នៅប៉ុន្មានត្រីមាសចុងក្រោយនេះ លោក Brain Niccol ដែលជា CEO ទើបឡើងកាន់តំណែងថ្មីនៅក្រុមហ៊ុន Starbucks កំពុងប្រឹងប្រែងពង្រឹងកំណើននៃការលក់របស់កាហ្វេ Starbucks តាមរយៈយុទ្ធសាស្រ្តរក្សាតម្លៃមិនឱ្យកើនថ្លៃ។
ស្របពេលដែលការដំឡើងពន្ធគយរបស់រដ្ឋបាលលោក Trump អាចធ្វើឱ្យ Starbucks ប្រឈមនឹងការកើនតម្លៃលើសមុន ធ្វើឱ្យក្រុមហ៊ុនពិបាកសម្រេចគោលដៅ។
តាមប្រភពពី The Street បានឱ្យដឹងថា ថ្វីត្បិតតែ Starbucks ជាក្រុមហ៊ុនរបស់អាមេរិកក្តី តែកាហ្វេភាគច្រើនត្រូវបាននាំចូលពីប្រទេសជាង៣០នៅជុំវិញពិភពលោក ដោយប្រភពកាហ្វេនិងវត្ថុធាតុដើមសំខាន់ៗនាំចូលពីតំបន់ចំនួនបីរួមមាន អាមេរិកឡាទីន អាហ្វ្រិក និងអាស៊ីប៉ាស៊ីហ្វិក។
ក្នុងនោះតំបន់អាស៊ីគឺជាតំបន់មួយដែលរដ្ឋបាល Trump ដាក់ពន្ធខ្ពស់បំផុតកាលពីថ្ងៃទី០២មេសា។ ជាក់ស្តែងប្រទេសវៀតណាម កំពុងប្រឈមមុខនឹងពន្ធ៤៦% លើទំនិញដែលនាំចូលទៅកាន់អាមេរិក ខណៈវៀតណាមក៏ជាដៃគូផ្តត់ផ្គង់គ្រាប់កាហ្វេអារ៉ាប៊ីកា កម្រិតខ្ពស់មួយសម្រាប់សហរដ្ឋអាមេរិកផងដែរ។
សូមបញ្ជាក់ថាគោលដៅរបស់ Starbucks គឺជាការស្តារអាជីវកម្មដើម្បីប្រកួតប្រជែងជាមួយដៃគូដែលលក់កាហ្វេក្នុងតម្លៃថោក តាមរយៈការរក្សាគុណភាពមិនឱ្យចាញ់ គូប្រជែងថ្មីៗ សម្រួលម៉ឺនុយឱ្យខ្លីជាងមុន និងរក្សាតម្លៃមិនឱ្យកើនឡើងនៅឆ្នាំ២០២៥នេះ៕
អត្ថបទដោយ៖ ពីង ជូអេង


