ជីប ម៉ុង គឺជាក្រុមហ៊ុនធំមួយរបស់កម្ពុជា ដែលរកស៊ីនៅក្នុងវិស័យជាច្រើនដូចជាអចលនទ្រព្យ សំណង់ ម្ហូបអាហារ ផ្សារ ធនាគារ និងសណ្ឋាគារជាដើម។ យ៉ាងណាទាក់ទងនឹងវិស័យសណ្ឋាគារ នៅមួយរយៈចុងក្រោយនេះក្រុមហ៊ុន ជីប ម៉ុង បាននាំចូលយីហោសណ្ឋាគារលំដាប់ថ្នាក់ពិភពលោកចំនួន ២ ចូលមកប្រទេសកម្ពុជាផងដែរ។
Hyatt Regency គឺជាសណ្ឋាគារល្បីល្បាញរបស់សហរដ្ឋអាមេរិក ត្រូវបានក្រុមហ៊ុន ជីប ម៉ុង នាំមកកម្ពុជា និងសម្ពោធដាក់ឲ្យប្រើប្រាស់នៅអំឡុងដើមខែមករា ឆ្នាំ២០២១ ដែលមានទីតាំងស្ថិតនៅចំចំណុចកណ្តាលមជ្ឈមណ្ឌលវប្បធម៌ និងប្រវត្តិសាស្ត្រ ក្នុងខណ្ឌដូនពេញ។ សណ្ឋាគារលំដាប់ផ្កាយ ៥ នេះមាន ២៥០ បន្ទប់ ភោជនីយដ្ឋានប្រណិត និងអាងហែលទឹកនៅលើដំបូលអគារ ស្កាយបារ៍ ដែលមើលឃើញទេសភាពដ៏ស្រស់ស្អាតជានៃទន្លេចតុមុខ និងទេសភាពជុំវិញព្រះបរមរាជវាំង។
តាមការបញ្ជាក់ក្រុមហ៊ុន ជីប ម៉ុង Hyatt Regency ត្រូវបានវិនិយោគដោយក្រុមហ៊ុន Royal Residential Hotels and Resorts Limited ដែលជាពាណិជ្ជកម្មរបស់ក្រុមហ៊ុន ជីប ម៉ុង ក្នុងទំហំទឹកប្រាក់ ១០០ លានដុល្លារ។ ការរចនា និងការគ្រប់គ្រងសណ្ឋាគារ ត្រូវធ្វើឡើងស្របតាមស្តង់ដាអន្តរជាតិ ដែលកំណត់ដោយក្រុមហ៊ុន ហាយ៉ាត់ ហូតែល (Hyatt Hotels Corporation) ដែលជាក្រុមហ៊ុនសណ្ឋាគារមានកេរ្តិ៍ឈ្មោះល្បីល្បាញពីសហរដ្ឋអាមេរិក។ សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ នឹងរួមចំណែកធ្វើឲ្យរាជធានីភ្នំពេញក្លាយជាទិសដៅទេសចរណ៍ក្នុងឱកាសវិស្សមកាល និងសម្រាប់កិច្ចប្រជុំធុរកិច្ច ដែលនឹងចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ចកម្ពុជា និងលើកមុខមាត់កម្ពុជាលើឆាកអន្តរជាតិ។
២. សណ្ឋាគារ Fairfield by Marriott
កាលពីព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ សណ្ឋាគារលំដាប់ផ្កាយបួន ហ្វ៊ែរហ្វៀល បាយ ម៉ារៀត (Fairfield by Marriott) បានបើកសម្ពោធជាផ្លូវការនៅអគារ ជីប ម៉ុង ថៅវើ។ សណ្ឋាលំដាប់ក្លាយ ៤ របស់សហរដ្ឋអាមេរិកនេះត្រូវបានក្រុមហ៊ុន ជីប ម៉ុង ចុះអហត្ថលេខានាំមកកម្ពុជាកាលពីឆ្នាំ២០១៧ ក្នុងទំហំទឹកប្រាក់ ៨០ លានដុល្លារ។
សណ្ឋាគារ Fairfield by Marriott នេះមានបន្ទប់គេងចំនួន ៣០០ បន្ទប់ អាងទឹកលើអាកាស សាលប្រជុំដ៏ប្រណីត ភោជនីយដ្ឋាន ស្កាយបារដ៏ទំនើប ដែលគ្របដណ្ដប់ ១៩ ជាន់ខាងលើនៃ អគារ ជីប ម៉ុង ថៅវើ មានកម្ពស់ ៤៥ ជាន់ ដែលជាអគារពាណិជ្ជកម្មចម្រុះស្ដង់ដារអន្តរជាតិ ស្ថិតនៅចំកណ្ដាលរាជធានី៕
អត្ថបទ៖ កឹម ប៊ុនធឿន