សង្រ្គាមនៅមជ្ឈិមបូព៌ាកាន់តែក្ដៅតែមានបន្តធ្លាក់ចុះ អ្នកជំនាញបង្ហើបពីកត្តាធំៗដែលធ្វើឲ្យមាសដាំក្បាលចុះ
Toeuy HongJUNE 23 2025321 views

 យើងដឹងហើយថានៅប៉ុន្មានសប្ដាហ៍ចុងក្រោយនេះបញ្ហាសង្រ្គាមនៅតំបន់មជ្ឈិមបូព៌ារវាងប្រទេសអ៊ីស្រាអែលនិងប្រទេសអ៊ីរង់កាន់តែឡើងកម្ដៅប៉ុន្ដែតម្លៃហាងឆេងមាសនៅលើទីផ្សារអន្តរជាតិបែរជាធ្លាក់ចុះទៅវិញ។ ជាក់ស្ដែងនៅថ្ងៃនេះមាសបន្តធ្លាក់មកត្រឹម៣៣៦៣ដុល្លារក្នុងមួយអោន( ស្មើនឹង៤០៥១ដុល្លារក្នុង១តម្លឹង)

បើយោងតាមការលើកឡើងរបស់លោក សួន សាង នាយកប្រតិបត្តិក្រុមហ៊ុន GoldenFourtune Derivatives Exchange( GFDE) បានឲ្យដឹងថាមូលហេតុដែលមាសឡើងថ្លៃគឺដោយសារតែតម្រូវការមាសមានការធ្លាក់នៅអំឡុងខែមិថុនា ដោយសារតែមិនសូវមានការរៀបអាពាហ៍ពិពាហ៍ឬបុណ្យទានផ្សេងៗ។ ចំណែកប្រទេសដែលមានតម្រូវការមាសច្រើនជាងគេគឺប្រទេសចិននិងឥណ្ឌាប៉ុន្ដែនៅអំឡុងមិថុនានេះមិនសូវមានតម្រូវការមាសដូច្នេះហើយមាសក៏កាន់តែធ្លាក់ចុះ។

លោកបានបន្ថែមទៀតថាអត្រាការប្រាក់ក៏ជាកត្តាមួយដែលធ្វើឲ្យតម្លៃមាសបន្តធ្លាក់ថ្លៃផងដែរ។ ជាក់ស្ដែងកាលពីសប្ដាហ៍មុនសហភាពអឺរ៉ុបប្រកាសឈប់ទម្លាក់អត្រាការប្រាក់ ដោយរក្សាអត្រាការប្រាក់នៅដដែល។ ការរក្សាអត្រាប្រាក់ធ្វើឲ្យអត្រាការប្រាក់នៅតែខ្ពស់ ហើយគួបផ្សំនឹងអតិផរណាថយចុះផងនោះបានធ្វើឲ្យអត្រាប្រាក់កើនឡើង។ ហើយកាលណាអត្រាប្រាក់កើនឡើង អ្នកមានមាសសុខចិត្តលក់មាសចេញហើយយកលុយមកដាក់ធនាគារដើម្បីបានការប្រាក់ច្រើន ជាជាងទុកមាសអត់ទទួលបានការប្រាក់។

លោកបានបង្ហើបទៀតថាទំនោរហាងឆេងមាសក្នុងរយៈពេលវែងមាសអាចបន្តឡើងវិញប៉ុន្ដែមិនឡើងខ្លាំងពីមុនទៀតទេ។ យ៉ាងណាមិញឱកាសធ្លាក់ចុះអាចមានច្រើននៅខណៈមាសបានឡើងដល់តម្លៃខ្ពស់បំផុតរួចហើយ។

គួរបញ្ជាក់ផងដែរថាបើតាមការព្យាកររបស់ធនាគារ Citi Bank បានព្យាករថាតម្លៃហាងឆេងមាសអាចនឹងធ្លាក់ថ្លៃមកត្រឹមចន្លោះ២៥០០ទៅ២៧០០ដុល្លារក្នុងមួយអោននៅពាក់កណ្ដាលឆ្នាំ២០២៦ដែលគិតជាតម្លឹងគឺធ្លាក់ចុះមកចន្លោះ៣០១២ដុល្លារទៅ៣២៥៣ដុល្លារក្នុងមួយតម្លៃ ឬស្មើនឹង៣០១ទៅ៣២៥ដុល្លារក្នុងមួយជី៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia