កាលពីចុងខែមេសាឆ្នាំ២០២៣នេះក្រុមហ៊ុន Apple បានបញ្ចេញនូវសេវាកម្មថ្មីរបស់ខ្លួនគឺគណនីសន្សំជាមួយApple ដែលផ្ដល់ការប្រាក់ខ្ពស់រហូតដល់ទៅ៤.១៥%ក្នុងមួយឆ្នាំ ហើយគណនីសន្សំនេះទៀតសោត អ្នកប្រើប្រាស់ឧបករណ៍អេឡិចត្រូនិចរបស់Apple ដូចជាiPhone គឺអាចបើកនិងប្រើប្រាស់ក្នុងទូរស័ព្ទដៃរបស់ពួកគាត់ផ្ទាល់។
បើយោងតាមការចុះផ្សាយរបស់ Market Insider បានឲ្យដឹងថាគណនីសន្សំជាមួយនឹងការប្រាក់ខ្ពស់ដែលApple បានបញ្ចេញនេះគឺទើបតែដាក់ឲ្យប្រើប្រាស់ជាផ្លូវការបានតែ៤ថ្ងៃប៉ុណ្ណោះប៉ុន្ដែមានដាក់ប្រាក់សន្សំដល់ទៅជិត១ពាន់លានដុល្លារបាត់ទៅហើយ។
តើអ្នកណាខ្លះអាចបើកគណនីសន្សំប្រាក់ដោយទទួលបានប្រាក់ខ្ពស់តាមរយៈការបើកគណនីសន្សំជាមួយ Apple?
យោងតាមវេបសាយBankrate បានឲ្យដឹងថាអ្នកដែលមានសិទ្ធិអាចបើកគណនីសន្សំបានការប្រាក់ខ្ពស់ជាមួយក្រុមហ៊ុន Apple គឺអ្នកដែលប្រើប្រាស់ Apple Card ដោយអាចធ្វើប្រតិបត្តិការបានតាមរយៈ Apple Wallet លើឧបករណ៍អេឡិចត្រូនិចរបស់Apple ដូចជាiPhone ជាដើម។ គណនីសន្សំរបស់ Apple មិនតម្រូវឲ្យបង់សេវាប្រចាំខែឡើយ ហើយក៏មិនកំណត់ការដាក់ប្រាក់តិចបំផុតដែរ ប៉ុន្ដែអាចដាក់ប្រាក់សន្សំច្រើនបំផុតត្រឹម២៥ម៉ឺនដុល្លារ។
បើតាមការបញ្ជាក់របស់ក្រុមហ៊ុន Apple ផ្ទាល់បានឲ្យដឹងថារាល់ទឹកប្រាក់រង្វាន់ដែលអ្នកប្រើប្រាស់ Apple Card ទទួលបានពីបញ្ជារទិញទំនិញផ្សេងតាមរយៈ Apple Card នឹងត្រូវដាក់ចូលទៅគណនីសន្សំដោយស្វ័យប្រវត្តិ ហើយក្នុង Apple Card មាន Daily Cash ដែលជាទឹកប្រាក់រង្វាន់អ្នកប្រើប្រាស់ Apple Card អាចទទួលបានទឹកប្រាក់មកវិញរហូត៣%នៃទឹកប្រាក់ដែលពួកគាត់ចំណាយទិញទំនិញតាម Apple Card។
គួរបញ្ជាក់ផងដែរថា ការប្រាក់សន្សំ៤.១៥%ក្នុងមួយក្នុងគណនីសន្សំរបស់ Apple ដែលទើបបានតែបញ្ចេញឲ្យប្រើប្រាស់ក្នុងទូរស័ព្ទiPhone គឺបានការប្រាក់ខ្ពស់បើធៀបនឹងអត្រាប្រាក់ជាតិមធ្យមប្រចាំឆ្នាំនៅអាមេរិកខណៈអត្រារប្រាក់សន្សំជាតិអាមេរិកជាមធ្យមប្រចាំឆ្នាំត្រឹមតែ០.៣៥%ប៉ុណ្ណោះ៕