លោកស្រី Sora គឺជាអតីតប្រធានទីផ្សាររបស់ក្រុមហ៊ុនTik Tok ហើយលោកស្រីក៏ធ្លាប់ធ្វើការឲ្យក្រុមហ៊ុនធំៗជាច្រើនមានដូចជា Netflix, Meta និងTik Tokជាដើម។ អំឡុងពេលធ្វើការនៅក្រុមហ៊ុន Tik Tok លោកស្រីបានប្រាក់ចំណូលចំនួន៤០ម៉ឺនដុល្លារក្នុងមួយឆ្នាំដែលគិតជាខែគឺបានជាង៣ម៉ឺនដុល្លារក្នុងមួយខែ។
បច្ចុប្បន្នលោកស្រីសល់លុយខ្ទង់លានដុល្លារ ហើយលោកស្រីបានបង្កើនចំណូលក្នុងអាជីពការងារពី៤ម៉ឺនរហូតដល់ទៅ៤០ម៉ឺនដុល្លារដោយគ្រាន់តែធ្វើការឲ្យគេប៉ុណ្ណោះ។ លោកស្រីបានចែករំលែកថាបើចង់ជោគជ័យក្នុងអាជីពការងារនិងរកចំណូលបានកាន់តែច្រើនពីអាជីពការងារ អ្នកត្រូវអនុវត្តដូចខាងក្រោមនេះ។
១. ផ្ដោតលើការកសាងជំនាញដែលអាចធ្វើការនៅក្រុមហ៊ុនផ្សេងបាន
ត្រង់នេះលោកស្រីថាការងារដែលអ្នកកំពុងធ្វើនៅក្នុងក្រុមហ៊ុនបច្ចុប្បន្នអាចនឹងហួសសម័យនៅថ្ងៃណាមួយ។ ដូច្នេះអំឡុងពេលធ្វើការឲ្យក្រុមហ៊ុនណាមួយ អ្នកត្រូវផ្ដោតលើការកសាងជំនាញថ្មីៗដើម្បីឲ្យយើងតាមទាន់ការវិវត្តយ៉ាងឆាប់រហ័សរបស់ពិភពលោក។ ហើយការធ្វើបែបនេះនឹងធ្វើឲ្យអ្នកអាចផ្លាស់ប្ដូរការងារដែលធ្វើឲ្យអ្នករកចំណូលកាន់តែច្រើនក្នុងអាជីពការងាររបស់អ្នក។ ជាក់ស្ដែងបច្ចុប្បន្នបើអ្នករៀននូវជំនាញបច្ចេកវិទ្យាថ្មីៗដើម្បីធ្វើបច្ចុប្បន្នភាពឲ្យទាន់បច្ចេកវិទ្យា នោះអ្នកនឹងងាយរកការងារធ្វើឲ្យរកចំណូលបានច្រើនទៀតផង។
២. សម្ភាស៍ការងារឲ្យបានច្រើនតាមដែលអាចធ្វើបាន
ប្រសិនបើអ្នកកំពុងស្វែងរកឱកាសការងារផ្សេងៗ អ្នកអាចនឹងមានអារម្មណ៍ថាហត់ក្នុងការដាក់CV ទៅក្រុមហ៊ុនជាច្រើន ប៉ុន្ដែលោកស្រី Sora Lee បានលើកឡើងថាតាមបទពិសោធន៍របស់លោកស្រីផ្ទាល់ការសម្ភាសន៍ការងារនៅក្រុមហ៊ុនផ្សេងៗខុសៗគ្នាជួយឲ្យលោកស្រីដឹងថាអ្វីដេលខ្លួនចង់បានសម្រាប់មុខតំណែងបន្ទាប់។
ត្រង់នេះលោកស្រីថាកាលណាអ្នកសម្ភាសន៍ការងារកាន់តែច្រើនោះអ្នកមើលឃើញខ្លួនឯងថានឹងកាន់តែរំភើបជាមួយនឹងមុខតំណែងនីមួយៗហើយជួយឲ្យអ្នករកការងារ មុខដំណែងណាមួយដែលសមស្របនឹងអ្នក។
៣. កំណត់ជំនាញរកលុយរបស់អ្នក
វាពិតជាសំខាន់ណាស់ក្នុងការដឹងថាតើអ្នកពូកែលើផ្នែកអ្វី ហើយចូលចិត្តអ្វី។ ការកំណត់ពីជំនាញដែលអ្នកពូកែទៅលើអាចជួយឲ្យរកលុយបានច្រើន។ ជាពិសេសការមានជំនាញច្បាស់លាស់មួយបូកជាមួយបទពិសោធន៍ ក្រុមហ៊ុនផ្សេងៗមិនខ្លាចក្នុងការជួលអ្នកនិងឲ្យប្រាក់អ្នកកាន់តែច្រើននោះទេ៕