ក្រុមហ៊ុនផលិតឡានពីររបស់ជប៉ុននឹងចូលខ្លួនមកបណ្តុះបណ្តាលជំនាញបច្ចេកទេស ដែលផ្តោតទៅលើការជួសជុលរថយន្តដល់ប្រជាជនខ្មែរ ដើម្បីឱ្យមានចំណេះជំនាញដែលអាចជួយជីវភាពរស់នៅនិងអាចបង្កើតការងារល្អមួយសម្រាប់ខ្លួនឯងនាពេលអនាគត។
កាលពីពេលថ្មីៗក្នុងកន្លងទៅ ក្រុមហ៊ុនធំៗចំនួន ២ របស់ជប៉ុនមាន លោក Yutaka Oka ប្រធានក្រុមប្រឹក្សាភិបាល Ehime Nissan Group និងលោក Ken Matsumura ថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រុមហ៊ុន Forval Corporation បានធ្វើការពិភាក្សាការងារជាមួយឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ចំពោះកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលជំនាញជួសជុលរថយន្តតាមបែបស្តង់ដាជប៉ុននៅកម្ពុជា។ ក្នុងនោះ ថ្នាក់ដឹកនាំក្រុមហ៊ុនជប៉ុនទាំងពីរ បានបញ្ជាក់ជូនឯកឧត្តមរដ្ឋមន្ត្រីអំពីជំនាញឯកទេសរបស់ក្រុមហ៊ុនលើការជួសជុលក្នុងនោះមាន៖ ថែទាំរថយន្ត តោន បាញ់ថ្នាំ និងសេវាកម្មមួយចំនួនទៀតដែលជាកម្រិតស្តង់ដារបស់ប្រទេសជប៉ុន។
ក្នុងជំនួបដែលធ្វើឡើងនៅទីស្តីការក្រសួង ឯកឧត្តមរដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះថ្នាក់ដឹកនាំជប៉ុនទាំង ២រូប ដែលបានមកសិក្សាពីគុណវុឌ្ឍ និងសក្តានុពលរបស់កម្ពុជាលើការបណ្តុះបណ្តាលជំនាញបច្ចេកទេសជាពិសេសផ្នែកគ្រឿងយន្តនេះ។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ទៅកាន់ភាគីជប៉ុនពីការត្រៀមខ្លួនរួចជាស្រេចរបស់ក្រសួងក្នុងដែនសមត្ថកិច្ចខ្លួនដើម្បីជួយជ្រោមជ្រែងកិច្ចសហប្រតិបត្តិការមួយនេះឱ្យបានជោគជ័យ៕