មហាសេដ្ឋីស្វីសរូបសង្ហាសាងទ្រព្យសម្បត្តិ២៣ពាន់លាន$ ពីមុខជំនួញបច្ចេកវិទ្យាមួយនេះ
Kan DaraSEPTEMBER 2 2022290 views

 

បើគេនិយាយដល់ប្រទេសដែលនៅក្នុងក្តីស្រមៃមនុស្សភាគច្រើន គេប្រាកដជានឹកឃើញដល់ ប្រទេសស្វីសដែលស្ថិតនៅប៉ែកអឺរ៉ុបសម្បូរ មហាសេដ្ឋីអ្នកមានៗច្រើនបំផុតនិងមានចំនួនប្រជាជនត្រឹម ៨លាននាក់ប៉ុណ្ណោះ។ ចំពោះលោកមហាសេដ្ឋីលេខ១​ របស់ស្វីសវ័យ៤១ឆ្នាំរូបនេះវិញប្រកបជំនួញមួយដែលធ្វើឱ្យគាត់មានទ្រព្យសម្បត្តិ ២៣ពាន់លានដុល្លារក្លាយជាអ្នកមានបំផុតនៅស្វីស។ នេះបើយោងតាមការចុះផ្សាយរបស់ទស្សនាវដ្តី Forbes គិតត្រឹមខែសីហា ឆ្នាំ​២០២២នេះ។

លោក Guillaume Pousaz គឺជាមហាសេដ្ឋីជនជាតិស្វីសសញ្ជាតិអារ៉ាប់រួមមួយរូបដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតក្នុងចំណោមមហាសេដ្ឋីទាំង២៣រូបរបស់ស្វីស។ ក្នុងនោះគាត់បានប្រកបរបរលើវិស័យ Fintech (ហិរញ្ញវត្ថុឌីជីថល​)ដែលមានក្រុមហ៊ុនឈ្មោះថា Checkout បានបង្កើតឡើងក្នុងឆ្នាំ​ ២០១២​ ដែលជាក្រុមហ៊ុនដំបូងគេបានដោះស្រាយបញ្ហានៃការបង់ប្រាក់តាមរយៈប្រព័ន្ធអនឡាញ។ ក្រុមហ៊ុន​ Checkout.com គឺដំណើរការទូទាត់ប្រាក់ ដែលអាចទាញអតិថិជនធំៗគ្រាក់ៗដូចជា Netflix, Farfetch, Grab និង Sony បូករួមទាំង fintechs អ៊ឺរ៉ុបដូចជា Klarna និង Revolut និងអ្នកលេង crypto ដូចជា Coinbase និង Crypto.com ជាដើម។

ក្រឡេកមកមើលប្រវត្តិសហគ្រិនបច្ចេកវិទ្យាអ៊ឺរ៉ុបរូបនេះវិញ គាត់បានសិក្សាផ្នែកគណិតវិទ្យា និងបរិញ្ញាបត្រសេដ្ឋកិច្ចនៅសកលវិទ្យាល័យ HEC Lausanne​​ ដ៏ល្បីមួយនៅក្នុងប្រទេសស្វីស។ គាត់មានក្តីស្រមៃចង់ក្លាយជាអ្នកវិនិយោគជាមួយវិស័យធនាគារ ប៉ុន្តែគាត់បានបោះ​បង់ការសិក្សា នៅសកលវិទ្យាល័យចាប់តាំងពីឆ្នាំ២០០៥ ក្រោយឪពុករបស់គាត់កើតជំងឺមហារីក។ បន្ទាប់មកគាត់បានផ្លាស់ទីលំនៅទៅកាន់សហរដ្ឋអាមេរិក ជាមួយអាជីពអ្នកជិះស្គីលើទឹករហូតដល់គាត់បានចាប់ផ្តើមក្រុមហ៊ុន Checkout នេះឡើងក្នុងឆ្នាំ២០១២បានដោយជោគជ័យ។

គូរបញ្ជាក់ផងដែរក្រុមហ៊ុន Checkout.com បានក្លាយជាក្រុមហ៊ុនចាប់ផ្តើមអាជីវកម្មដ៏មានតម្លៃបំផុតមួយនៅអឺរ៉ុប។ ក្រុមហ៊ុននេះមានបុគ្គលិកចំនួន ៦០០នាក់ក្នុងចំណោមបុគ្គលិក ១១០០ នាក់នៅទីក្រុងឡុងដ៍ ហើយនៅតែស្ថិតក្រោមការគ្រប់គ្រង ដោយនិយតករចក្រភពអង់គ្លេស អាជ្ញាធរប្រតិបត្តិហិរញ្ញវត្ថុ ការិយាល័យតូចៗមានមូលដ្ឋាននៅទីក្រុងប៉ារីស ប៊ែរឡាំង និងសាន់ហ្វ្រាន់ស៊ីស្កូ៕

អត្ថបទដោយ៖ ពីង ជូអេង (កូនត្រចៀកកាំ​ )

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia