សម្ដេចធិបតី ហ៊ុន ម៉ាណែត ថា មិនយូរមិនឆាប់ក្រុងមួយនេះអាចនឹងរីកទៅកៀករាជធានីភ្នំពេញ
Bunthoeun KoemAPRIL 29 202513.7 K views

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា លើកឡើងថា នៅពេលខាងមុខក្រុងដូនកែវ នៃខេត្ដតាកែវ អាចនឹងរីកចម្រើនខ្លាំង និងរីកកាន់តែទៅកៀករាជធានីភ្នំពេញ បន្ទាប់ពីវត្ដមានគម្រោងព្រែកជីកហ្វូណនតេជោ និងព្រលានយន្ដហោះអន្ដរជាតិតេជោ លេចរូបរាងឡើង ដែលធ្វើឲ្យមនុស្សមានការកើនឡើង ហើយអាចនឹងនាំគ្នាស្វែងរកទិញផ្ទះនៅតំបន់ក្រុងដូនកែវសម្រាប់រស់នៅ និងងាយស្រួលធ្វើដំណើរទៅធ្វើការនៅតំបន់ព្រលានយន្ដហោះវិញ។

 

493257376 684544354378069 8665963275404924106 N

 

ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការផ្លូវការផ្លូវជាតិលេខ៣១ ៣៣ និង៤១ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ នៅខេត្ដតាកែវ សម្ដេចបានមានប្រសាសន៍ដូច្នេះថា «ខេត្ដតាកែវ ក្រុងដូនកែវ រីកតភ្ជាប់ មិនយូរមិនឆាប់អាចកៀកទៅដល់ភ្នំពេញ។ ព្រោះឥឡូវផ្លូវជាតិលេខ២ ព្រែកជីកហ្វូណនតេជោធ្វើនៅតាមហ្នឹង បន្ដិចទៀតតំបន់សេដ្ឋកិច្ចពិសេសកាន់តែកើន។ ព្រលានយន្ដហោះធំនៅខេត្ដកណ្ដាលជាប់ខេត្ដតាកែវ អុីចឹងបន្ដិចទៀតមនុស្សនៅហ្នឹងកាន់តែច្រើន តម្លៃផ្ទះកាន់តែថ្លៃ មនុស្សទៅទិញផ្ទះនៅដូនកែវមិនថោកជាង ធ្វើដំណើរតែកន្លះម៉ោងទៅធ្វើការ។ អុីចឹងបន្ដិចទៀតដូនកែវក៏អាចមានផ្ទះច្រើនជាន់តទៅទៀតដែរ»

 

17

 

សម្ដេចបន្ដថា បច្ចុប្បន្ននេះរាជធានីភ្នំពេញក៏កាន់តែរីកទៅទិសខាងកើតដែរ។ ហើយបើប្រៀបធៀបក្នុងការធ្វើដំណើរការ ពីក្រុងដូនកែវទៅព្រលានយន្ដហោះថ្មី អាចនឹងប្រើពេលវេលាតិចជាងពីភ្នំពេញមកផង។ សម្ដេចលើកឧទាហរណ៍ថា ជូនកាលធ្វើដំណើរពីតំបន់ច្បារអំពៅទៅព្រលានយន្ដហោះអាចនឹងប្រើពេលលើស១ម៉ោង ប្រសិនបើស្ទះចរាចរណ៍។ ខ្ញុំធ្លាប់ហើយជិះពីកំពង់សោមទៅដល់ចោមដៅ ២ ម៉ោងកន្លះ ជិះពីចោមចៅទៅទួលគោក ៣ ម៉ោង។

 

សូមជម្រាបថា គម្រោងព្រលានយន្ដហោះអន្ដរជាតិតេជោ ដែលជាគម្រោងព្រលានយន្ដធំជាងគេនៅកម្ពុជា​គ្រោងនឹងសម្ពោធដាក់ឲ្យប្រើប្រាស់នៅក្នុងកក្កដាខាងមុខ។ ខណៈព្រលានយន្ដហោះនេះត្រូវបានសាងសង់លើផ្ទះដី ២៦០០ ហិកតា នៅក្នុងស្រុកកណ្ដាលស្ទឹង ខេត្ដកណ្ដាល និងផ្នែកខ្លះនៃស្រុកបាទី ខេត្ដតាកែវផងដែរ។ ដោយឡែកចំពោះគម្រោងព្រែកជីកហ្វូណនតេជោ ត្រូវបានបើកការដ្ឋានកាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ហើយរំពឹងនឹងបញ្ចប់នៅក្នុងឆ្នាំ២០២៨ ខាងមុខនេះ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia