Warren Buffett មានរហ័ស្សនាមជាបិតាវិនិយោគ និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Berkshire Hathaway ដែលមានទ្រព្យសម្បត្តិដល់ទៅ ១១២.៧ពាន់លានដុល្លារ ហើយក៏ជាមហាសេដ្ឋីដែលមានប្រាក់ច្រើនជាងគេបំផុត ត្រឹមវ័យ៣២ឆ្នាំប៉ុណ្ណោះ។ ខាងក្រោមនេះ គឺជាប្រភេទមនុស្សធំៗ៣ ដែលលោកណែនាំឲ្យអ្នកសេពគប់ ប្រសិនបើចង់ធូរធារខ្លាំងនាថ្ងៃអនាគត៖
១/. ដើរជាមួយមនុស្សដែលមានសមត្ថភាពខ្ពស់
នៅក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកនិពន្ធសៀវភៅ “Getting There: A Book of Mentors” លោក Buffett បាននិយាយថា មនុស្សដែលអ្នកសេពគប់មានការជះឥទ្ធិពលមកលើខ្លួនអ្នក។ លោកបានលើកឡើងយ៉ាងដូច្នេះថា៖ «រឿងមួយក្នុងចំណោមរឿងល្អៗជាច្រើនដែលអ្នកអាចធ្វើបានសម្រាប់ជីវិតគឺរាប់អានមនុស្សពូកែនៅជុំវិញខ្លួន»។ បើអ្នកដើរជាមួយនឹងមនុស្សដែលមានសមត្ថភាពខ្ពស់ជាងអ្នក នោះអ្នកនឹងព្យាយាមអភិវឌ្ឍន៍សមត្ថភាពរបស់អ្នកដើម្បីអោយចុះសម្រុងជាមួយនឹងមនុស្សទាំងនោះ។
២/. មនុស្សមានការគិតផ្ទុយពីអ្នកដទៃ
Contrarians គឺជាមនុស្សដែលមានគំនិតជាសហគ្រិន ដែលប្រឆាំងនឹងស្ថានភាពបច្ចុប្បន្ន ដោយការធ្វើ ការគិត និងអាកប្បកិរិយាខុសពីធម្មតា ក្នុងទម្រង់ជាគំនិតច្នៃប្រឌិត។ ពួកគេចូលចិត្តបំបែករឿងថ្មី ហើយបន្តព្យាយាមដើរលើផ្លូវថ្មី ឬខុសគ្នាពីក្រុមមនុស្សមួយភាគធំ។ នៅពេលអ្នកដើរហើរជាមួយមនុស្សមានការគិតផ្ទុយបែបនេះ ហើយស្រូបយកគំនិត និងប្រាជ្ញារបស់ពួកគេ នោះអ្នកបានបើកទ្វារទៅរកគំនិតច្នៃប្រឌិត និងសហគ្រិនភាពរបស់អ្នក។
៣/. មនុស្សដែលមានភាពវៃឆ្លាតខាងអារម្មណ៍
ទាក់ទងនឹងភាពជាអ្នកដឹកនាំ និងជាម្ចាស់អាជីវកម្ម ភាពវៃឆ្លាតខាងអារម្មណ៍ (EQ) ក៏មានសារៈសំខាន់ដូចជា IQ សម្រាប់ប្រសិទ្ធភាពការងារខ្ពស់ផងដែរ។ ភ្ជាប់ទំនាក់ទំនងជាមួយមនុស្សមាន EQ វានឹងជួយបណ្តុះជំនាញ EQ របស់អ្នកឲ្យកាន់តែប្រសើរ។ នៅពេលអ្នកសង្កេត និងរៀនពីមនុស្សដែលបង្ហាញពីការយល់ដឹង និងការយល់ចិត្តខ្លួនឯងបានល្អ វានឹងជួយបង្កើនការយល់ដឹងអំពីខ្លួនឯង និងបង្រៀនអ្នកឱ្យដឹងពីសមត្ថភាពក្នុងការទទួលស្គាល់ និងគ្រប់គ្រងអារម្មណ៍របស់អ្នក ព្រមទាំងទទួលស្គាល់ និងមានឥទ្ធិពលលើអារម្មណ៍របស់អ្នកដទៃថែមទៀតផង។
យ៉ាងណាមិញ ការសេពគប់មនុស្ស គឺជារឿងសំខាន់មិនអាចមើលរំលងបាន ជាពិសេសក្នុងពេលសម័យបច្ចុប្បន្ននេះ។ មនុស្សវៃឆ្លាត គឺជាមនុស្សដែលចេះសង្កេត ចង់ចេះចង់ដឹង ជាពិសេសចេះបដិសេធនឹងមនុស្សដែលអាចជះឥទ្ធិពលមិនល្អ ហើយសេពគប់ជាប់លាប់តែជាមួយបុគ្គលល្អ បុគ្គលមានប្រាជ្ញា បុគ្គលមានចំណេះដឹង និងការប្រឹងប្រែងក្នុងកិច្ចការងារត្រឹមត្រូវ ដូចសម្តេចព្រះសង្ឃរាជ ជោតញ្ញាណោ ជួន ណាត មានសង្ឃដីកាយ៉ាងដូច្នេះថា៖ «គប់ពាលរែងរាលទៅរកខុស គប់ប្រាជ្ញស្រីប្រុសរែងបានត្រូវ គប់មិត្តអបលក្ខណ៍រែងអាស្រូវ ខុសត្រូវកើតពីការសេពគប់»៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ»
ចែករំលែកគំនិត ឬផ្សព្វផ្សាយអាជីវកម្មអ្នកទីនេះ សូមទំនាក់ទំនង ០៩៦ ៤៩៩ ៧៣ ៦៦