កម្ពុជាជាប្រទេសមួយស្ថិតនៅក្នុងតំបន់អាស៊ាន ដែលអាចទាក់ទាញគម្រោងវិនិយោគជាច្រើនពីវិនិយោគិនក្នុងស្រុក និងក្រៅស្រុក បើទោះកន្លងមកជួបនូវបញ្ហាកូវីដ១៩ និងសង្គ្រាមរវាងរុស្សី និងអ៊ុយក្រែន ក៏ដោយ។ យ៉ាងណាការដែលទទួលបានគម្រោងច្រើនចូលមកកម្ពុជាបែបនេះ ដោយសាររាជរដ្ឋាភិបាលមានយុទ្ធសាស្រ្ដក្នុងការទាក់ទាញអ្នកវិនិយោគផងដែរ។
ជាក់ស្ដែងតាមការបង្ហើបពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជាបានឲ្យដឹងថា «កម្ពុជា បានអនុវត្តនូវយុទ្ធសាស្ត្រ ២ នោះគឺត្រីណាមកដល់មុនគឺចាប់យកត្រីនោះ និងត្រូវធ្វើយ៉ាងណា ឲ្យក្រុមហ៊ុនទាំងអស់ ដែលមកកម្ពុជា មានជំនឿចិត្ត ចំពោះកម្ពុជា»។
ប្រសាសន៍លើកឡើងរបស់សម្ដេចតេជោ ខាងលើធ្វើឡើងនៅក្នុង ជំនួបពិភាក្សាកិច្ចការមួយចំនួនពាក់ព័ន្ធការវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា ជាមួយលោក យ៉ូស៊ីហ៊ីសា កៃនុម៉ា (Yoshihisa Kainuma) នាយកប្រតិបត្តិក្រុមហ៊ុនមីនីបៀ (Minebea Mitsumi)។
សូមជម្រាបផងដែរថា នៅរយៈពេល ៦ ខែដើមឆ្នាំ២០២២ នេះ ប្រទេសកម្ពុជាទទួលគម្រោងវិនិយោគ សរុបជាទឹកប្រាក់ប្រមាណ ២.៩៩ ពាន់លានដុល្លារ នៅក្នុងនោះ ១.៩ ពាន់លានដុល្លារ ជាគម្រោងវិនិយោគរបស់វិនិយោគិនចិន។ នេះបើតាមការបញ្ជាក់ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាហៅកាត់ថា CDC៕
អត្ថបទ៖ កឹម ប៊ុនធឿន