ខ្ញីកាន់តែចាស់កាន់តែហឹរ! ដំបូន្មានវិនិយោគទាំង៥ របស់ Warren Buffett អាចប្រែលុយពីតិចទៅរាប់ម៉ឺន$
Toeuy HongSEPTEMBER 7 2022800 views

លោក Warren Buffett ត្រូវបានគេចាត់ទុកជាបិតាវិនិយោគមួយរូប ដែលមានបទពិសោធន៍ជោគជាំរាប់ឆ្នាំនៅក្នុងវិស័យមួយនេះ។ ហើយខាងក្រោមនេះជាដំបូន្មានធំៗ ទាំង៥​ ដែលគាត់តែងតែប្រើប្រាស់នៅក្នុងការវិនិយោគ និងទូន្មានដល់មនុស្សជំនាន់ក្រោយថែមទៀតផង។

១. កុំធ្វើឱ្យបាត់លុយ

នេះគឺជាច្បាប់ទី១របស់បុរសចំណាស់ខាងលើនេះ ច្បាប់ដំបូងនេះវាមិនពាក់ព័ន្ធជាមួយនឹងទីផ្សារវិនិយោគទេ ប៉ុន្តែវាសំដៅលើទម្លាប់នៃការទុកដាក់លុយដែលអ្នកវិនិយោគត្រូវតែចេះ។ ច្បាប់នេះចង់បញ្ជាក់ថាអ្នកមិនគួរចាយលុយខ្ជះខ្ជាយទៅលើរឿង ឬរបស់ណាដែលមិនចាំបាច់សម្រាប់ជីវិតនោះទេ។ លោក Warren Buffett តែងកំណត់ការចាយវាយបានយ៉ាងល្អ គាត់មិនខ្ជះខ្ជាយលើអាហារពេលព្រឹកដោយចាយត្រឹមតែជាង៣ដុល្លារប៉ុនណោះរាល់ព្រឹក ហើយក៏មិនប្ដូរផ្ទះថ្មីបើទោះបីជាគាត់ក្លាយជាមហាសេដ្ឋីក៏ដោយ។

២. កុំវិនិយោគលើអ្វីដែលអ្នកមិនយល់

តាមច្បាប់នេះ លោកប្រាប់អ្នកវិនិយោគឱ្យផ្ដោតលើការការពារការវិនិយោគរបស់ពួកគេដោយ ជ្រើសរើសតែក្រុមហ៊ុន ឬផលិតផលណាដែលពួកគេមានចំណេះដឹងច្បាស់លាស់និងស៊ីជម្រៅ។ បើទោះបីជាអ្នករកឃើញក្រុមហ៊ុន ឬគម្រោងមួយចំនួនដែលទំនងជាចំណេញច្រើន តែអ្នកមិនយល់អ្វីសោះពីគម្រោងទាំងអស់នោះ អ្នកពុំគួរណាចំណាយទុនវិនិយោគឡើយ យកពេលទៅរៀនសូត្រឱ្យច្បាស់ជាមុនសិនទៅ។

៣. កាន់ភាគហ៊ុនឱ្យជាប់

អ្នកជំនាញវិនិយោគរូបនេះ តែងជ្រើសរើសការវិនិយោគរយៈពេលវែងព្រោះគាត់ជឿជាក់ថា ការវិនិយោគដែលអាចឱ្យផលចំណេញក្នុងពេលខ្លីគឺបានផលចំណេញតិច និងមានហានិភ័យខ្ពស់ខ្លាំង។ ជាក់ស្ដែងភាគហ៊ុនដែលគាត់កាន់កាប់សុទ្ធតែមានរយៈពេលយូរដូចជា ក្រុមហ៊ុន Berkshire Hathaway និង Coca-Cola គាត់បាននិងបន្តគ្រប់គ្រងភាគហ៊ុនអស់រយៈពេលប្រមាណ ៣៤ឆ្នាំទៅហើយ។ លោកក៏បានបញ្ជាក់ប្រាប់វិនិយោគិនគ្រប់រូបដែរថា “បើអ្នកគ្មានឆន្ទៈក្នុងការកាន់កាប់ភាគហ៊ុនរយៈពេល១០ឆ្នាំ សូមកុំគិតអំពីការកាន់កាប់វាក្នុងរយៈពេលត្រឹម១០នាទីអី”

៤. មិនគួរខ្ចីលុយគេវិនិយោគ

វិនិយោគិនជើងចាស់រូបនេះ​ ប្រឆាំងជាមួយនឹងការហក់លោតចូលទៅក្នុងការវិនិយោគទាំងដែលខ្លួនឯងគ្មានលុយគ្រប់គ្រាន់សម្រាប់ធ្វើវា។ គាត់លើកឡើងថា “រាល់ការទិញភាគហ៊ុនអ្វីមួយសុទ្ធតែមកព្រមជាមួយនឹងហានិភ័យ បើទោះបីជាអ្នកមើលឃើញថាវាល្អប៉ុនណាក៏ដោយក៏មិនគួរខ្ចីលុយគេមកវិនិយោគដែរ”។ មួយវិញទៀតបើអ្នកទិញភាគហ៊ុនដោយប្រើប្រាក់កម្ចី អារម្មណ៍របស់អ្នកនឹងផ្ដោតទៅលើការដកលុយសងគេវិញ ជាជាងគិតរកវិធីបង្កើតយុទ្ធសាស្រ្តរយៈពេលវែងដើម្បីទាញយកផលចំណេញឱ្យបានច្រើនបំផុតពីការវិនិយោគ ដែលវាផ្ទុយជាមួយនឹងច្បាប់ទី៣ខាងលើ។

៥. សំងំពេលអ្នកដទៃសម្រុក សម្រុកពេលអ្នកដទៃសំងំ

ដំបូន្មានចុងក្រោយនេះ បិតាវិនិយោគបានលើកឡើងថា “នៅក្នុងការវិនិយោគអ្នកមិនត្រូវដើរតាមហ្វូងឡើយ ដើម្បីក្លាយជាអ្នកវិនិយោគជោគជ័យអ្នកត្រូវពឹងផ្អែកលើបទពិសោធន៍ផ្ទាល់ខ្លួនរបស់អ្នកនៅក្នុងទីផ្សារ”

សូមរំលឹកថា ទោះបីជាលោក Warren Buffett មានជំនាញដ៏ល្អនៅក្នុងទីផ្សារភាគហ៊ុន មិនមែនមានន័យថាគាត់មិនធ្លាប់ជួបបញ្ហានោះទេ។ ជាក់ស្ដែងកាលពីឆ្នាំ២០០៨​ នាពេលសេដ្ឋកិច្ចជួបនឹងវិបត្តិ គាត់បានខាតបង់ប្រាក់ ២៣ពាន់លានដុល្លារ ហើយប្រាក់ចំណេញនៅក្នុងក្រុមហ៊ុនដែលគាត់វិនិយោគក៏ធ្លាក់ចុះ ៦២%ថែមទៀត។ បទពិសោធន៍របស់វិនិយោគិនវ័យចំណាស់រូបនេះ អាចបង្រៀនឱ្យដឹងថា ការវិនិយោគទាមទារឱ្យមានការរៀនសូត្រម្ដងហើយម្ដងទៀត ស្រាវជ្រាវភាគហ៊ុនដែលអ្នកចង់វិនិយោគឱ្យបានហ្មត់ចត់ ហើយពឹងផ្អែកលើការវិនិច្ឆ័យរបស់អ្នកដើម្បីសម្រេចចិត្តលើធ្វើការទិញយកវា៕

អត្ថបទដោយ៖ សូ សុខលី

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia