វិស័យសុខាភិបាលនឹងកាន់តែខ្លាំង! កម្ពុជានឹងមានមន្ទីរថ្មីជួយបណ្ដុះបណ្ដាលសិស្សពេទ្យលើជំនាញទាំងនេះ
Bunthoeun KoemMAY 21 20233.1 K views

រាជរដ្ឋាភិបាលបានសម្រេចបង្កើតមន្ទីរពេទ្យថ្មីមួយដែលមានឈ្មោះថា UHS ដែលមានឈ្មោះពេញថា (University of Healthy Science Teaching Hospital )។ មន្ទីពេទ្យថ្មីនេះបង្កើតឡើង ដើម្បីអប់រំ និងបណ្ដុះបណ្ដាលនិស្សិតវិទ្យាសាស្ដ្រសុខាភិបាលលើផ្នែកវេជ្ជសាស្រ្ដ និងផ្នែកគ្លីនិក ក៏ដូចជាការព្យាបាលអ្នកជំងឺផងដែរ។ នេះបើតាមការចុះផ្សាយពីក្រសួងសុខាភិបាល កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅនេះ។

តាមរយៈវីដេអូដែលមានរយៈពេលជាង ២នាទី របស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា មន្ទីរពេទ្យ UHS ត្រូវបានបង្កើតឡើងក្រោមផែនការអភិវឌ្ឍន៍ជាតិ មានកម្ពស់៧ជាន់ ដែលផ្ដល់សេវាវេជ្ជសាស្ដ្រ និងឧបករណ៍ទំនើបៗ ការអប់រំនិស្សិតវិទ្យាសាស្ដ្រសុខាភិបាល ជាមួយនឹងការបណ្ដុះបណ្ដាលជាប្រព័ន្ធ និងផ្នែកគ្លីនិក។

លក្ខណៈពិសេសរបស់មន្ទីពេទ្យនេះ គឺផ្នែកខាងក្នុងមានបន្ទប់សម្រាប់អប់រំផ្នែកវេជ្ជសាស្រ្ត រួមទាំងបន្ទប់ដាច់ដោយឡែកសម្រាប់អ្នកជំងឺឆ្លង និងមជ្ឈមណ្ឌថែទាំយ៉ាងជិតស្និតនៃអ្នកជំងឺដាច់សសៃឈាមខួរក្បាលផងដែរ។

ចំពោះគោលបំណងនៃការបង្កើតមន្ទីពេទ្យនេះ ដើម្បីសម្រេចឲ្យបានប្រសើរឡើងនូវបរិមាណ និងគុណភាព នៃធនធានមនុស្សផ្នែកវេជ្ជសាស្ដ្រ, ចូលរួមលើកកម្ពស់សុខភាពសាធារណៈរបស់កម្ពុជា។  

ក្នុងដំណាក់កាលនេះ មន្ទីរពេទ្យបង្រៀន UHS នឹងត្រូវដំណើរការចំនួន២០០គ្រែ ហើយផ្នែកវេជ្ជសាស្ដ្រនឹងពង្រីករហូតដល់៤០០គ្រែ នៅពេលអនាគត បន្ទាប់ពីប្រតិបត្តិការជោគជ័យលើ២០០គ្រែដំបូង។

នៅពេលបើកដំណើរការ មន្ទីរពេទ្យនេះនឹងចូលរួមកែលម្អរចនាសម្ព័ន្ធថែថាំសុខភាព និងបណ្ដុះបណ្ដាលមនុស្សផ្នែកសុខាភិបាល ដែលមានសមត្ថភាពចូលរួមលើកកម្ពស់ និងអភិវឌ្ឍន៍ផ្នែកវេជ្ជសាស្រ្ដកម្ពុជា និងផ្នែកគ្លីនិក។

សូមជម្រាបផងដែរថា មន្ទីរពេទ្យថ្មីនេះគឺរចនាឡើងតាមបែបសហសម័យ មានច្រលចូលធំ និងដំបូល ឆ្លុះបញ្ជាំងពីផ្លូវចូលប្រាសាទបុរាណ នៃពុទ្ធសាស្រ្តានា និងរចនាបទខ្មែរ។ ផ្នែកខាងក្រៅអគារគឺមានសួនច្បារ ដែលមានបរិយាកាសល្អបរិសុទ្ធសម្រាប់អ្នកជំងឺនិងបុគ្គលិកពេទ្យផងដែរ៕

អត្ថបទដោយ៖​ឌឿក ស្រីនុត

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia