មេធំ Binance និងក្រុមហ៊ុនត្រូវអាមេរិកប្ដឹង១៣ករណីពីបទបំពានច្បាប់មូលបត្ររបស់សហរដ្ឋអាមេរិក
Toeuy HongJUNE 6 2023895 views

ក្រុមហ៊ុន Binance និងលោក Chanpeng Zhao ដែលជាស្ថាបនិករបស់ Binance ត្រូវគណកម្មការមូលបត្ររបស់សហរដ្ឋអាមេរិក( SEC)ប្ដឹងចំនួន១៣បណ្ដឹងពីបទបំពានច្បាប់មូលបត្ររបស់សហរដ្ឋអាមេរិក។ នេះបើយោងតាមការចុះផ្សាយរបស់CNBC។

យោងតាមប្រភពដដែលបានឲ្យដឹងថាគណកម្មការមូលបត្ររបស់សហរដ្ឋអាមេរិក(SEC) បានចោទប្រកាន់ទាំងក្រុមហ៊ុន Binance និងលោក Chanpeng Zhao ថាបានដាក់លុយឡូកឡំគ្នារាប់ពាន់លានដុល្លាររវាងលុយអតិថិជននិងលុយក្រុមហ៊ុនហើយផ្ញើទៅកាន់ក្រុមហ៊ុនអឺរ៉ុបមួយដែលគ្រប់គ្រងដោយលោក Chanpeng Zhao ផ្ទាល់។

 នៅក្នុងបណ្ដឹងនោះដែរSEC ក៏ចោទប្រកាន់ដោយបញ្ជាក់ផងដែរថាលោក Zhao និងក្រុមហ៊ុនរបស់លោកផ្ទាល់ធ្វើការដោយមានបំណងបំផ្លាញប្រព័ន្ធអនុលោមតាមច្បាប់អាមេរិកដើម្បីអាចគ្រប់គ្រងខ្លួនឯងក្នុងគោលបំណងឲ្យអ្នកវិនិយោគនិងអតិថិជនដែលលុយច្រើនៗអាចបន្តធ្វើការជួញដូរលុយគ្រីបតូលើBinanceដែលមិនមានអាជ្ញាប័ណ្ណត្រឹមត្រូវ។

 លើសពីនេះមានការចោទប្រកាន់ជាច្រើនផ្សេងទៀតដោយចោទថាក្រុមហ៊ុនBinance បានបង្កើតក្រុមហ៊ុនBinanceនៅអាមេរិកគឺគ្រាន់តែដើម្បីធ្វើជាខែលការពារសម្រាប់ក្រុមហ៊ុនមេប៉ុណ្ណោះពោលគឺក្នុងន័យបិទបាំងពីវិធានការច្បាប់របស់សហរដ្ឋអាមេរិកតែប៉ុណ្ណោះ។

 អតីតនាយកប្រតិបត្តិក្រុមហ៊ុនBinance អាមេរិក២រូបគឺដែលត្រូវបានគេស្គាល់ឈ្មោះថា Catherine Coley និងBrian Brooks ទាំង២នាក់បានបង្ហាញពីក្ដីបារម្ភនៅលើការគ្រប់គ្រងរបស់លោក Changpeng Zhao ទៅលើក្រុមហ៊ុន Binance សព្វថ្ងៃនេះ។

អតីតនាយកប្រតិបត្តិរបស់Binance អាមេរិកម្នាក់ដែលត្រូវបានគេកោះថៅទៅតុលាការដែលត្រូវបានគេកំណត់អត្តសញ្ញាណឈ្មោះ” BAM CEO B” បាននិយាយថា” ខ្ញុំមិនបានបើកក្រុមហ៊ុនBinance នៅអាមេរិកដោយខ្លួនឯងនោះទេ ហើយបេសកម្មដែលខ្ញុំបានចុះកុងត្រាធ្វើក៏មើលទៅមិនមែនបេសកម្មអីពិតប្រាកដនោះដែរ ដូច្នេះហើយខ្ញុំក៏សម្រេចចាកចេញពីBinance អាមេរិក” ។

ជុំវិញបណ្ដឹងចំនួន១៣បណ្ដឹងមកលើ Binance និងលោកChanpeng Zhao លោក Chanpeng Zhao បានបង្ហោះសារលើបណ្ដាញTwitter យ៉ាងខ្លីថា” ក្រុមការងាររបស់យើងគឺឈរនៅទីនេះដើម្បីប្រាកដថាប្រព័ន្ធរបស់យើងមានស្ថិរភាពទាំងការដកលុយនិងការដាក់លុយ” ។ លោកបានឲ្យដឹងក្នុងសារដដែលថា” យើងនិងធ្វើការឆ្លើយតបពេលទទួលបានពាក្យបណ្ដឹង ប៉ុន្ដែពេលនេះយើងមិនទាន់ទទួលបានបណ្ដឹងនៅឡើយ”៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia