កំពង់ផែទេសចរណ៍អន្ដរជាតិកំពត គ្រោងនឹងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះហើយ ក្រោយគម្រោងនេះត្រូវបានដាក់ឲ្យដំណើរការសាកល្បងតាំងពីអំឡុងខែធ្នូ ឆ្នាំ២០២៤ រួចមក។ ខណៈពិធីសម្ពោធនេះនឹងប្រព្រឹត្ដិឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
យោងតាមដកស្រង់ពីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម អៀង វ៉េងស៊ុន រដ្ឋលេខាធិការ ក្រសួង និងជាប្រធានគណៈកម្មការ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការត្រៀមរៀបចំពិធីសម្ពោធលើ និងមានការអញ្ជើញចូលរួមពី ឯកឧត្តមជាថ្នាក់ដឹកនាំក្រសួង និងមន្ត្រីពាក់ព័ន្ធ ដែលជាសមាជិក សមាជិកាអនុគណៈកម្មការចំណុះ ជាច្រើនរូបផងដែរ។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យលើវឌ្ឍនភាពនៃដំណើរការរៀបចំ ដែលបានផ្ដល់ជូនដល់សមាជិក សមាជិកាគណៈកម្មការ និងអនុគណៈកម្មការសម្រាប់ត្រៀមរៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែទេសចរណ៍អន្តរជាតិកំពត ដើម្បីជំរុញបញ្ចប់ការងារដែលនៅសេសសល់ឱ្យបានរួចរាល់តាមផែនការដែលបានគ្រោងទុក។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមប្រធានគណៈកម្មការ បានលើកទឹកចិត្ត និងបានផ្តាំផ្ញើឱ្យគណៈកម្មការ និងអនុគណៈកម្មការទាំងអស់ សម្រេចភារកិច្ចការងារដែលបានដាក់ជូនឱ្យបានល្អប្រសើរ ដើម្បីញ៉ាំងឱ្យកម្មវិធីនាឱកាសនោះអាចប្រព្រឹត្តទៅបានដោយរលូន ជោគជ័យ និងប្រកបដោយប្រសិទ្ធភាពខ្ពស់។
សូមជម្រាបជូនថា កំពង់ផែទេសចរណ៍អន្តរជាតិកំពតថ្មីនេះ មានទីតាំងភូមិសាស្រ្តស្ថិតនៅក្នុងភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត ត្រូវបានសាងសង់ឡើងនៅលើផ្ទៃដីទំហំ ៤,២៥ហិកតា និងមានចម្ងាយ ៦ គីឡូម៉ែត្រពីក្រុងកំពត និងបានចំណាយថវិកាសាងសង់ប្រមាណជាង ១៨ លានដុលារ៕