កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ មជ្ឍមណ្ឌលស្រាវជ្រាវនិងនវានុវត្តនៃ នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានរៀបចំឱ្យមានកិច្ចពិភាក្សានិងការធ្វើបទបង្ហាញអំពីផលិតផលគំរូនៃអាជីវកម្មរបស់អ្នកស្រាវជ្រាវដើម្បីស្វែងរកដៃគូវិនិយោគ មានឈ្មោះថា Venture Spark – “Where Ideas meet Investment” ដោយកម្មវិធីនេះមានវិនិយោគិនមកពីគ្រប់ទិសទីបានចូលរួមដោយសេរីនិងឥតគិតថ្លៃ ចំនួន៣០ក្រុមហ៊ុនក្នុងវិស័យឯកជននិង ដៃគូជាសកលវិទ្យាល័យចំនួន៣។
កម្មវិធីបានចាប់ផ្ដើមជាមួយនឹងការណែនាំអំពី ចក្ខុវិស័យ និង បេសកកម្ម របស់មជ្ឈមណ្ឌលស្រាវជ្រាវ និងនវានុវត្តន៍ ដោយ លោកបណ្ឌិត អោ ច័ន្ទម៉ូលី ប្រធានមជ្ឈមណ្ឌលស្រាវជ្រាវ និងនវានុវត្តន៍។ ភ្ជាប់ជាមួយសុន្ទរកថាបើកកម្មវិធី ដោយ លោក បណ្ឌិត ប៊ុន ឡុង នាយករងនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC)ដែលបានផ្ដល់អត្ថាធិប្បាយអំពីសារៈសំខាន់នៃការភ្ជាប់ការស្រាវជ្រាវជាមួយឧស្សាហកម្ម ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា។
ក្នុងនោះកម្មវិធីពិសេសនេះក៏មានការចូលរួមពីអាជីវកម្មដែលគាំទ្រដោយ មជ្ឍមណ្ឌលស្រាវជ្រាវនិងនវានុវត្តនៃ នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ជួយបង្កើតឱកាសពិសេសសម្រាប់អ្នកស្រាវជ្រាវដែលមានចក្ខុវិស័យវែងឆ្ងាយ ក្នុងការបង្កើតអាជីវកម្មអាចចូលរួមដោះស្រាយបញ្ហាសង្គម ស្វែងរកកិច្ចសហការដ៏មានសក្តានុពលពីសំណាក់វិនិយោគិនដែលមានគោលដៅតែមួយនិងមានបំណងចូលរួមជាដៃគូសហការ។
ព្រឹត្តិការណ៍នេះមានការចូលរួមពី អ្នកជំនាញក្នុងវិស័យចំនួនបួនរួមមាន កសិកម្ម-អាហារ , វិស័យអប់រំ, សំណង់, និងវិស័យថាមពល។ ក្នុងនោះអ្នកជំនាញដែលមកពីវិស័យទាំងអស់រួមមាន៖
១. វិស័យកសិកម្ម ដែលមាន Spai-ស្ពៃ ជាផលិតផលកសិបច្ចេកវិទ្យា សម្រាប់ស្រោចស្រាពទឹកស្វ័យប្រវត្តិឆ្លាតវៃ ដែលរួមឧបករណ៍គ្រប់គ្រងចម្ការបែបឌីជីថល ជួយដោះស្រាយបញ្ហាកសិកម្មកាត់បន្ថយការចំណាយ។ រីឯវិស័យអាហារ ដែលមាន Techno Beverages ជាទឹកផ្លែឈើធម្មជាតិ មានសុពលភាពខ្ពស់និងអនាម័យល្អ រក្សាទុកបានយូរដោយមិនប្រើសារធាតុរក្សាទុក។
២. វិស័យអប់រំ ដែលមានបច្ចេកវិទ្យាសម្រាប់បង្រៀនកុមារ Khmer Penpal ជាកម្មវិធីជួយដោះស្រាយបញ្ហាកុមារ ពិបាកសរសេរភាសាខ្មែរនៅថ្នាក់ដំបូង តាមរយៈបញ្ញាសិប្បនិមិត្ត។
