សារព័ត៌មាន The Economic Times ចុះផ្សាយថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥នេះ បានបញ្ជាក់ថា ប្រទេសវៀតណាមបានស្នើសហរដ្ឋអាមេរិកឱ្យបន្ថយអត្រាពន្ធគយដែលមានចំនួន៤៩% សម្រាប់ការនាំទំនិញចូលទៅអាមេរិក ជាការដោះដូរនឹងការនាំចូលទំនិញពីអាមេរិក មកកាន់វៀតណាមវិញ ក្នុងអត្រាពន្ធ0% ។
យ៉ាងណាមិញចំពោះសំណើដែលស្នើដោយ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Bui Thanh Son នេះត្រូវបានភាគីអាមេរិកដែលមានលោក Piter Navaro ជាទីប្រឹក្សាពាណិជ្ជកម្មកំពូលរបស់ប្រធានាធិបតីអាមេរិក Donald Trump បដិសេធ ព្រោះកន្លងមកវៀតណាមបន្លំផ្លាកសញ្ញា។
ជុំវិញការបដិសេធនេះដែរ នៅលើអេក្រង់របស់ Fox News លោក Piter Navaro បានបញ្ជាក់ថាសហរដ្ឋអាមេរិកនឹងមិនចរចាជាមួយវៀតណាមលើបញ្ហានេះទេ ព្រោះឱនភាពពាណិជ្ជកម្មជាមួយវៀតណាមគឺហួសពីការគ្រប់គ្រងបាន ដោយនាពេលកន្លងមកវៀតណាមបានក្លែងផ្លាកសញ្ញាថាផលិតផលនាំចូលមកអាមេរិកគឺរបស់ប្រទេសវៀតណាម ប៉ុន្តែការពិតគឺជាផលិតផលរបស់ប្រទេសចិន។
សូមបញ្ជាក់ថាយោងតាមទិន្នន័យរបស់ការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកបានបង្ហាញថា បច្ចុប្បន្នសហរដ្ឋអាមេរិកមានឱនភាពពាណិជ្ជកម្មចំនួន ១២៣,៥ ពាន់លានដុល្លារជាមួយវៀតណាម ដោយសារតែការនាំចេញចំនួន ១៣,១ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៤ និងការនាំចូលចំនួន ១៣៦,៦ ពាន់លានដុល្លារ៕
អត្ថបទដោយ៖ ពីង ជូអេង