កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ ក្រុមហ៊ុន BYD Cambodia បានប្រកាសបើកការដ្ឋានសាងសង់រោងចក្រដំឡើងរថយន្តរបស់ខ្លួន ក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុលើផ្ទៃដី ១២ ហិកតា និងគ្រោងចំណាយទុនសរុប ៣២ លានដុល្លារ។ តាមការគ្រោងទុក គម្រោងនេះគ្រោងនឹងបញ្ចប់ការសាងសង់នៅខែតុលា និងចាប់ផ្តើមដំណើការផលិតកម្មដំឡើងរថយន្តអគ្គិសនីជាលើកដំបូងនៅកម្ពុជា នាដើមខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ។ ហើយនៅពេលដំណើរការរោងចក្រដ៏ធំនេះ នឹងសមត្ថភាពដំឡើងរថយន្តប្រមាណ ១ម៉ឺនគ្រឿង ក្នុងមួយឆ្នាំៗ។
យ៉ាងណាបន្ទាប់ពីរៀបចំពិធីបើកការដ្ឋានសាងសង់រោងចក្រកាលពីថ្ងៃម្សិលមិញហើយនោះ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ នេះ ក្រុមហ៊ុនក៏បានបង្ហាញនូវគម្រោងថ្មីមួយទៀតផងដែរនោះគេ មជ្ឈមណ្ឌលសេវាកម្ម ដែលបានសហការជាមួយនឹងក្រុមហ៊ុន Denza Cambodia។
យោងតាមការបញ្ជាក់នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុនបានសរសេរថា «ឥលូវនេះយើងខ្ញុំសូមធ្វើការជូនដំណឹង ដ៏ពិសេសមួយទៀត ដោយការប្រកាសជាផ្លូវការថាបច្ចុប្បន្ន BYD Cambodia & Denza Cambodia ដែលជាប្រភេទ 𝗡𝗘𝗪 𝗘𝗡𝗘𝗥𝗚𝗬 𝟰𝗦 𝗦𝘁𝗼𝗿𝗲 គឺជា មជ្ឍមណ្ឌលដែលបានសាងសង់ លើផ្ទៃដីដែលមានទំហំ ធំជាងគេក្នុងប្រទេសកម្ពុជា បានចាប់ផ្តើមរៀបចំគម្រោងសាងសង់ ហើយមានទីតាំងនៅមហាវិថី សម្តេចហ៊ុន សែន តាមបណ្តោយព្រលានយន្តហោះថ្មី នឹងត្រូវបញ្ចប់ និងបើកជាផ្លូវការនៅក្នុងឆ្នាំ ២០២៥»។
ក្រុមហ៊ុនបន្ដថា មជ្ឈមណ្ឌលថ្មីនេះមានផ្ទៃដីសរុបគឺ ១៤ ០០០ ម៉ែត្រការ៉េ ជាមួយមុខកាត់រហូតដល់ ៨០ ម៉ែត្រ អ្វីដែលពិសេសនោះ គឺផ្តល់ជូនអតិថិជននូវមជ្ឈមណ្ឌលសេវាកម្មមួយកន្លែងសម្រាប់ការជួសជុល ការថែទាំរថយន្ត ដែលអាចបំរើសេវាទៅដល់អតិថិជនរហូតទៅដល់ ១០០ គ្រឿងក្នុងមួយថ្ងៃ៕