គម្រោងវិនិយោគទាំង១៣ ដែលមានទុនវិនិយោគសរុបចំនួន ៩៩ លានដុល្លារ បានបោះទីតាំងវិនិយោគនៅរាជធានី-ខេត្ដចំនួន ៦ រួមមាន៖ រាជធានីភ្នំពេញ ខេត្តកណ្តាល តាកែវ កំពង់ស្ពឺ កំពង់ឆ្នាំង និងត្បូងឃ្មុំ ។ ដោយគម្រោងវិនិយោគទាំងនេះ ក៏បានបង្កើតឱកាសការងារបានប្រមាណ ៥,៥ពាន់កន្លែងជូនពលរដ្ឋក្នុងតំបន់ផងដែរ។ នេះបើតាមការចេញផ្សាយដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។
ប្រភពដដែលឲ្យដឹងថា នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានរៀបចំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទាំង ១៣គម្រោងខាងលើផងដែរ។ ដោយកិច្ចប្រជុំនេះមានការចូលរួមក្រោមអធិបតីភាព ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់តំណាងក្រសួង-ស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្តពាក់ព័ន្ធ។
តាមការបញ្ជាក់ពី CDC គម្រោងវិនិយោគទាំងនេះ មានមុខសញ្ញាវិនិយោគក្នុងវិស័យឧស្សាហកម្មចំនួន១១គម្រោងដូចជា៖ (ផ្គុំដំទ្បើងរថយន្ត, ផលិតសម្ភារៈបរិក្ខាសម្រាប់កន្ទុយសណ្តោងរថយន្តនិងគ្រឿងបន្ទាប់បន្សំ, ផលិតសម្ភារៈបំពាក់និងតុបតែងរថយន្ត, ផលិតបរិក្ខារអគ្គិសនីបំភ្លឺ បរិក្ខារអគ្គិសនីលម្អ និងគ្រឿងបន្ទាប់បន្សំអគ្គិសនីគ្រប់ប្រភេទ, ផលិតដើមណូអែល គ្រឿងលម្អ និងគ្រឿងបន្លាស់ដើមណូអែលគ្រប់ប្រភេទ, ផលិតគ្រឿងសង្ហារិមគ្រប់ប្រភេទ, ផលិតក្រដាសកាតុង, , ផលិតអេប៉ុង , ផលិតថង់ប្លាស្ទិក បង់ស្អិត និងក្រដាសម៉ាកឃឺ) និងវិស័យកសិ-ឧស្សាហកម្មចំនួន២គម្រោងគឺគម្រោងរោងចក្រកែច្នៃជ័រកៅស៊ូ។
គួរជម្រាបដែររថា គិតចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំ២០២៥នេះ កម្ពុជាបានចុះបញ្ជីគម្រោងវិនិយោគមានចំនួន ៤៤០គម្រោង គឺកើនឡើងចំនួន ២០៦គម្រោង ឬស្មើនឹងប្រមាណ ៨៨% ខណៈទំហំទុនវិនិយោគមានប្រមាណ ៦,៧ពាន់លានដុល្លារអាមេរិក កើនឡើងប្រមាណ ៣ពាន់លានដុល្លារអាមេរិក ស្មើនឹងប្រមាណ ៨៤% ធៀបនឹងរយៈពេល ដូចគ្នាក្នុងឆ្នាំ២០២៤។ ជាការកត់សម្គាល់ ត្រឹមតែរយៈពេល៧ខែនៃឆ្នាំ២០២៥ គណៈកម្មាធិការវិនិយោគកម្ពុជា បានចុះបញ្ជីគម្រោងវិនិយោគលើសការចុះបញ្ជីគម្រោងវិនិយោគពេញមួយឆ្នាំ២០២៤ រហូតដល់ទៅ ២៦គម្រោង។ នេះបើយោងតាមរបាយការណ៍របស់ CDC៕