ក្រុមហ៊ុន RMA Cambodia ដែលជាក្រុមហ៊ុនមានប្រភពមកពីសហរដ្ឋអាមេរិក បានកំពុងសិក្សាលើគម្រោងបង្កើតរោងចក្រដំឡើងត្រាក់ទ័រម៉ាក ចនឌារ (John Deere) ដែលជាយីហោរដ៏ល្បីល្បាញរបស់សហរដ្ឋអាមេរិកនៅលើទឹកដីប្រទេសកម្ពុជា។ នេះបើយោងតាមការលើកឡើងរបស់លោក ងន សាំង អគ្គនាយកក្រុមហ៊ុន RMA Cambodia នៅក្នុងសន្និសីទសារព័ត៍មានស្តីពី តម្លៃថ្មីសម្រាប់រថយន្តនាំចូលពីអាមេរិក នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០៥។
ថ្លែងនៅក្នុងសន្និសីទសារព័ត៍មានខាងលើ លោក ងន សាំង បានបញ្ជាក់យ៉ាងដូច្នេះថា «...វិស័យកសិកម្មគឺយើងជាអ្នកតំណាងចែកចាយត្រាក់ទ័រម៉ាក ចនឌារ (John Deere) របស់អាមេរិកនៅកម្ពុជានេះ។ ហើយខាងយើងខ្ញុំកំពុងតែសិក្សាផងដែរនូវលទ្ធភាព ដើម្បីដំឡើងរោងចក្រនៅកម្ពុជាផងដែរសម្រាប់ត្រាក់ទ័រម៉ាកចនឌានេះ យើងកំពុងតែសិក្សាយើងគិតថា នឹងអាចកើតមាននៅពេលឆាប់ៗខាងមុខនេះផងដែរ»។
តាមការបញ្ជាក់ពីក្រុមហ៊ុន ត្រាក់ទ័រ ចនឌារ - RMA Cambodia Plc. មកកាន់ Business Cambodia បានឲ្យដឹងថា បច្ចុប្បន្នត្រាក់ទ័រម៉ាក John Deere ដែលកំពុងនាំចូលយកមកដាក់លក់នៅលើទីផ្សារកម្ពុជាមានប្រភេទកម្លាំងចាប់ពី ២៨ សេះ រហូតដល់ ៤១០ សេះ ដើម្បីបំពេញតម្រូវការគ្រប់ប្រភេទ ទាំងការងារកសិកម្មខ្នាតតូច មធ្យម និងកសិឧស្សាហកម្ម។ សម្រាប់អ្នកចង់ទិញត្រាក់ទ័រម៉ាក John Deere អាចធ្វើការទាក់ទងទៅខាងក្រុមហ៊ុនតាមរយៈលេខ 1800 20 8086 ឬហ្វេសប៊ុកផេក ត្រាក់ទ័រ ចនឌារ - RMA Cambodia Plc.។
គួររំលឹកផងដែរថា កាលពីពេលកន្លងទៅ ក្រុមហ៊ុន RMA Cambodia ក៏បានបោះទុនវិនិយោគចំនួន ២១ លានដុល្លារបង្កើតរោងចក្រដំឡើងរថយន្ត Ford (កម្រិត CKD) លើផ្ទៃដីសរុបប្រមាណជាង ៥ ហិកតា ក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ និងបានបើកដំណើរការជាលើកដំបូងនៅឆ្នាំ ២០២២ ។ ក្នុងនោះដែរនៅដើមឆ្នាំ២០២៥ ក្រុមហ៊ុនក៏បានបន្ថែមទុនវិនិយោគរហូតដល់ ២៦.៨ លានដុល្លារសហរដ្ឋអាមេរិក និងធ្វើទំនើបកម្មលើសង្វាក់ផលិតកម្ម កម្រិត IKD-1 ដោយពង្រីកផ្ទៃដីសរុបរហូតដល់ ១២ ហិកតា ដែលអាចបង្កើតការងារជំនាញបានជាង ៥០០ កន្លែង និងមានសមត្ថភាពអាចផលិតរថយន្តបានចំនួនប្រមាណ ៩,០០០ គ្រឿងក្នុងមួយឆ្នាំ៕