គិតចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំ២០២៥នេះ កម្ពុជាបានចុះបញ្ជីគម្រោងវិនិយោគមានចំនួន ៤៤០គម្រោង គឺកើនឡើងចំនួន ២០៦គម្រោង ឬស្មើនឹងប្រមាណ ៨៨% ខណៈទំហំទុនវិនិយោគមានប្រមាណ ៦,៧ពាន់លានដុល្លារអាមេរិក កើនឡើងប្រមាណ ៣ពាន់លានដុល្លារអាមេរិក ស្មើនឹងប្រមាណ ៨៤% ធៀបនឹងរយៈពេល ដូចគ្នាក្នុងឆ្នាំ២០២៤។ ជាការកត់សម្គាល់ ត្រឹមតែរយៈពេល៧ខែនៃឆ្នាំ២០២៥ គណៈកម្មាធិការវិនិយោគកម្ពុជា បានចុះបញ្ជីគម្រោងវិនិយោគលើសការចុះបញ្ជីគម្រោងវិនិយោគពេញមួយឆ្នាំ២០២៤ រហូតដល់ទៅ ២៦គម្រោង។
អ្វីដែលចាប់អារម្មណ៍របស់ពេល ៧ ខែ ក្នុងឆ្នាំ២០២៥ នេះខេត្ដកំពង់ស្ពឺ និងខេត្ដស្វាយរៀង ទទួលបានគម្រោងវិនិយោគច្រើនជាងគេ ដោយក្នុងនីមួយៗទទួលបានជាង ១ គម្រោងឯនោះ។ បើយោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចេញផ្សាយកាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ ឃើញថា ខេត្ដកំពង់ស្ពឺ ទទួលបាន ១០៤ គម្រោង និងខេត្ដស្វាយរៀងទទួលបាន ១០២ គម្រោង។
ទន្ទឹមគ្នានេះដែរ ក្នុងខែកក្កដា កន្លងទៅថ្មីៗនេះ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេច ចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន៦៧គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ៩៤៤លានដុល្លារ អាមេរិក នឹងអាចបង្កើតការងារបានប្រមាណ៥៧ពាន់កន្លែងផងដែរ។ ក្នុងចំណោមគម្រោងវិនិយោគសរុប គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៤៣គម្រោង និងគម្រោង វិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ២៤គម្រោង។ ជារួម ការចុះបញ្ជី គម្រោងវិនិយោគមានការកើនឡើងចំនួន ២៣គម្រោង ខណៈទំហំទុនវិនិយោគមានការកើនឡើងប្រមាណ ៥៤៧លានដុល្លារអាមេរិក ស្មើនឹងប្រមាណ១៣៨% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។