បច្ចុប្បន្នការ៉ាសសាំង PPT ឈរជើងពេញខេត្តក្រុងប្រទេសកម្ពុជាទៅតំបន់ណាក៏ឃើញ ខណៈការ៉ាសសាំងរបស់ក្រុមហ៊ុនថៃនេះ មានចំណុចពិសេសមួយ ធ្វើឱ្យអ្នកធ្វើដំណើរទៅគ្រប់ខេត្តក្រុង និយមចូលសំចត គឺព្រោះមានបន្ទប់ទឹកស្អាត។
ដោយឡែក នៅក្នុងថ្ងៃនេះ យើងនឹងមកពីនាយកប្រតិបត្តិរបស់ ក្រុមហ៊ុនសាំងPTT ថាតើលោកជានរណា មានប្រវត្តិឆ្លងកាត់ការងារ និងការសិក្សាបែបណា មុនចូលកាន់ តំណែងក្នុងក្រុមហ៊ុនកំពូលក្នុងវិស័យថាមពលបាន។
លោក Auttapol Rerkpiboon បុរសជនជាតិថៃសញ្ជាតិថៃ បានចូលកាន់តំណែងជាប្រធាន និងនាយកប្រតិបត្តិក្រុមហ៊ុន PTT ដែលជាក្រុមហ៊ុនថាមពលមួយ មានបុគ្គលិកប្រមាណជាង ២៩៤០០នាក់ អស់រយៈពេលជាង៤ឆ្នាំ។
យ៉ាងណាមិញ CEO វ័យ៥៨ឆ្នាំរូបនេះបាន បញ្ចប់ការសិក្សាជាមួយនឹងសញ្ញាបត្រចំនួន៣ រួមមានបរិញ្ញាបត្រវិស្វកម្មសំណង់ស៊ីវិល ពីសាកលវិទ្យាល័យ Chulalongkorn បញ្ចប់កម្មវិធីថ្នាក់អនុបណ្ឌិតសេដ្ឋកិច្ច ពីវិទ្យាស្ថានជាតិគ្រប់គ្រងការអភិវឌ្ឍន៍ និងសញ្ញាប័ត្រនៃការគ្រប់គ្រងប្រេង ពីសាកលវិទ្យាល័យអង់គ្លេស Oxford។
ក្នុងនោះលោកធ្លាប់បានឆ្លងកាត់បទពិសោធន៍ការងារពីបុគ្គលិកនិងជាអនុប្រធានប្រតិបត្តិ ទំនាក់ទំនងសាជីវកម្ម និងទំនួលខុសត្រូវសង្គម ភីធីធី និងទំនួលខុសត្រូវសង្គម ក្រុមហ៊ុន PTT Public Company Limited ពីខែតុលា ឆ្នាំ២០០៩ ដល់ខែឧសភា ឆ្នាំ២០១១។ ពីឆ្នាំ២០១១ ដល់ខែតុលា ២០១៣ លោកបន្តការងារ ជាអនុប្រធានប្រតិបត្តិ ទីផ្សារពាណិជ្ជកម្មនិងអន្តរជាតិ នៅក្រុមហ៊ុន PTT។
នៅក្នុង ខែវិច្ឆិកា ឆ្នាំ២០១៣ ដល់ខែកញ្ញា ឆ្នាំ២០១៤ លោកបានធ្វើជា អនុប្រធានប្រតិបត្តិ ទីផ្សារលក់រាយ នៅក្រុមហ៊ុន PTT រហូតដល់ ខែតុលា ឆ្នាំដដែល លោកបានវិវត្តន៍ខ្លួន ទៅជានាយករងប្រតិបត្តិជាន់ខ្ពស់ ការគ្រប់គ្រងនិរន្តរភាព និងវិស្វកម្មគម្រោងនៃក្រុមហ៊ុន។
រហូតមកដល់ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៥ លោកក៏បន្តធ្វើជាអនុប្រធានប្រតិបត្តិជាន់ខ្ពស់អង្គភាពអាជីវកម្មប្រេង PTT ដល់ឆ្នាំ២០២០ នៅថ្ងៃទី៣ ខែឧសភា ទើបលោកឡើងជានាយកប្រតិបត្តិក្រុមហ៊ុន។
គួរបញ្ជាក់ផងដែរថាក្រុមហ៊ុន PTT Public Company Limited ឬហៅកាត់ថា PTT នេះ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៧៨ ជាសហគ្រាសរដ្ឋ ក្រោមរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី Kriangsak Chamanan ដែលបានគ្រប់គ្រងនិងចុះបញ្ជីដោយរដ្ឋថៃ។
ក្រុមហ៊ុន PTT មានបំពង់បង្ហូរឧស្ម័នក្រោមបាតសមុទ្រយ៉ាងទូលំទូលាយនៅក្នុងឈូងសមុទ្រថៃ ដែលជាបណ្តាញស្ថានីយឧស្ម័ន LPG ទូទាំងព្រះរាជាណាចក្រថៃបានចូលរួមក្នុងការផលិតអគ្គិសនី ផលិតផលគីមីឥន្ធនៈ ការរុករក ផលិតប្រេង ឧស្ម័ន និងប្រេងសាំង៕
អត្ថបទដោយ៖ ពីង ជូអេង


