ការកើនឡើងកំហាប់ភាគល្អិតនិចល ឬឧស្ម័នពុល ដែលមានវិជ្ឈមាឌតូចជាង ឬស្មើ២.៥មីក្រូម៉ែត្រ (PM2.5) នៅក្នុងបរិយាកាស គឺជាគុណភាពខ្យល់ដែលមិនល្អដល់សុខភាព ជាពិសេសមានឥទ្ធិពលខ្លាំងលើកុមារ និងស្ត្រីមានផ្ទៃពោះ ពីព្រោះពួកគេមានភាពងាយរងគ្រោះជាងមនុស្សធម្មតា។
១/. កុមារ និងទារក៖ មនុស្សមួយក្រុមនេះកំពុងស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍ ដែលធ្វើឲ្យពួកគេងាយរងផលប៉ះពាល់ខ្ពស់ពីបរិស្ថាននានា រួមទាំងខ្យល់ពុល។ បញ្ហានេះកើតឡើងដោយសារសួតរបស់កុមារមិនទាន់បង្កើតប្រព័ន្ធការពារបានពេញលេញ, អត្រាដកដង្ហើមលឿនជាងមនុស្សធំដែលអាចស្រូបទឹកឧស្ម័នពុលបានច្រើន និងងាយរងគ្រោះចំពោះជំងឺកើតឡើងដោយបាក់តេរីដូចជា ការរលាកផ្លូវដង្ហើម, ការអភិវឌ្ឍន៍ខួរក្បាលយឺត និងប៉ះពាល់ប្រព័ន្ធបេះដូងជាដើម។
២/. ស្ត្រីមានផ្ទៃពោះ៖ ពួកគេមានហានិភ័យខ្ពស់ណាស់ ប្រសិនបើរស់នៅក្នុងបរិយាកាសដែលមានខ្យល់ពុល។ វាជ្រៀតចូលសរសៃឈាម អាចឲ្យទារកសម្រាលមុន ៣៧សប្តាហ៍, ទារកមានទម្ងន់ស្រាល, បង្កបញ្ហាបេះដូង និងប្រព័ន្ធឈាមទារក, ខ្សោយបញ្ញា និងប៉ះពាល់ប្រព័ន្ធប្រសាទធ្ងន់ធ្ងរថែមទៀតផង។
យ៉ាងណាមិញ ចំពោះវិធីការពារពីបញ្ហាសុខភាពដោយសារខ្យល់ពុល សូមបងប្អូនពិនិត្យ AQI មុនចេញក្រៅ (ប្រើកម្មវិធី AirVisual, AQICN), ពាក់ម៉ាស់ដែលប្រើ N95 ដើម្បីការពារភាគល្អិត PM2.5, ប្រើម៉ាស៊ីនបន្សុទ្ធខ្យល់ក្នុងផ្ទះ, បរិភោគអាហារសម្បូរវីតាមីន C និង E ដើម្បីបំបាត់អុកស៊ីតកម្ម និងផឹកទឹកឲ្យបានច្រើន ដើម្បីជួយចម្រោះសារធាតុពុលក្នុងខ្លួន៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម https://t.me/BusinessCambodiaBook