នៅប៉ុន្មានថ្ងៃចុងក្រោយនេះហាងឆេងមាសលើទីផ្សារអន្តរជាតិបានហក់ឡើងខ្ពស់បំបែកំណត់ត្រាតម្លៃដ៏ខ្ពស់មួយពោលគឺគិតត្រឹមថ្ងៃនេះតម្លៃហាងឆេងមាសលើទីផ្សារអន្តរជាតិបានឡើងដល់ទៅ២២៥២ដុល្លារក្នុងមួយអោន( ស្មើនឹង២៧១២ដុល្លារក្នុងមួយតម្លឹង)។
បើទោះបីជាហាងឆេងមាសចាប់ផ្ដើមឡើងថ្លៃខ្លាំងក៏ដោយក៏សេដ្ឋី Warren Buffett ស្ដេវិនិយោគប្រចាំសតវត្សទី២១មិនវិនិយោគលើមាសដែរហើយក៏មិនណែនាំឲ្យអ្នកវិនិយោគយកលុយច្រើនទៅវិនិយោគលើមាសដែរ។
ស្ដេចវិនិយោគរូបនេះធ្លាប់លើកឡើងថា មូលហេតុដែលលោកមិនវិនិយោគទិញមាស ដោយសារតែមាសគឺទ្រព្យដែលមិនអាចផលិតអ្វីបានទាល់តែសោះ។ ត្រង់នេះធ្លាប់លើកឡើងថា” មាសជាទ្រព្យដែលមិនអាចផលិតអ្វីបាននោះទេ តែមនុស្សមួយចំនួនទិញវិនិយោគលើមាសគឺក្នុងក្ដីសង្ឃឹមថាអនាគតទៅអាចលក់បន្តឲ្យអ្នកផ្សេងក្នុងតម្លៃថ្លៃ”។
តាមពិតទៅសេដ្ឋី Warren Buffett គឺជាអ្នកវិនិយោគដែលផ្ដោតលើគុណតម្លៃ ជាជាងវិនិយោគឃើញប្រាក់ចំណេញតែមួយមុខ។ ជាក់ស្ដែងលោកវិនិយោគលើភាគហ៊ុនតាមរយៈទិញភាគហ៊ុនក្រុមហ៊ុន ព្រោះក្រុមហ៊ុនគឺបម្រើដល់មនុស្សជាតិជាដូចបង្កើតផលិតឬសេវាកម្មដើម្បីបំពេញតម្រូវការក៏ដូចជាសម្រួលដល់ការរស់នៅរបស់មនុស្សជាដើម។ ចំណែកមាសវិញលោកថាវាមិនអាចផលិតអ្វីបានទាំងអស់ ហើយនេះជាមូលហេតុលដែលលោកមិនវិនិយោគទិញមាសដូចគេដូចឯង។
មូលហេតុមួយទៀតដែលលោកមិនវិនិយោគលើមាសហើយក៏មិនសូវជាណែនាំឲ្យគេវិនិយោគលើមាសដោយសារផលចំណេញប្រចាំឆ្នាំតិចបើធៀបនឹងការវិនិយោគផ្សេងទៀត។ ត្រង់នេះលោកឲ្យដឹងថានៅ១៥ឆ្នាំចុងក្រោយនេះការវិនិយោគលើមាសបានផលចំណេញប្រចាំឆ្នាំត្រឹមតែ៥.៥%ប៉ុណ្ណោះខណៈការវិនិយោគលើសន្ទស្សន៍ផ្សារហ៊ុនS&P 500 បានផលចំណេញប្រចាំឆ្នាំចំនួន១៥%។
គួរបញ្ជាក់ផងដែរថានេះគឺគ្រាន់តែជាការយល់ឃើញរបស់សេដ្ឋី Warren Buffett ប៉ុណ្ណោះ យ៉ាងណាមិញមាសគឺទ្រព្យវិនិយោគដែលគេនិយមវិនិយោគពេលស្រុកទេសមានវិបត្តិព្រោះមាសត្រូវបានគេចាត់ទុកជាទ្រព្យសុវត្ថិភាព។ ប្រជាជនខ្មែរយើងតាំងពីដើមមកទល់បច្ចុប្បន្នក៏ចូលចិត្តវិនិយោគទិញមាសដែរព្រោះមាសងាយស្រួលទិញលក់។ ជាពិសេសវាគឺជាក្បួនសន្សំលុយរបស់ប្រជាជនមួយចំនួន៕