៣. វិស័យសាងសង់ ដែលមាន Rubber floor Tiles ជាផលិតផលកម្រាលកៅស៊ូដែលមានភាពរឹងមាំ ប្រើវត្ថុធាតុដើមពីកៅស៊ូដែលអាចប្រើប្រាស់បានយូរ និងមានភាពតាន់សម្រាប់កន្លែងហាត់ប្រាណ និងកន្លែងពាណិជ្ជកម្មផ្សេងៗ។ រីឯ Eco Craft ជាឥដ្ឋបរិស្ថានផលិតពីសំបកដូង ដែលផ្តល់ជាជម្រើសល្អសម្រាប់ការអភិរក្សបរិស្ថានក្នុងវិស័យសំណង់។
៤. វិស័យថាមពលស្អាតមាន Biomass Briquette ជាផលិតផលច្នៃពី កាកសំណល់កសិកម្ម ដូចជាក្រដាស ស្លឹកឈើនិងកាកអំពៅទៅជាដុំអុស សម្រាប់ប្រើប្រាស់លើការបង្កើតថាមពលបន្ត សម្រាប់ប្រើប្រាស់ក្នុងផ្ទះនិងអាជីវកម្មផ្សេងៗ។
បន្ថែមពីនោះកម្មវិធីក៏មានកិច្ចពិភាក្សាតាមបន្ទប់ដាច់ដោយឡែក សម្រាប់អ្នកចូលរួមដែលជាវិនិយោគិនទាំងអស់អាចចូលស្តាប់និងសួរសំណួរអំពីអាជីវកម្មនិងគំនិតរបស់ពួកគេក្នុងការបង្កើតនិងដំណើរអាជីវកម្មទាំងនោះ។ តាមរយៈកម្មវិធីនេះអ្នកចូលរួមអាចទទួលបានចំណេះដឹងនិងការស្វែងយល់បន្ថែមអំពីវិស័យនីមួយៗដែលខ្លួនចាប់អារម្មណ៍ឱ្យកាន់តែច្បាស់លាស់ ដើម្បីងាយស្រួលនិងមានទំនុកចិត្តក្នុងការសហការវិនិយោគ។
ក្រោយស្តាប់ការធ្វើបង្ហាញនិងកិច្ចពិភាក្សាដោយឡែកតាមវិស័យ អំពីគំនិតនិងប្រតិបត្តិការអាជីវកម្មរបស់សហគ្រិនដែលជាអ្នកស្រាវជ្រាវនៃមជ្ឍមណ្ឌលស្រាវជ្រាវនិងនវានុវត្ត នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា លោក ជា សុខហុី ដែលជាអ្នកដឹកនាំអាជីវកម្មមួយរូបបានបញ្ចេញមតិយោបល់ដូច្នេះថា៖ លោកពិតជាមានអារម្មណ៍ថារីករាយនិងទទួលបានចំណេះដឹងនវានុវត្តន៍ថ្មីៗពីសំណាក់កម្មវិធីមួយនេះ ដោយលោកសំណូមពរឱ្យកម្មវិធីនេះបង្កើតឡើងឱ្យកាន់តែទូលំទូលាយ នៅក្នុងប្រទេសកម្ពុជា ដើម្បីចូលរួមជួយអ្នកស្រាវជ្រាវ ពង្រីកគំនិតនិងអាជីវកម្មដែលអាចចូលរួមដោះស្រាយបញ្ហាសង្គមនិងអភិវឌ្ឍន៍ភាពជាសហគ្រិនក្នុងស្រុកខ្មែរឱ្យកាន់តែរីកចម្រើន។
សូមជម្រាបថាកម្មវិធី Venture Spark – “Where Ideas meet Investment” បានប្រព្រឹត្តិទៅដោយរលូននិងជោគជ័យ ដោយភ្ញៀវកិត្តិយសមកពីស្ថាប័នរដ្ឋនិងឯកជនល្បីៗ បានទទួលអាហារនិងភេសជ្ជៈពិភាក្សាគ្នាបន្ត ហើយផ្លាស់ប្តូរយោបល់គ្នាលើប្រធានបទផ្សេងៗ បង្កើតជាទំនាក់ទំនងនិងកិច្ចសហការថ្មីៗក្រោមការរៀបចំរបស់ មជ្ឈមណ្ឌលស្រាវជ្រាវ និងនវានុវត្ត- Research and Innovation Center ៕