ធ្លាប់មានភាសាផ្លូវការតែ១គត់! ឥឡូវនេះវៀតណាម គ្រោងបញ្ចូលភាសាមួយទៀត ជាភាសាផ្លូវការទី២
Ping Chou EngAPRIL 29 20257.1 K views

រដ្ឋាភិបាលវៀតណាមគ្រោងដាក់បញ្ចូលភាសាអង់គ្លេស ជាភាសាទី២ផ្លូវការ ក្នុងវិស័យអប់រំ សម្រាប់ឱ្យសិស្សនិស្សិត ប្រើជាគន្លឹះសំខាន់លើការសិក្សារៀនសូត្រ​ នៅតាមសាលានិងសកលវិទ្យាល័យនានាជាបណ្តើរៗនៅឆ្នាំ២០៣៥ នឹងសម្រេចតាមគោលដៅពេញលេញនៅឆ្នាំ២០៤៥ ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន VNExpress។ 

 

គម្រោងការដាក់បញ្ចូលបន្ថែមភាសាទី២ផ្លូវការក្នុងវិស័យអប់រំនេះប្រកាសឡើង កាលពីខែមីនា កន្លងទៅ ដោយក្រសួងអប់រំ និងបណ្តុះបណ្តាលវៀតណាម (MoET) ។ ចំពោះគោលបំណងគឺដើម្បីជំរុញនិងលើកកម្ពស់ការរៀននិងបង្រៀន ពិសេសលើទំនាក់ទំនងប្រចាំថ្ងៃនៅក្នុងសាលារៀនទូទាំងប្រទេស ខណៈកន្លងមកមានតែ ភាសាវៀតណាមមួយប៉ុណ្ណោះដែលទទួលស្គាល់ជាផ្លូវការលើការរៀននិងបង្រៀន។​

 

ក្នុងនោះបើតាមផែនការ នៅឆ្នាំ ២០៣៥ សិស្សគ្រប់រូបចាប់ពីថ្នាក់ទី ១ដល់ទី១២ នឹងអនុវត្តតាមកម្មវិធីសិក្សាភាសាអង់គ្លេសជាភាសាទីពីរនៅកម្រិតសិក្សា ១, ២, និង ៣ ដោយសាលារៀនទាំងអស់ផ្តល់ជូន កម្រិតសិក្សាខ្ពស់ ៤, ៥, និង ៦ នៅឆ្នាំ ២០៤៥។ ដោយឡែកសាកលវិទ្យាល័យទាំងអស់ក៏នឹងទទួលយកកម្រិត ៤, ៥, និង ៦ ផងដែរ ខណៈដែលវគ្គបណ្តុះបណ្តាលភាសាអង់គ្លេសទាំងអស់នឹងផ្តោតលើការបណ្តុះបណ្តាលវិជ្ជាជីវៈរបស់សិស្ស។

 

បើតាមអនុរដ្ឋមន្ត្រី Pham Ngoc Thuong បានជំរុញឱ្យសាកលវិទ្យាល័យ និងគ្រឹះស្ថានបណ្តុះបណ្តាលគ្រូត្រូវបង្កើតបុគ្គលិក បង្កើនសម្ភារៈបរិក្ខារយ៉ាងសកម្ម បង្កើតកម្មវិធីគ្រប់ជ្រុងជ្រោយ និងបណ្តុះបណ្តាលគ្រូ ដើម្បីគាំទ្រដល់ការអនុវត្តផែនការខាងលើនេះ។

 

បន្ថែមពីលើនេះលោកបានសង្កត់ធ្ងន់លើហេតុផលដែលជាសារៈសំខាន់នៃ ភាសាអង់គ្លេសក្នុងការបើកដំណើរការសមាហរណកម្មកាន់តែស៊ីជម្រៅរបស់វៀតណាមទៅក្នុងសហគមន៍ពិភពលោក ពិសេសតួនាទីនៃការផ្លាស់ប្តូរឌីជីថល និងបច្ចេកវិទ្យាក្នុងការផ្សារភ្ជាប់គម្លាតក្នុងតំបន់ សន្សំពេលវេលា និងកាត់បន្ថយតម្រូវការសម្រាប់កម្លាំងពលកម្មដ៏ធំនៅក្នុងវិស័យអប់រំនាពេលអនាគត៕

 

 

អត្ថបទដោយ៖ ពីង ជូអេង

 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia