ទីក្រុងរណបថ្មីមួយទៀត នឹងលេចរូបរាងឡើងនៅភាគខាងកើតរាជធានីភ្នំពេញ នោះគឺគម្រោងទីក្រុងរណបអរិយក្សត្រ ដែលមានទីតាំងស្ថិតនៅបណ្ដោយដងទន្លេមេគង្គ ក្រុងអរិយក្សត្រ ខេត្ដកណ្ដាល ។ បើតាមការបញ្ជាក់ពីរដ្ឋបាលក្រុងអរិយក្សត្រ បច្ចុប្បន្នអាជ្ញាធរ បាននិងកំពុងរៀបចំទីតាំងដើម្បីប្រារព្ធពិធីបើកការដ្ឋានសាងសង់ក្នុងឆាប់ៗខាងមុខ។ ហើយពិធីបើកការដ្ឋានសាងសង់នេះដែរ ក៏មានការអញ្ជើញចូលរួមក្រោមអធិបតីភាពសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវផងដែរ។
យោងតាមសេចក្ដីប្រកាសពីទីស្ដីការគណៈរដ្ឋមន្ដ្រី គម្រោងទីក្រុងណបអរិយក្សត្រ នេះនឹងអភិវឌ្ឍន៍នៅលើផ្ទៃដីប្រមាណ ១៦០ ហិកតា មានទីតាំងស្ថិតនៅភូមិពោធិ៍ធំ សង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្ដកណ្ដាល។ ខណៈគម្រោងទីក្រុងរណបថ្មីនេះទទួលបានការវិនិយោគដោយក្រុមហ៊ុន ធីភី ម៉ូរ៉ាល់ គ្រុប ឯ.ក (TP Moral Group) របស់អ្នកឧកញ៉ា ឃុន សៀ។
ជុំវិញគម្រោងនេះកាលពីថ្ងៃទី៦ ខែធ្នូ កន្លងទៅ លោក ចាន់ តារា អភិបាលនៃគណៈអភិបាលក្រុងអរិយក្សត្រ ក៏បានលើកឡើងថា នៅពេលអនាគតខាងមុខតំបន់ទីក្រុងរណបអរិយក្សត្រនេះនឹងមានអគារខ្ពស់ៗដូចទៅនឹងភ្នំពេញដែរ។ ដោយក្នុងនោះលោកបានសរសេរលើទំព័រហ្វេសប៊ុករបស់ថា «រូបភាពចេញពីចំណុចតំបន់ទីក្រុងអភិវឌ្ឍ ក្រុងរណបអរិយក្សត្រ ជិតគ្នាណាស់ ឆាប់ៗខាងមុខ ត្រើយខាងខ្ញុំ និងមានអគារខ្ពស់ ដូចអ្នកភ្នំពេញដែរហើយ»។
សូមជម្រាបថា នេះគឺជាគម្រោងធំមួយទៀតហើយនៅក្នុងភូមិសាស្ដ្រក្រុងអរិយក្សត្រ បន្ទាប់ពីគម្រោងស្ពានមិត្ដភាពកម្ពុជា-កូរ៉េ ដែលតភ្ជាប់តំបន់ដ៏មានសក្ដានុពលនេះមកកាន់រាជធានីភ្នំពេញ ដោយគ្រោងនឹងបើកការដ្ឋានសាងសង់នៅអំឡុងឆ្នាំ២០២៥ខាងមុខនេះផងដែរ៕