យោងតាមការចុះផ្សាយរបស់ទីភ្នាក់សារព័ត៌មានអាមេរិក CNBC ថ្ងៃទី៧ ខែកក្កដា បានឱ្យដឹងថា យ៉ាងហោចណាស់ ប្រទេសចំនួន១៤ នឹងត្រូវបន្តប្រឈមមុខអត្រាពន្ធនាំចូល ចាប់ពីថ្ងៃទី០១ខែសីហា ឆ្នាំ២០២៥ ខណៈសេចក្តីសម្រេចនឹងចុះចូលជាធរមាន ចុះហត្ថលេខាដោយប្រធានាធិបតី Donald Trump។
នៅលើ Truth Social បានបង្ហាញថាទំនិញដែលនាំចូលមកសហរដ្ឋអាមេរិកពី សំណាក់ប្រទេសដូចជា ជប៉ុន កូរ៉េខាងត្បូង ម៉ាឡេស៊ី កាហ្សាក់ស្ថាន និងទុយនេស៊ី ត្រូវបានកំណត់ថានឹងប្រឈមមុខនឹងពន្ធ ២៥%។ រីឯទំនិញមកពីអាហ្រ្វិកខាងត្បូង និងបូស្នៀ នឹងត្រូវប្រឈមពន្ធ ៣០%។
ដោយឡែកការនាំចូលពីប្រទេសឥណ្ឌូនេស៊ីនឹងជាប់ពន្ធ៣២% ,បង់ក្លាដែស និងស៊ែប៊ី ស្ថិតក្នុងកម្រិត ៣៥% ខណៈដែលកម្ពុជានិងថៃ ត្រូវបានកំណត់សម្រាប់អត្រាពន្ធ ៣៦% ដោយមីយ៉ាន់ម៉ានិងឡាវចំនួន៤០%។ បើតាមអ្នកនាំពាក្យសេតវិមាន អ្នកស្រី Karoline Leavitt បាននិយាយថា លិខិតជាច្រើនត្រូវបានផ្ញើចេញទៅកាន់រដ្ឋាភិបាលរបស់ប្រទេសនីមួយៗជាបន្តបន្ទាប់។
ខណៈសំបុត្រទាំងអស់បានបញ្ជាក់ថា អត្រាពន្ធនេះគឺដាក់ដាច់ដោយឡែកពីពន្ធ លើវិស័យជាក់លាក់បន្ថែម តាមប្រភេទផលិតផល។ ក្នុងការបង្ហោះដដែល លោក Trump បានបន្ថែមថា សហរដ្ឋអាមេរិកនឹងប្រហែលជាពិចារណាកែសម្រួលកម្រិតពន្ធថ្មី អាស្រ័យលើទំនាក់ទំនងរបស់អាមេរិកជាមួយប្រទេសទាំងនោះ។
សូមរំលឹកផងដែរថាសហរដ្ឋអាមេរិកបានចាប់ផ្តើមប្រកាសអំពីពន្ធជាមួយប្រទេសនានាជុំវិញពិភពលោកចាប់តាំងពីខែមេសា ស្តីពីឱនភាពពាណិជ្ជកម្ម។ ដោយក្នុងនោះមានឆ្លងកាត់និតីវិធីជាច្រើន ដូចជាការផ្អាក ការត្រួតពិនិត្យឬការលើកលែងជាដើម៕
អត្ថបទដោយ៖ ពីង ជូអេង