ដើម្បីសម្រួលដល់ការដឹកជញ្ជូនបានឆាប់រហ័ស និងទាញភ្ញៀវទេសចរ មកកាន់ប្រទេសកម្ពុជាកាន់តែច្រើន កន្លងមកនេះរាជរដ្ឋាភិបាលបានបើកឲ្យមានការសាងសង់ព្រលានយន្ដហោះនៅតាមបណ្ដាខេត្ដសំខាន់ៗមួយចំនួន។ ក្នុងនោះក៏មានការសាងសង់នៅខេត្ដសៀមរាប និងនៅខេត្ដកោះកុងផងដែរ ខណៈដែលថ្មីៗនេះលេចឮដំណឹងថា ព្រលានយន្ដនៅខេត្ដពីនេះគឺជិតនឹងបើកឲ្យដំណើរការហោះហើរផងដែរ។
១. ព្រលានយន្ដហោះអន្ដរជាតិខេត្ដសៀមរាប
យោងតាមការការលើកឡើងពីលោក Liu Minglin អគ្គនាយក និងជាអនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Yunnan Investment Group ដែលជាក្រុមហ៊ុនទទួលការសាងសង់បានលើកឡើងថ្មីៗនេះថា គិតមកដល់ពេលនេះ ការសាងសង់ព្រលានយន្ដហោះអន្ដរជាតិខេត្ដសៀមរាបសម្រេចបាន ៨៦ ភាគរយហើយ ហើយគ្រោងនឹងដាក់ឲ្យហោះសាកល្បងនៅខែមិថុនាខាងមុខ និងដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅខែតុល ឆ្នាំ២០២៣នេះផងដែរ។
សូមជម្រាបថា ព្រលានយន្ដហោះអន្ដរជាតិខេត្ដសៀមរាបនេះ មានទីតាំងស្ថិតនៅឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្ដសៀមរាប ត្រូវបានបើកការដ្ឋានសាងសង់កាលពីអំឡុងខែមីនា ឆ្នាំ២០២៣ លើផ្ទៃដី ៧០០ ហិកតា។
២. ព្រលានយន្ដហោះអន្ដរជាតិតារាសាគរ
តាមការបញ្ជាក់ពីលោកជំទាវ មិថុនា ពូថង អភិបាលនៃគណៈអភិបាលខេត្ដកោះកុងកាលពីពេលថ្មីៗនេះបានឲ្យដឹងថា ព្រលានយន្ដហោះអន្ដរជាតិតារាសាគរ បានសម្រេចការាសាង់សង់ ១០០ ភាគរយហើយ ខណៈខាងក្រុមហ៊ុនសាងសង់កំណត់ថានឹងបើកដំណើរការហោះហើរនៅពាក់កណ្ដាលឆ្នាំ២០២៣នេះផងដែរ។
សូមជម្រាបថា ព្រលានយន្ដហោះអន្ដរជាតិតារាសាគរនេះ មានទីតាំងស្ថិតនៅស្រុកបុទមសាគរ ខេត្ដកោះកុង ត្រូវបានវិនិយោគដោយក្រុមហ៊ុន Union Development Group ក្នុងទំហំទឹកប្រាក់ ២០០ លានដុល្លារ។ នៅពេលបើកដំណើរការព្រលានយន្ដហោះអន្ដរជាតិនេះនឹងមានសមត្ថភាពទទួលហោះខ្នាតធំដូចជា Boeing 777 និងAirbus A34០ ជាដើម៕
អត្ថបទ៖ កឹម ប៊ុនធឿន