សេដ្ឋកិច្ចមិនល្អ ការរកចំណូលក៏ពិបាកមិនអាចរកចំណូលបានដូចមុនដូច្នេះអ្នកគួរយកចិត្តទុកដាក់លើការចាយលុយដែលខ្លួនរកបាន។ ជាពិសេសគួរផ្លាស់ប្ដូរទម្លាប់ចាយលុយប្រចាំខែព្រោះទម្លាប់ខ្លះគឺជាការចាយលុយខ្ជះខ្ជាយដែលអ្នកធ្វើវារាល់ថ្ងៃដោយមិនដឹងខ្លួន។
ទាក់ទងនឹការចាយលុយខ្ជះខ្ជាយនេះដែរ ខាងក្រោមនេះគឺជាទម្លាប់ចាយខ្ជះខ្ជាយដែលអ្នកបានធ្វើរាល់ថ្ងៃដោយមិនដឹងខ្លួន។
១. ការចំណាយកំប៉ិកកំប៉ុក
មនុស្សភាគច្រើនមើលរំលងតួចលេខតូចតាច ជាពិសេសទាក់ទងនឹងការចំណាយប្រចាំថ្ងៃ។ មនុស្សមួយចំនួនចូលចិត្តចាយលុយលើរបស់កំប៉ិកកំប៉ុកហើយគិតថាការចំណយលើរបស់ទាំងនោះអស់តិចតួច។ យ៉ាងណាមិញការចំណាយកំប៉ិកកំប៉ុកនេះបើអ្នកយកមួយថ្ងៃទៅគុណនឹង៣០ថ្ងៃទើបដឹងថាអស់ច្រើនប៉ុនណា។ ជាក់ស្ដែងរាល់ថ្ងៃអ្នកចាយលើចំណីចំណុក បើអ្នកបានតាមដានលើការចំណាយទាំងនេះទើបដឹងថាអស់ច្រើន។
២. ចំណាយលើសេវាកម្មប្រចាំខែ
មនុស្សមួយចំនួនបង់ថ្លៃសេវាកម្មអ្វីមួយប្រចាំខែ តែមិនបានយកចិត្តទុកដាក់ប្រើប្រាស់សេវាកម្មនោះឲ្យបានដិតដល់នោះទេ ដែលធ្វើឲ្យអ្នកចាយលុយមិនមានប្រសិទ្ធភាពឬជាសកម្មភាពខ្ជះខ្ជាយលុយ។ ជាក់ស្ដែងអ្នកខ្លះបង់ថ្លៃក្លឹបហាត់ប្រាណប្រចាំខែ តែមិនទៅហាត់ប្រាណឬទៅមិនទៀតទាត់។ ដូច្នេះមុននឹងបង់ថ្លៃសេវាកម្មអ្វីមួយ អ្នកត្រូវប្រាកដថាអ្នកអាចប្រើប្រាស់វាឲ្យសមនឹងតម្លៃ។
៣. មិនចេះចាត់ចែងលុយ
ការមិនធ្វើផែនការចំណាយ មិនចេះចាត់ចែងលុយធ្វើឲ្យអ្នកចាយលុយខ្ជះខ្ជាយអស់ច្រើន ហើយមិនត្រឹមតែចាយលុយខ្ជះខ្ជាយប៉ុណ្ណោះទេ តែថែមទាំងធ្វើឲ្យអ្នកជួបបញ្ហាលុយកាក់ ដូចជាជំពាក់បំណុលគេជាដើម។ អ្នកប្រហែលមិនដឹងទេថាសកម្មភាពមួយចំនួនធ្វើឲ្យអ្នកចំណាយលុយអស់ច្រើន។ ជាក់ស្ដែងបើមួយថ្ងៃអ្នកញ៉ាំកាហ្វេអស់២ដុល្លារ បើគុណនឹង៣០ថ្ងៃគឺអស់៦០ដុល្លារ ហើយគុណនឹង៣៦៤ថ្ងៃដែលស្មើនឹងមួយឆ្នាំគឺអស់ជាង៧០០ដុល្លារបាត់ទៅហើយ។
ដូច្នេះបើចង់សល់លុយច្រើន ចៀសវាងចាយលុយលើរបស់ដែលមិនចាំបាច់ អ្នកគួរចាប់ផ្ដើមរៀនចាត់ចែងលុយដោយផ្ដើមចេញពីការកត់ត្រាចំណាយប្រចាំខែ។ ពេលអ្នកតាមដានចំណាយឲ្យជាក់លាក់ប្រចាំថ្ងៃ ហើយយកមកពិនិត្យមើលចំណាយទាំងអស់នៅចុងខែ នោះអ្នកនឹងឃើញចំណាយមួយចំនួនមិនចាំបាច់ហើយចំណាយមិនចាំបាច់អ្នកអាចកាត់បន្ថយដែលធ្វើឲ្យអ្នកសល់លុយកាន់តែច្រើន៕