លោក Rafael Badziag ដែលជាសហគ្រិន និងជាអ្នកជំនាញខាងចិត្តវិទ្យានៃភាពជាសហគ្រិន បានចំណាយពេល ៥ឆ្នាំ ដើម្បីធ្វើបទសម្ភាសន៍ផ្ទាល់មុខជាមួយសេដ្ឋី និងមហាសេដ្ឋី ២១រូបនៅជុំវិញពិភពលោក។ ខាងក្រោមនេះ គឺជាទម្លាប់ដូចៗគ្នាទាំង៥ ដែលជួយឲ្យពួកគេកសាងទ្រព្យសម្បត្តិស្តុកស្តម្ភ៖
១/. ក្រោកពីព្រលឹម៖ គឺជាទម្លាប់ទូទៅបំផុតរបស់សហគ្រិនជោគជ័យ។ ជាមធ្យមមហាសេដ្ឋីត្រូវបានគេកត់សម្គាល់ថាក្រោកពីគេងនៅម៉ោង ៥:៣០នាទីព្រឹក វាធ្វើឲ្យពួកគេកាន់តែមានផលិតភាព និងភាពស្វាហាប់។ តួយ៉ាងដូចជា នាយកប្រតិបត្តិ Twitter លោក Jack Dorsey បានភ្ញាក់ពីព្រលឹមដើម្បីរត់ចម្ងាយ ៦ម៉ាយល៍។ ចំណែកឯ ស្ថាបនិក និងប្រធានក្រុមហ៊ុន Virgin Group មានទម្លាប់ក្នុងការក្រោកពីគេងនៅម៉ោង ៥:៤៥នាទីព្រឹក ដើម្បីធ្វើរឿងផ្សេងៗដែលជំរុញឲ្យថ្ងៃរបស់លោកពោលពេញទៅដោយភាពល្អប្រសើរ និងស្រស់បំព្រង។
២/. ថែរក្សាសុខភាព៖ រាល់មហាសេដ្ឋីដែលបានសម្ភាសន៍ដោយលោក Badziag និយាយថា ពួកគេមានរបបហាត់ប្រាណយ៉ាងតឹងរឹង មិនថាស្ថិតនៅក្នុងវ័យណា ឬអាយុប៉ុន្មាននោះទេ សូម្បីតែមនុស្សចាស់ក៏ទៅហាត់ប្រាណបានទៀងទាត់ដែរ។ ពួកគេបានលើកឡើងថា កីឡាផ្តល់ឲ្យអ្នកនូវថាមពលនិងកម្លាំងផ្លូវចិត្តជួយអ្នកគិតឲ្យបានច្បាស់ ធ្វើឲ្យអ្នកមានវិន័យខ្ជាប់ខ្ជួន និងបណ្តុះឆន្ទៈកាន់តែរឹងមាំ។
៣/. អាន៖ ទន្ទឹមនឹងការធ្វើលំហាត់ប្រាណ ការអានគឺជាសកម្មភាពមួយដែលមហាសេដ្ឋីចំណាយពេលលើយ៉ាងទៀងទាត់បំផុត។ ពួកគេអានជាប្រចាំដូចជា កាសែតជាតិ ជីវប្រវត្តិ ទស្សនាវដ្តី និងសៀវភៅឧស្សាហកម្ម ឬអាជីវកម្មជាដើម។ ក្នុងនោះ បិតាវិនិយោគ Warren Buffett បានចំណាយពេល ៨០% នៃការអានក្នុងរយៈពេលមួយថ្ងៃ។ ចំណែកឯពាណិជ្ជករ និងវិនិយោគិន Mark Cuban តែងចំណាយពេលអាន ៣ម៉ោង ក្នុងមួយថ្ងៃដើម្បីស្វែងយល់បន្ថែមអំពីឧស្សាហកម្មដែលខ្លួនកំពុងធ្វើការ។
៤/. សញ្ជឹងគិត៖ មហាសេដ្ឋីចំណាយពេលតែម្នាក់ឯងដើម្បីគិត មិនថាតាមរយៈការធ្វើសមាធិ ឬក្នុងពេលធ្វើសកម្មភាពដូចជាកីឡានោះទេ។ លោក Thomas C. Corley ដែលជាអ្នកនិពន្ធរឿង "ផ្លាស់ប្តូរទម្លាប់ផ្លាស់ប្តូរជីវិតរបស់អ្នក" បានចំណាយពេល ៥ ឆ្នាំស្រាវជ្រាវទម្លាប់ប្រចាំថ្ងៃរបស់មហាសេដ្ឋីបង្កើតដោយខ្លួនឯងចំនួន ១៧៧ នាក់ហើយរកឃើញថា ការគិតច្រើន គឺជាគន្លឹះនៃជោគជ័យ។ ពួកគេបានសួរសំណួរដូចជា "តើខ្ញុំអាចធ្វើអ្វីដើម្បីរកលុយបានច្រើន?" "តើការងាររបស់ខ្ញុំធ្វើឱ្យខ្ញុំសប្បាយចិត្តទេ?" "តើខ្ញុំហាត់ប្រាណបានគ្រប់គ្រាន់ទេ?" និង "តើមានសប្បុរសធម៌អ្វីទៀតដែលខ្ញុំអាចចូលរួម?" ជាដើម។
៥/. អនុវត្តវិន័យ៖ លោក Badziag បានសរសេរថា៖ “មហាសេដ្ឋីដែលខ្ញុំបានសម្ភាសន៍គឺជាមនុស្សដែលមានវិន័យច្រើនបំផុតដែលខ្ញុំមិនធ្លាប់បានជួប”។ ពួកគេដាក់ស្តង់ដារខ្ពស់លើខ្លួនឯង និងមនុស្សនៅជុំវិញ។ នៅក្នុងអាជីវកម្មអាចទទួលបានលទ្ធផល ប្រសិនបើអ្នកមានវិន័យគ្រប់គ្រាន់ដើម្បីអនុវត្តខ្លួនអ្នកជាប់លាប់ជាមួយនឹងអ្វីដែលត្រូវធ្វើ ហើយវិន័យគឺជាកត្តាសំខាន់ក្នុងការកសាងទ្រព្យសម្បត្តិ។
ចុងក្រោយលោក Rafael Badziag បានសង្កត់ធ្ងរថា មហាសេដ្ឋីមិនមែនជាមនុស្សល្អឥតខ្ចោះនោះទេ។ ពេលខ្លះពួកគេក៏មានអារម្មណ៍ថា ខ្ចិលច្រអូសដូចមនុស្សទូទៅដែរ ប៉ុន្តែមិនបណ្តោយខ្លួនឲ្យធ្លាក់ក្នុងទម្លាប់នេះជ្រៅឡើយ ហើយពួកគេមានការតាំងចិត្តខ្ពស់ តស៊ូដើម្បីយកឈ្នះភាពទន់ខ្សោយ៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម https://t.me/BusinessCambodiaBook