កិច្ចសហការជាប្រវត្តិសាស្ត្រ! ក្រុមហ៊ុនយក្សទាំង២ប្រចាំស្រុកខ្មែរ ជីប ម៉ុង និង រ៉ូយ៉ាល់ គុ្រប រៀបចំពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសំដៅជំរុញកំណើនសេដ្ឋកិច្ចជាតិ
Daneth MechAPRIL 8 2025

នៅក្នុងការផ្លាស់ប្តូរជាប្រវត្តិសាស្ត្រ​ ក្រុមហ៊ុន ជីប ម៉ុង (Chip Mong) និង ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប (Royal Group) ដែល​ជាក្រុមហ៊ុន​ដ៏​មាន​ឥទ្ធិពលបំផុតនៅក្នុងប្រទេសកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា(MoU) ក្នុងគោលបំណងជំរុញភាពរីកចម្រើនរួម កំណើនសេដ្ឋកិច្ច និងលើកកម្ពស់វិបុលភាពជាតិ។

ពិធីចុះហត្ថលេខានេះ ធ្វើឡើងក្រោមអធិបតីភាព លោកអ្នកឧកញ៉ា ភាព ហៀក ស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង, លោកអ្នកឧកញ៉ា លាង ឃុន និងអ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក ក្រុមហ៊ុន ជីប ម៉ុង, អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប, ព្រមទាំងសមាជិកក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំ របស់ក្រុមហ៊ុន ជីប ម៉ុង និង រ៉ូយ៉ាល់ គ្រុបនៅឯសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ កាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥។

Photo 2025 04 08 16 07 34

1

ក្នុងឱកាសដ៏ឱឡារិកនេះ លោកអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង មានប្រសាសន៍ថា៖ «ភាពជាដៃគូនេះមិនមែនគ្រាន់តែជាកិច្ចព្រមព្រៀងរវាងក្រុមហ៊ុនឈានមុខគេពីរប្រចាំប្រទេសនោះទេ វាគឺជាគំនិតផ្តួចផ្តើមដ៏អង់អាច ដែលនឹងចូលរួមអភិវឌ្ឍរយៈពេលវែងដ៏គួរឱ្យកត់សម្គាល់នាពេលអនាគតរបស់ប្រទេសកម្ពុជា»។

លោកអ្នកឧកញ៉ា បានថ្លែងបន្ថែមថា៖ «ដូចសុភាសិតខ្មែរមួយលើកឡើងថា ចង្កឹះមួយបាច់ កាច់មិនបាក់។ ប្រទេសកម្ពុជា យើងទាមទារឱ្យក្រុមហ៊ុនខ្មែរចាប់ដៃគ្នា បង្កើនស្មារតីសហការគ្នាប្រកបដោយឆន្ទៈពិតប្រាកដ ដោយយកចំនុចខ្លាំងមកផ្គុំគ្នាជាធ្លុងមួយ ដើម្បីក្លាយជាចន្ទល់ដ៏រឹងមាំសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។»

តាមរយៈកិច្ចសហការដោយក្រុមហ៊ុនទាំង២ ប្រើប្រាស់ភាពខ្លាំង ជំនាញ និងចក្ខុវិស័យរួមគ្នារបស់ ក្រុមហ៊ុន ជីប ម៉ុង និង ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប កំពុងដាក់មូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់កិច្ចខិតខំប្រឹងប្រែងរួមគ្នាដែលនឹងជះឥទ្ធិពលយ៉ាងខ្លាំងដល់វិស័យអាជីវកម្មសំខាន់ៗរួមមាន៖ វិស័យធនាគារ ថាមពល សំណង់ និងអចលនទ្រព្យ បដិសណ្ឋារកិច្ច ទំនាក់ទំនង ភេសជ្ជៈ និងការអប់រំជាដើម។ ភាពជាដៃគូនេះ ឆ្លុះបញ្ចាំងពីចក្ខុវិស័យរួមគ្នារបស់ក្រុមហ៊ុនទាំងពីរ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជំរុញគោលដៅអភិវឌ្ឍរយៈពេលវែងរបស់ប្រទេសកម្ពុជា។

Photo 2025 04 08 16 07 24

Photo 2025 04 08 16 07 16

Photo 2025 04 08 16 07 32

គោលបំណងសំខាន់នៃ MOU រួមមាន៖

  • ការលើកកម្ពស់ភាពស៊ីសង្វាក់គ្នានៃធុរកិច្ច៖ រួមបញ្ចូលគ្នានូវជំនាញបន្ថែម និងការប្រកួតប្រជែងខ្ពស់ក្នុងទីផ្សារ ដើម្បីជំរុញភាពរីកចម្រើន និងការអភិវឌ្ឍសេដ្ឋកិច្ចជារួមរបស់ប្រទេសជាតិ។
  • ការជំរុញការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ៖ ការចាប់ផ្តើមបណ្តាក់ទុនរួមគ្នា ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព។
  • ការបង្កើតឱកាសការងារ៖ ការចូលរួមកសាងធនធានមនុស្ស បង្កើតឱកាសការងារ និងបណ្តុះជំនាញជូនប្រជាពលរដ្ឋ។

ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ បង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមោះមុត របស់ក្រុមហ៊ុន ជីប ម៉ុង និង ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ចំពោះភាពច្នៃប្រឌិត ឧត្តមភាព និងការអភិវឌ្ឍប្រកបដោយចីរភាពរបស់កម្ពុជា។ ក្រុមហ៊ុនខ្មែរទាំងពីរ មានម្ចាស់ជាសហគ្រិនខ្មែរ មានប្រវត្តិដ៏ល្បីល្បាញនៃការវិនិយោគលើការរីកចម្រើនរបស់ប្រទេសកម្ពុជា។

គំនិតផ្តួចផ្តើមសហការនេះស្របតាមមហិច្ឆតារបស់រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងរៀបចំដាក់ចេញនូវចក្ខុវិស័យរយៈពេលវែង ដោយចង់ប្រែក្លាយកម្ពុជា ឲ្យទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានមានប្រសាសន៍ថា៖ «នៅពេលដែលយើងចាប់ផ្តើមដំណើរផ្លាស់ប្តូរនេះ យើងនៅតែផ្តោតលើបេសកកម្មរបស់យើងដើម្បីជំរុញការរីកចម្រើន បង្កើតឱកាស និងរួមចំណែកដល់ភាពជោគជ័យជាបន្តបន្ទាប់របស់កម្ពុជា»។

Photo 2025 04 08 16 07 19

Photo 2025 04 08 16 07 30

Photo 2025 04 08 16 07 27

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia