កម្ពុជាទទួលបានចំណូល ជាង៣៨៧លានដុល្លារ កើនជាង៤២% ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៥ ពោលចាប់ពីខែមករា ដល់ខែកក្កដា។ នេះបើយោងតាមការចុះផ្សាយដោយ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា។
ប្រភពខាងលើ បានឱ្យដឹងទៀតថា ចំណូលសរុបគិតត្រឹមខែកក្កដា ឆ្នាំ២០២៥ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ មានចំនួន ៣៨៧ ៤៣៤ ០៥៨ដុល្លារ ក្នុងនោះ ចំណូលពីការនាំចេញជ័រកៅស៊ូ ចំនួន ២៦៥ ៩០៨ ៣០២ដុល្លារ, ចំណូលលក់ជ័រកៅស៊ូក្នុងស្រុក ចំនួន ១១៨ ៨៩០ ៩៥៤ និងចំណូលពីការនាំចេញឈើកៅស៊ូ ចំនួន២ ៦៣៤ ៨០២ដុល្លារ។
ចំពោះបរិមាណ នៃការនាំចេញគិតត្រឹមខែកក្កដា ឆ្នាំ២០២៥ កម្ពុជាបាននាំចេញជ័រកៅស៊ូ ចំនួន១៤៧,០៧១តោន ថយចុះចំនួន២៦ ៨៤៤តោន ស្មើនឹង១៥.៤% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ រីឯការនាំចេញឈើកៅស៊ូវិញ សម្រេចបានចំនួន ១១ ៤៤០ម៉ែត្រគូប។
សម្រាប់តម្លៃលក់ជ័រកៅស៊ូមធ្យម គិតត្រឹមខែកក្កដា ឆ្នាំ២០២៥ ថ្លៃ ១ ៨១២ដុល្លារ ក្នុងមួយតោន បានកើនឡើងចំនួន២៦៥ដុល្លារ ក្នុងមួយតោន ស្មើនឹង១៧% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។
ផ្ទៃដីកៅស៊ូសរុបមានចំនួន ៤២៥ ៤៤៣ហិកតា ក្នុងនោះផ្ទៃដីចៀរជ័រមានចំនួន ៣៣០ ២៥៩ហិកតា ស្មើនឹង៧៨% និងផ្ទៃដីថែទាំមានចំនួន ៩៥ ១៨៤ហិកតា ស្មើនឹង២២%។ ជ័រកៅស៊ូកម្ពុជា ក្រៅពីនាំចេញ ក៏ត្រូវបានផ្គត់ផ្គង់ដល់រោងចក្រផលិតសំបកកង់រថយន្ដចំនួន៣ ដែលកំពុងតែដំណើរការផងដែរ រួមមាន នៅខេត្តស្វាយរៀង ខេត្តព្រះសីហនុ និងខេត្តក្រចេះ។
គួររំលឹកផងដែរថា ក្នុងឆ្នាំ២០២៤កន្លងទៅ កម្ពុជារកចំណូលបាន ពីការលក់ផលិតផលកៅស៊ូជាង ៦៧១លានដុល្លារអាមេរិក កើនឡើងប្រមាណចំនួន៦.២លានដុល្លាអាមេរិក ស្មើនឹង១.២% ធៀបឆ្នាំ២០២២៕