មានមនុស្សជាច្រើនមិនទាន់យល់ច្បាស់រវាងបំណុលនិងទ្រព្យហើយចាយលុយទិញបំណុលដោយគាត់ថាជាទ្រព្យដូច្នេះហើយទើបធ្វើឲ្យមនុស្សមួយចំនួនធំមិនងាយសល់លុយ សល់ទ្រព្យ រស់នៅស្ពាយបំណុលច្រើនជាងទ្រព្យហើយមិនអាចកសាងភាពមានបានក្នុងជីវិត។
ខាងក្រោមនេះ គឺជារបស់មួយចំនួន បើអ្នកមានវាគេមើលទៅដូចជាអ្នកមាន តែផ្ទុយទៅវិញរបស់ទាំងអស់នេះបើអ្នកមិនអាចប្រើប្រាស់ដើម្បីបង្កើតចំណូលនោះ អ្នកមិនងាយអាចកសាងទ្រព្យបានឡើយហើយវាអាចជាបំណុលទៀតផង។
១. ទូរស័ព្ទទំនើប
ទូរស័ព្ទគឺជាឧបករណ៍អេឡិចត្រូនិចដែលតម្លៃរបស់វាងធ្លាក់ថ្លៃយ៉ាងឆាប់រហ័សបន្ទាប់ពីអ្នកទិញវាយកទៅប្រើប្រាស់។ បច្ចុប្បន្នមនុស្សជាច្រើនមិនថាក្មេងចាស់ប្រុសស្រី សុទ្ធតែចង់បានព្រោះវាជាសម្ភារនិយមដែលមនុស្សត្រូវការក្នុងសម័យឌីជីថល។
យ៉ាងណាមិញមនុស្សមួយចំនួនតែងតែចាយលុយលើសលទ្ធភាពទៅលើទូរស័ព្ទដៃទំនើបដើម្បីឲ្យគេមើលមកឡូយដោយទិញបង់រំលស់លើសពីលទ្ធភាពរបស់ខ្លួន។ ត្រង់នេះបើអ្នកប្រើប្រាស់វាដើម្បីបង្កើនចំណូលពិតជាល្អ ប៉ុន្ដែអ្នកខ្លះទិញលើសលទ្ធភាពសុខចិត្តកាត់អាយុខ្លួនឯងដើម្បីប្ដូរយកទូរស័ព្ទ។
ឧទាហរណ៍បើអ្នកមានប្រាក់ខែ៥០០ដុល្លារ ហើយទិញបង់រំល់ស iPhone 15 Pro Max តម្លៃ២ពាន់ដុល្លារ នោះមានន័យថាអ្នកកាត់អាយុខ្លួនឯង៤ខែដើម្បីដូរយកទូរស័ព្ទមួយគ្រឿង។ បើអ្នកប្រើប្រាស់ទូរស័ព្ទថ្លៃហើយដេញស៊េរីរាល់ថ្ងៃ អ្នកនឹងគ្មានសល់លុយជាដុំកំភួនឡើយបើអ្នកមិនអាចប្រើវារកចំណូលឲ្យអ្នក។ ឧទាហរណ៍ទិញទូរស័ព្ទតម្លៃ ១៥០០ដុល្លារ ប្រើបាន៣ឆ្នាំ នោះ៣ឆ្នាំក្រោយអ្នកត្រូវបន្តរកលុយទៀតដើម្បីទិញទូរស័ព្ទថ្មីទៀត ហើយជាលទ្ធផល លុយមិនសល់ទ្រព្យក៏មិនមាន។
១. ឡាន
ឡានគឺមធ្យោបាយធ្វើដំណើរចាំបាច់សម្រាប់មនុស្សក្នុងការធ្វើដំណើរទៅឆ្ងាយៗ។ ប៉ុន្ដែឡានគឺជារបស់ធ្លាក់ថ្លៃលឿនបំផុតពោលគឺបើអ្នកទិញឡានថ្មីបើកចេញពីហាងលក់ឡាននោះតម្លៃវាធ្លាក់ថ្លៃជាង១០%ភ្លាមៗតែម្ដង ហើយមួយឆ្នាំក្រោយតម្លៃវាធ្លាក់បន្តទៀតប្រមាណជា២៥%។
ដូច្នេះបើអ្នកមិនអាចប្រើវាដើម្បីបង្កើនចំណូល អ្នកគួរទិញឡានតម្លៃធូថ្លៃតាមលទ្ធភាពរបស់អ្នកព្រោះបើអ្នកមិនអាចប្រើវាបង្កើតចំណូលទេនោះឡានគឺជាបំណុលពោលគឺរាល់ខែអ្នកត្រូវចំណាយលុយចាក់សាំង ថែទាំនិងជួសជុល។ ជាការពិតណាស់ឡានជាមធ្យោបានធ្វើដំណើរសំខាន់ តែបើអ្នកទិញថ្លៃពេកលើសពីលទ្ធភាពនឹងធ្វើឲ្យអ្នកស្ពាយបំណុលយូរបើអ្នកទិញបង់រំលស់ ហើយធ្វើឲ្យអ្នកបាត់ឱកាសក្នុងការយកលុយទៅវិនិយោគនិងរកស៊ីដើម្បីកសាងភាពមានបានក្នុងជីវិត។
៣. ទិញផ្ទះថ្លៃពេក
ផ្ទះធំទ្រនំខ្ពស់មិនមានន័យថាអ្នកជាអ្នកមាននោះទេបើផ្ទះរបស់អ្នកមិនអាចបង្កើតចំណូលដល់អ្នក។ អ្នកខ្លះរស់នៅរងសម្ពាធលុយកាក់ព្រោះតែផ្ទះ ដោយពួកគាត់ទិញផ្ទះថ្លៃហួសប្រមាណមួយខែៗដកប្រាក់ចំណូលមកបង់រំលស់ហើយរស់នៅរងសម្ពាធលុយកាក់ព្រោះតែលុយមួយផ្នែកធំត្រូវយកទៅបង់រំលស់ប្រចាំខែ។
ជាការពិតណាស់ផ្ទះពិតជាសំខាន់ព្រោះវាជាជម្រកកក់ក្ដៅសម្រាប់គ្រួសារ ប៉ុន្ដែបើអ្នកទិញផ្ទះថ្លៃពេកជាពិសេសទិញតាមរយៈបង់រំលស់អ្នកនឹងស្ពាយបំណុលជាប់ខ្លួនរាប់ឆ្នាំព្រោះមួយខែៗអ្នកត្រូវដកលុយបង់រំលស់ហើយផ្ទះបង់រំលស់ជាមធ្យមពី១០ទៅ២០ឆ្នាំ ដែលធ្វើឲ្យអ្នកបាត់ឱកាសក្នុងយកលុយទៅកសាងទ្រព្យចិញ្ចឹមជីវិត។