មួយរយៈចុងក្រោយនេះយើងសង្កេតឃើញថាBitcoin ដែលជាលុយគ្រីបតូមានប្រជាប្រិយភាពជាងគេបំផុតបានហក់ឡើងខ្ពស់គួរឲ្យកត់សម្គាល់ហើយបើគិតត្រឹមថ្ងៃនេះតម្លៃរបស់Bitcoin បានហក់ឡើងដល់៧២,២០៥ដុល្លារដែលជាតម្លៃខ្ពស់បំផុតក្នុងប្រវិត្តសាស្រ្ត។
បើទោះជាBitcoin មានការហក់ឡើងខ្ពស់យ៉ាងណាក៏ដោយក៏សេដ្ឋី Warren Buffett និងសេដ្ឋី Bill Gates មិនវិនិយោគលើលុយគ្រីបតូមួយនេះបើទោះជាពួកគាត់ជាអ្នកស្រលាញ់ការវិនិយោគក៏ដោយ។
បើតាមការចុះផ្សាយរបស់ CNBCនាពេលកន្លងមក សេដ្ឋី Warren Buffett បានលើកឡើងថាមូលដែលគាត់មិនវិនិយោគលើលុយគ្រីបតូដោយសារវាជាទ្រព្យដែលមិនអាចផលិតអ្វីបានទាល់តែសោះ។ គាត់លើកឡើងទៀតថាគាត់មិនវិនិយោគលើគ្រីបតូ ព្រោះវាមិនបង្ហាញពីគោលបំណងជាក់លាក់នោះទេ ជាពិសេសវាជាលុយដែលគ្មានរូបរាងពិតប្រាកដ។ លោកបានបន្តទៀតថាបច្ចុប្បន្នទោះបីជាសាធារណៈគេចាប់ផ្ដើមទទួលស្គាល់ខ្លះៗក៏គាត់មិនវិនិយោគលើវាដែរ។
សេដ្ឋីវ័យ៩៣ឆ្នាំរូបនេះបានបន្តទៀតថា១០ឆ្នាំខាងមុខទៀតថាតើBitcoin នឹងឡើងឬចុះនោះលោកមិនដឹងទេ ប៉ុន្ដែអ្វីដែលលោកដឹងច្បាស់នោះគឺលុយគ្រីបដូចជា Bitcoin នេះវាមិនអាចផលិតអ្វីបានទាល់តែសោះ។
លោកថា សូម្បីតែអ្នកដែលស្រលាញ់លុយគ្រីបតូក៏ត្រឹមតែគិតថាឃើញថាលុយគ្រីបតូគឺជាទ្រព្យអកម្ម( passive asset) ដែលក្រុមអ្នកវិនិយោគទិញទុក( buy and hold) ហើយរំពឹងថាតម្លៃវានឹងឡើងថ្លៃនាពេលអនាគតហើយលក់យកប្រាក់ចំណេញ ពោលគឹមិនមានហេតុផលអ្វីក្រៅពីនេះដែលធ្វើឲ្យអ្នកវិនិយោគនាំគ្នាទិញគ្រីបតូនោះទេ។
សេដ្ឋី Warren Buffett គឺជាអ្នកវិនិយោគជាមួយគុណតម្លៃពិតប្រាកដ។ ពេលគាត់វិនិយោគលើទ្រព្យអ្វីមួយលោកតែងតែវិនិយោគលើទ្រព្យណាដែលបម្រើជាផលប្រយោជន៍សម្រាប់មនុស្សជាតិ។ លោកបានលើកឧទាហរណ៍ថា បើលោកវិនិយោគទិញអចលនទ្រព្យដូចជា ផ្ទះល្វែងយើងអាចដាក់ជួលសម្រាប់ជាជម្រកដល់មនុស្សរស់នៅ។ បើយើងវិនិយោគលើដីចំការ វាអាចផ្ដល់កន្លែងដាំដំណាំបង្កើតជាម្ហូបអាហារសម្រាប់មនុស្សជាតិ តែសម្រាប់Bitcoin គឺអ្នកវិនិយោគគ្រាន់តែវិនិយោគទិញទុកប៉ុណ្ណោះមិនមានបម្រើផលប្រយោជន៍អ្វីសោះ
ចំណែកសេដ្ឋី Bill Gates ស្ថាបនិក្រុមហ៊ុន Microsoft មិនវិនិយោគលើលុយគ្រីបតូ( Cryptocurrency) ឬមិនមានកាន់គ្រីបតូក្នុងដៃសោះដោយសារសេដ្ឋីរូបនេះចូលចិត្តវិនិយោគលើរបស់ណាដែលមានតម្លៃពិតប្រាកដនិងមានសមិទ្ធផលពិតប្រាកដ។
នៅលើវេបសាយ reddit នៃកម្មវិធី” Ask me anything” លោក Bill Gates ធ្លាប់បានឆ្លើយតបទៅកាន់អ្នកអានថា” តម្លៃរបស់ក្រុមហ៊ុនគឺផ្អែកទៅសមិទ្ធផលដែលក្រុមហ៊ុនអាចផលិតបានូវផលិតផលដ៏អស្ចារ្យ ប៉ុន្ដែតម្លៃនៃលុយគ្រីបតូគឺត្រឹមតែមនុស្សមួយចំនួនសម្រេចចិត្តថា អ្នកដទៃពេញចិត្តនឹងទិញយកគ្រីបតូក្នុងតម្លៃណាមួយប៉ុណ្ណោះ ពោលគឺវាមិនមានតម្លៃស្នូលពិតប្រាកដដូចការវិនិយោគផ្សេងៗឡើយ៕