នេះជាដំណឹងដ៏ល្អមួយ ខណៈនាពេលក្រុមហ៊ុន Nippon Koei Business Partners Co., Ltd. ដែលមកពីជប៉ុនមានបំណងមកសិក្សាស្វែងយល់ពីវិស័យស្វាយចន្ទីនៅកម្ពុជា នាពេលឆាប់ៗខាងមុខនេះ។
ជាក់ស្តែង កាលពីម្សិលមិញនេះឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា និងសហការីបានទទួលជួបលោក Tsutomu TAMURA អគ្គនាយករងក្រុមហ៊ុន Nippon Koei Business Partners Co., Ltd. នៅក្នុងជំនួបនេះក្រុមហ៊ុនបានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការវិនិយោគលើវិស័យស្វាយចន្ទីដើម្បីនាំចេញ ជាពិសេសនឹងផ្តោតលើការកែច្នៃផ្លែនិងសំបកគ្រាប់ស្វាយចន្ទីទៅជាទឹកខ្មេះ ប្រេង កាកសំណល់ដែលសេសសល់នឹងយកទៅធ្វើជាចំណីសត្វ (គោ)។
ជាកិច្ចបញ្ចប់ ឯកឧត្តមអគ្គលេខាធិការបានជម្រាបជូន គណៈប្រតិភូពីសក្តានុពលរបស់វិស័យ ស្វាយចន្ទីនៅកម្ពុជា ខេត្តសក្តានុពលសម្រាប់ដាំដុះស្វាយចន្ទីនៅកម្ពុជា និងការទាញយកផលប្រយោជន៍ជាអតិបរិមាពីស្វាយចន្ទី។
បន្ថែមពីនេះ ឯកឧត្តមអគ្គលេខាធិការបានធ្វើការលើកទឹកចិត្តឱ្យក្រុមហ៊ុនឆាប់ធ្វើការសម្រេចចិត្តមកបណ្តាក់ទុននៅកម្ពុជាក្នុងវិស័យស្វាយចន្ទី ពីព្រោះនាពេលបច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជាកំពុងយកចិត្តទុកដាក់លើវិស័យនេះ ជាពិសេសការកែច្នៃស្វាយចន្ទី៕