ស្ថានទូតអាមេរិក ប្រចាំនៅកម្ពុជា កំពុងផ្តល់កម្មវិធីអាហារូបករណ៍ ជាច្រើនជំនាញ ទៅរៀននៅអាមេរិក
Ping Chou EngFEBRUARY 23 2025782 views

ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានប្រកាស អំពីឱកាសអាហារូបករណ៍ សម្រាប់និស្សិតខ្មែរ ទៅសិក្សានៅសហរដ្ឋអាមេរិក តាមរយៈកម្មវិធី Fulbright សម្រាប់ឆ្នាំ២០២៦-២០២៧ សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រនៅសហរដ្ឋអាមេរិក ថ្នាក់អនុបណ្ឌិត ឬបណ្ឌិត លើជំនាញជាច្រើន។

 

ក្នុងនោះអាហារូបករណ៍នឹងផ្តល់ជូននូវការធ្វើដំណើរទៅមកសហរដ្ឋអាមេរិក ថ្លៃសិក្សានិង ការចំណាយលើការរស់នៅសម្រាប់ការសិក្សាថ្នាក់ឧត្តមសិក្សាពេញម៉ោង។

 

ការដាក់ពាក្យអាហារូបករណ៍តាមរយៈកម្មវិធី Fulbright Foreign Student Program នេះនិស្សិតត្រមូវឱ្យមានលក្ខខណ្ឌចាំបាច់ ដូចជាត្រូវតែជាជនជាតិខ្មែរ មានប្រវត្តិការសិក្សាល្អ និងលិខិតបញ្ជាក់ការអប់រំ មានសមត្ថភាពប្រើប្រាស់ភាសាអង់គ្លេសល្អ មានសមត្ថភាពសិក្សាកម្មវិធីសិក្សា​កម្រិតខ្ពស់ មានសមត្ថភាពក្នុងការសម្របខ្លួនទៅនឹងការរស់នៅបរទេស និងគ្មានប្រវត្តិក្នុងការរស់នៅ ឬសិក្សានៅសហរដ្ឋអាមេរិករយៈពេលយូរ។

 

​បន្ថែមពីនោះសិស្សត្រូវមានពិន្ទុ TOEFL អប្បបរមា 570 ឬ តេស្តផ្សេងទៀតដែលមានកម្រិតស្មើ និងត្រូវតែមានសញ្ញាបត្របរិញ្ញាបត្រសម្រាប់អ្នកដាក់ពាក្យថ្នាក់អនុបណ្ឌិត ឬសញ្ញាបត្រអនុបណ្ឌិតសម្រាប់អ្នកដាក់ពាក្យថ្នាក់បណ្ឌិត។

 

ចំពោះការដាក់ពាក្យស្នើសុំអាហារូបករណ៍ Fullbright ទៅស្ថានទូត សិស្ស-និស្សិតត្រូវធ្វើឡើងមុនថ្ងៃទី១៨ ខែឧសភា ឆ្នាំ ២០២៥ វេលាម៉ោង ២៣:៥៩នាទី​ តាមរយៈគេហទំព័រhttps://kh.usembassy.gov/fulbright-student-fellowship/

 

សូមជម្រាបផងដែរថាកម្មវិធីអាហារូបករណ៍ Fulbright ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៤៦ ដោយសភាសហរដ្ឋអាមេរិក សម្រាប់ជាមធ្យាបាយ ដើម្បីបង្កើនការយល់ដឹងអំពីគ្នាទៅវិញទៅមករវាងប្រជាជននៃសហរដ្ឋអាមេរិក និងប្រជាជននៃប្រទេសដទៃទៀត ។ អស់រយៈពេលជាង៧០ឆ្នាំ កម្មវិធី Fulbright បានផ្តល់ឱកាសជាច្រើនរាប់មិនអស់សម្រាប់ជនបរទេសដើម្បីសិក្សា បង្រៀន និងបន្តការស្រាវជ្រាវនៅសហរដ្ឋអាមេរិក៕

 

Fulbright Foreign Student Program 3 1140x684

អត្ថបទដោយ៖ ពីង ជូអេង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia