ក្រុមហ៊ុនយក្ស Google បង្ហាញអំពីការងារ៣ប្រភេទ ដែលងាយនឹងជំនួសដោយAI នៅឆ្នាំ២០៣០
Ping Chou EngJANUARY 31 2025804 views

ការវិវត្តន៍របស់បច្ចេកវិទ្យា AI បានផ្ដល់នូវគុណសម្បត្តិនិងគុណវិបត្តិ ទន្ទឹមគ្នាសម្រាប់ការរស់នៅរបស់មនុស្ស។ ជាក់ស្ដែងបច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត (AI) ត្រូវបានគេបារម្ភថាវានឹងចូលមកជំនួសការងារមួយចំនួនរបស់មនុស្សផងដែរ។ ដោយក្នុងនោះការងារ៣ប្រភេទដែលក្រុមហ៊ុន Google ទស្សន៍ទាយថានឹងត្រូវជំនួសដោយ AI​ យ៉ាងយូរនៅឆ្នាំ២០៣០។

 

. ផ្នែកបម្រើសេវាកម្មអតិថិជន៖ ឥឡូវនេះ chatbots ដំណើរការដោយ AI អាចដោះស្រាយកិច្ចការជាច្រើន ដែលធ្លាប់បានអនុវត្តដោយផ្នែកសេវាកម្មអតិថិជនរបស់មនុស្ស ដូចជាការឆ្លើយសំណួរ ការដោះស្រាយបញ្ហា និងការគាំទ្រនានា គឺនឹងត្រូវបានជំនួសដោយ AI កាន់តែច្រើនឡើងៗនាពេលអនាគត ថ្វីត្បិតតែវាមិនត្រូវបានជំនួស១០០% ឬលឿនក៏ពិតមែនក៏ប៉ុន្តែកំពុងទៅសន្សឹមៗ។

 

២. អ្នកវាយបញ្ចូលទិន្នន័យ៖ កម្មវិធីដែលដំណើរការដោយ AI ឥឡូវនេះអាចបញ្ចូលទិន្នន័យទៅក្នុងប្រព័ន្ធកុំព្យូទ័របានយ៉ាងរហ័ស និងត្រឹមត្រូវ ដោយលុបបំបាត់ក្រុមមនុស្សដែលអង្គុយធ្វើការងារដដែលៗ ដោយវាយបញ្ចូលទិន្នន័យនានា។ បច្ចេកវិទ្យា AI អាចធ្វើការងារនេះបានល្អ និងលឿនរហ័ស និងមានភាពត្រឹមត្រូវកាន់តែខ្ពស់ឡើងៗជានិច្ច ដែលអាចជាការគម្រាមកំហែងដល់ក្រុមមនុស្សដែលកំពុងបម្រើការងារក្នុងផ្នែកនេះ។

 

៣. អ្នកខលផ្សព្វផ្សាយ​ និងលក់តាមទូរស័ព្ទ ៖វិធីសាស្រ្តនៃការធ្វើទីផ្សារដោយផ្ទាល់ ដែលអ្នកលក់ស្វែងរកអតិថិជន តាមរយៈការខលណែនាំផលិតផល សេវាកម្ម ឬសុំជួបមុខគ្នាជាបន្តបន្ទាប់ អាចនឹងត្រូវបាត់បង់នាពេលអនាគត។ ឥឡូវនេះ ប្រព័ន្ធដែលដំណើរការដោយ AI អាចធ្វើការហៅចេញ និងគ្រប់គ្រងការហៅទូរសព្ទ ក៏ដូចជាចែកចាយការលក់ និងប្រមូលការទូទាត់បាន។ នេះបាននាំឱ្យមានការថយចុះគួរឱ្យកត់សម្គាល់នៃចំនួនអ្នកទីផ្សារផ្សព្វផ្សាយ និងលក់តាមទូរស័ព្ទដូចមុនទៀតហើយ។

 

យ៉ាងណាមិញនេះគ្រាន់តែជាការងារមួយចំនួនតូចប៉ុណ្ណោះ ក្នុងចំណោមប្រភេទការងារជាច្រើនទៀត ដែលមានហានិភ័យនៃការជំនួសដោយ AI ។ ទោះជាយ៉ាងណាក៏ដោយ វាជាការសំខាន់ដែលត្រូវចងចាំថា AI មិនមែនជាការគំរាមកំហែងដល់ការងារទាំងអស់នោះទេ គឺវាក៏បានចូលរួមបង្កើតនូវការងារថ្មីៗផងដែរ។

 

ដើម្បីការពារខ្លួនកុំឱ្យមានហានិភ័យត្រូវជំនួសឱ្យ AI មនុស្សត្រូវខិតខំក្នុងការបង្កើនជំនាញខ្លួនឱ្យកាន់តែខ្លាំង ដោយមិនចាំបាច់ប្រជែងនឹង​AI ទេ ពោលគឺត្រូវខំពង្រីកគំនិតច្នៃប្រឌិត និងធ្វើការងារដែលមានភាពបត់បែនខ្ពស់ ដែល AI ពិបាកនឹងធ្វើបាននិងកម្រិតស្វ័យប្រវត្តិកម្មមានភាពស្មុគស្មាញ ទើបអាចរក្សាតំណែងតួនាទីរបស់អ្នកបានល្អបំផុត៕

 

ដោយ៖ ពីង ជូអេង 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia