បងប្អូនដែលមានឲ្យគេខ្ចីច្រើនឬអ្នកដែលរកស៊ីចង់ការប្រាក់ឲ្យអ្នកដទៃខ្ចីតែងតែមានការព្រួយបារម្ភខ្លាចពេលឲ្យលុយគេខ្ចីតែគេមិនមានលទ្ធភាពសងឬមានចេតនាគេចវេសមិនចង់សង។ ដូច្នេះពួកគាត់ត្រូវធ្វើកិច្ចសន្យាខ្ចីប្រាក់ជាលាយលក្ខណ៍អក្សរដើម្បីជាភស្ដុតាងរវាងម្ចាស់បំណុលនិងកូនបំណុល។
យ៉ាងណាមិញបងប្អូនមួយចំនួនប្រហែលជាមិនទាន់ដឹងច្បាស់ទេថាតើត្រូវធ្វើកិច្ចសន្យាបែបណាដែលជាកិច្ចសន្យាខ្ចីប្រាក់ត្រឹមត្រូវតាមផ្លូវច្បាប់ហើយមានប្រសិទ្ធភាពដើម្បីការពារពីការគេចវេសកូនបំណុលមិនព្រមសង។
បើតាមច្បាប់នៃការខ្ចីលុយបើខ្ចីលុយចាប់ពី៥ពាន់រៀលគឺយើងអាចធ្វើកិច្ចសន្យាបានហើយ។ ចំពោះកិច្ចសន្យាខ្ចីប្រាក់ដែលត្រឹមត្រូវបានផ្លូវច្បាប់ អ្នកត្រូវសរសេរលិខិតកិច្ចសន្យាឲ្យបានត្រឹមត្រូវដោយក្នុងលិខិតកិច្ចសន្យាខ្ចីប្រាក់អ្នកត្រូវបញ្ចូលនូវព័ត៌មានសំខាន់ៗមួយចំនួនដូចជាឈ្មោះអ្នកខ្ចីនិងម្ចាស់បំណុលក៏ដូចជាអាស័យដ្ឋានរបស់អ្នកខ្ចីនិងម្ចាស់បំណុល។
ក្រៅពីនេះអ្នកក៏ត្រូវសរសេរនូវលេខអត្តសញ្ញាណបណ្ណរបស់អ្នកខ្ចីនិងម្ចាស់បំណុលក៏ដូចជាសរសេរពីទឹកប្រាក់ត្រូវខ្ចី ចំនួនការប្រាក់ រយៈពេលខ្ចីនិងពេលវេលាកំណត់ដែលត្រូវបង់សងមកម្ចាស់បំណុលវិញ។
លើសពីនេះទៅទៀតអ្វីដែលជាភាពចំបាច់ក្នុងការធ្វើកិច្ចសន្យាខ្ចីប្រាក់ឲ្យបានត្រឹមត្រូវតាមច្បាប់ដើម្បីការពារភាគីអ្នកខ្ចីលុយប្រែក្រឡាស់ឬគេចវេសមានចេតនាមិនចង់សង ហើយម្ចាស់បំណុលងាយស្រួលក្នុងការប្ដឹងផ្ដល់ក្នុងករណីកើតមានបញ្ហា នោះគឺក្នុងលិខិតកិច្ចសន្យាខ្ចីប្រាក់ អ្នកត្រូវមានមេធាវីជាសាក្សីដោយមានការបញ្ជាក់ពីមេធាវីជាមួយការប្រថាប់ត្រាពីមេធាវីផ្ទាល់។
គួរបញ្ជាក់ផងដែរថាការប្រថាប់ត្រារបស់មេធាវីនៅក្នុងលិខិតកិច្ចសន្យាខ្ចីប្រាក់គឺដើម្បីធ្វើឲ្យលិខិតកិច្ចសន្យាខ្ចីប្រាក់របស់អ្នកក្លាយទៅជាឯកសារគតិយុត្តិដែលតាមផ្លូវច្បាប់គេទទួលស្គាល់ហើយតុលាការគេទទួស្គាល់។ ដូច្នេះពេលអ្នកឲ្យលុយគេខ្ចីក្នុងទំហំច្រើនឬអ្នករកស៊ីចងការប្រាក់ច្រើនៗអ្នកគួររកសេវាមេធាវីដើម្បីឲ្យមេធាវីប្រថាប់ត្រាជាភស្ដុតាងដើម្បីកុំឲ្យភាគីអ្នកខ្ចីលុយប្រក្រឡាស់បាន។ សូមមើលពីគំរូលិខិតកិច្ចសន្យាខ្ចីប្រាក់ខាងក្រោមនេះ៕