គម្រោងស្ពានអាកាសភ្លោះថ្មី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្ថិតនៅតាមបណ្ដោយមហាវិថីសម្ដេចតេជោ ហ៊ុន សែន ប្រសព្វ និងផ្លូវជាតិលេខ២ ត្រង់ព្រំប្រទល់រវាង រាជធានីភ្នំពេញ និងខេត្តកណ្តាល សាងសង់សម្រេចបានប្រមាណ៥២% ហើយ។ នេះបើតាមការឲ្យដឹងពីលោកស្រី ដោ សម្ផស្ស នាយិការរងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ ដែលចុះផ្សាយដោយក្រសួងព័ត៌មាននៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥។
លោកស្រីបានមានប្រសាសន៍ថា គិតមកដល់ពេលនេះការដ្ឋានសាងសង់ស្ពានអាកាសភ្លោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតទាំងមូលសម្រេចបានប្រមាណ៥២%ហើយ។ចំពោះស្ពានដែលមានទិសដៅពីមហាវិថីសម្តេចតេជោហ៊ុន សែន(ផ្លូវ៦០ម៉ែត្រ) ទៅមហាវិថីព្រលានសម្តេចតេជោ បានសាងសង់គ្រឹះនិងសសរស្ពានរួចរាល់ហើយ។ បច្ចុប្បន្នកំពុងតែដំឡើងធ្នឹមបេតុងបានប្រមាណជាង៦០%(៤ប្រលោះ/៧ប្រលោះ) ហើយ គ្រោងនឹងបញ្ចប់អ៊ុតកៅស៊ូផ្លូវស្ពាននៅចុងខែមិនាខាងមុខនេះ។
លោកស្រីបានបញ្ជាក់បន្ថែមថា ចំពោះស្ពានដែលមានទិសដៅ ពីមហាវិថីព្រលានសម្តេចតេជោ ទៅមហាវិថីសម្តេចតេជោហ៊ុនសែន (ផ្លូវ៦០ម៉ែត្រ)បានសាងសង់គ្រឹះនិងសសររួចហើយ។ឯការដំឡើងធ្នឹមនឹងរៀបចំចាប់ពីខែមេសាខាងមុខនេះ។
ស្ពានអាកាសភ្លោះ សម្តេចមហាបវរធិបតី គឺជាគម្រោងរបស់រាជរដ្ឋាភិបាល តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ត្រូវបានបើកការដា្ឋនសាងសង់កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤។ ស្ពានអាកាសនេះ សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ប្រើប្រាស់រយៈពេលសាងសង់ ចំនួន១២ខែ និងគ្រោងបញ្ចប់ទាំងស្រុងនៅក្នុងខែមិថុនា ឆ្នាំ២០២៥ ខាងមុខ និងប្រើប្រាស់ថវិកា១៦,២០០,៥០០ដុល្លារងផងដែរ៕