ការរៀបការ គឺជាការសម្រេចចិត្តដ៏ធំមួយ នៅក្នុងជីវិត។ ជាក់ស្តែង សូម្បីតែមហាសេដ្ឋីវ័យ៩២ឆ្នាំ Warren Buffet ក៏ចាត់ទុកថា ការជ្រើសរើសដៃគូរៀបការ ជាការសម្រេចចិត្តដ៏សំខាន់ ជាងការវិនិយោគលុយរាប់លានដុល្លារទៅទៀត។
ថ្លែងនៅក្នុងកម្មវិធី "Becoming Warren Buffett" លោកតាមហាសេដ្ឋីទ្រព្យ ១០៧.៣ពាន់លានដុល្លាររូបនេះ បានលើកឡើងថា "ការសម្រេចចិត្តដ៏ធំបំផុតគឺការជ្រើសរើសដៃគូដែលអ្នករៀបការ ជាក់ស្តែងបទពិសោធន៍របស់ខ្ញុំមានថ្ងៃ២ដែលបានផ្លាស់ប្តូរ ថ្ងៃទី១គឺថ្ងៃដែលខ្ញុំកើតចេញពីពោះម្តាយខ្ញុំ ថ្ងៃទី២គឺជាថ្ងៃដែលខ្ញុំជួបភរិយារបស់ខ្ញុំ Susan Buffett ហើយមួយជីវិតរបស់ខ្ញុំប្រហែលជាមិនមានអ្វីទាំងអស់ ប្រសិនបើខ្ញុំមិនបានរៀបការជាមួយនាង”។
បើតាមមហាសេដ្ឋី Warren Buffet ការជ្រើសរើសដៃគូជីវិតដែលល្អ អាចនាំមកនូវសុភមង្គល និងភាពជោគជ័យបាន គឺត្រូវជ្រើសរើសដៃគូណា ដែលមានគោលដៅ អត្តចរិតដូចគ្នា។ មួយវិញទៀត ត្រូវរើសដៃគូណា ដែលមានឥទ្ធិពលអាចជម្រុញទឹកចិត្តយើងឱ្យផ្លាស់ប្តូរនូវទម្លាប់មិនល្អនៅក្នុងជីវិតបាន។
ជាមួយគ្នានេះបើតាមការសិក្សាស្រាវជ្រាវរបស់សាកលវិទ្យាល័យ Carnegie Mellon បានអះអាងថាការរើសដៃគូត្រូវពិតជាអាចវាស់វែងភាពជោគជ័យរបស់មនុស្សបានពិតមែន។
ចំពោះការសិក្សារបស់សាស្រ្តចារ្យលោក Brittany C. Solomon និងលោកសាស្រ្តចារ្យ Joshua J. Jackson នៃសាកវិទ្យាល័យ Washington បាននិយាយថាការដែលរើសប្តី-ប្រពន្ធត្រូវអាចធ្វើឱ្យអ្នករកចំណូលបានច្រើនជាងមុន មានឱកាសឡើងប្រាក់ខែរហូតច្រើនបំផុតដល់៤០០០$ និងឡើងតំណែងឆាប់រហ័ស៕
អត្ថបទដោយ៖ ពីង ជូអេង