុយហ្វ្រង់របស់ស្វីសគឺជារូបិយប័ណ្ណមួយដ៏ខ្លាំងបំផុតលើពិភពលោក។ ជាធម្មតាលុយហ្វ្រង់ជារូបិយប័ណ្ណមួយដែលមិនងាយធ្លាក់ថ្លៃឡើយបើទោះបីជាមានបញ្ហាអតិផរណាកើនឡើងខ្លាំងក៏ដោយ ដូច្នេះវាជាផ្នែកនៃការការពារលុយរបស់អ្នកដាក់ប្រាក់បញ្ញើ។
៤. សេដ្ឋកិច្ចស្វីសរឹងមាំ
លុយហ្រ្វង់របស់ស្វីសជារូបិយប័ណ្ណដែលខ្លាំង ប្រទេសស្វីសក៏ជាប្រទេសមួយនៅអឺរ៉ុបដែលមានសេដ្ឋកិច្ចរឹងមាំ។ នៅត្រង់ចំណុចទោះជាបញ្ហាវិបត្តធ្វើឲ្យប៉ះពាល់ដល់ទីផ្សារសកលក៏មិនរងផលប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ចរបស់ប្រទេសស្វីសឡើយ។ ដូច្នេះជាកន្លែងមួយដែលមនុស្សជាច្រើនចង់យកលុយមកដាក់ព្រោះអាចការពារលុយរបស់ពួកគាត់។
ដើម្បីទទួលបានព័ត៌មានថ្មីៗរហ័សអាចចូលគ្រុបតេឡេក្រាមរបស់ Business Cambodia https://t.me/Businesscambodiawebsite